ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ទៅបំពេញ​ទស្សនកិច្ច នៅវៀតណាម​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖​ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងភរិយា បានបំពេញទស្សនកិច្ច ៣ថ្ងៃ នៅប្រទេស​វៀតណាម​​។…

រាជធានីភ្នំពេញ​៖​ គណៈប្រតិភូជាន់ខ្ពស់សាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងភរិយា បានបំពេញទស្សនកិច្ច ៣ថ្ងៃ នៅប្រទេស​វៀតណាម​​។ កាលពីថ្ងៃទី៦ ខែកញ្ញា គណៈប្រតិភូ​ជាន់ខ្ពស់​សាលារាជធានីភ្នំពេញ រួមដំណើរ​ដោយ​លោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងប្រតិភូរួមដំណើរ បាន​ជួបសំដែងការគួរសមជាមួយលោក វឿង ឌីញ ហឺ (VUONG DINH HUE) ប្រធានរដ្ឋសភា​នៃសាធារណៈសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភា នាទីក្រុងហាណូយ ព្រមទាំងចូល​ជួប​សំដែងការគួរសម និងសំណេះសំណាលជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

 នាឱកាសនោះ លោក វឿង ឌិញហឺ ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអបអរសាទរចំពោះ​ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសាលារាជធានីភ្នំពេញ នៅទីក្រុងហាណូយ នាពេលនេះ ដែលបានសបញ្ជាក់ពីទំនាក់ទំនងកាន់តែជិតស្និទ្ធ​រវាងវៀតណាម និងកម្ពុជា ពិសេសរវាង​រាជធានីភ្នំពេញ និងរដ្ឋធានីហាណូយដែលជាទីក្រុងសម្ពន្ធ័មេត្រីភាព តាមរយៈការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាវិស័យ៖ សុខាភិបាល វិស័យអប់រំ វិស័យពាណិជ្ជកម្ម វប្បធម៌ សុខាភិបាល ជាដើម។

លោកប្រធានរដ្ឋសភាវៀតណាម បានកោតសរសើរដល់ការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ដែលបានប្រែក្លាយប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងបានធ្វើឱ្យ​កម្ពុជា មានឈ្មោះបោះសំ​ឡេង និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។

ចំណែក​នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងថា ដំណើរទស្សនកិច្ច​របស់គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ​មក​កាន់​ទីក្រុង​ហាណូយ និងទីក្រុងហូជីមីញ នៅពេលនេះ ពិតជាមានអត្ថន័យ​យ៉ាងសំខាន់ ក្នុងការរួមចំណែកពង្រឹង និង​ពង្រីក​ទំនាក់​ទំនង «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំ​យូរអង្វែង» រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីហាណូយ និងរាជធានីភ្នំពេញ ក៏ដូចជារវាងទីក្រុងហូជីមិញ និងរាជធានីភ្នំពេញ ស្របគ្នានឹងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃថ្ងៃបង្កើត​ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ(២៤/០៦/១៩៧៧-២៤/០៦/២០២២)។

លោក​បានបន្ថែមថា ប្រទេសទាំងពីរ កម្ពុជា-វៀតណាម បានរៀបចំសកម្មភាពដ៏មានអត្ថន័យ​ជាច្រើន ដើម្បីចូលរួមអបអរសាទរ «ឆ្នាំមិត្តកម្ពុជា-វៀតណាម ឆ្នាំ២០២២» ជាពិសេស​ខួបលើកទី៤៥ នៃ «ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត» របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីនាំសុខសន្តិភាពទាំងស្រុង​ជូនដល់កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ក៏បានលើកសរសើរ និងអបអរសាទរចំពោះជ័យជំនះដ៏ត្រចះត្រចង់របស់​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា​កន្លងទៅថ្មីៗនេះ ដោយលោក​សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនេះ នឹងអនុញ្ញាតឱ្យកម្ពុជា សម្រេចបានបន្ថែមទៀតនូវការកសាងសន្តិភាព ឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនាសម្រាប់កម្ពុជា​។

លោក ឃួង ស្រេង បានជម្រាបជូនប្រធានរដ្ឋសភា និង​នាយករដ្ឋមន្ត្រីវៀតណាម ក្នុងជំនួបដាច់ដោយឡែកពីគ្នា​ អំពីសភាពការណ៍ទូទៅ​នៅកម្ពុជា និងនៅរាជធានីភ្នំពេញ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ ជាមួយនឹងការគ្រប់គ្រងបានល្អប្រសើរនូវការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ​តាមអភិក្រម «ផ្ការីក» និងការស្រោច​វ៉ាក់សាំង ដោយចាប់ផ្តើមចេញដំណើរពីរាជធានីភ្នំពេញ ព្រមទាំងបន្តចាក់ជូនប្រជាពលរដ្ឋនូវដូសជំរុញទី៣ ទី៤ និងទី៥ បន្តទៀត។

លោក​ ឃួង ស្រេង ក៏បានថ្លែងអំណរគុណ ចំពោះការជួយគាំទ្ររបស់លោក​នាយករដ្ឋមន្ត្រី​វៀតណាម ដែលបានសន្យាថា នឹងបន្តគាំទ្រ និងបង្កលក្ខណៈល្អប្រសើរ ក្នុងការជំរុញ​កិច្ចសហប្រតិបត្តិការល្អនៅកម្រិតថ្នាក់ក្រោមជាតិរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដោយឈរលើស្មារតីស្មោះត្រង់នឹងគ្នា ទុកចិត្តគ្នា និងទំនួលខុសត្រូវ តាមរយៈការផ្តល់​អាទិភាពខ្ពស់ក្នុងការរក្សា និងជំរុញភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថេររឹងមាំយូរអង្វែង រវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងការងារពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ​ជាអាទិភាពមួយចំនួន ដោយផ្តោតសំខាន់លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ អប់រំ និងសុខាភិបាល។

លោក​នាយករដ្ឋមន្ត្រីវៀតណាម និងលោក​ ឃួង ស្រេង ក៏បានលើកឡើងផងដែរ ពីគោលបំណងបង្កើនទស្សនកិច្ចយុវជនក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ លើការងារអភិវឌ្ឍទីក្រុង សម្រាប់អ្នកបន្តវេននៃទំនាក់ទំនងរវាងទីក្រុងទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ