ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​“​ព្រះព្រហ្ម​”​ក្នុង​ព្រហ្មញ្ញសាសនា

2 ឆ្នាំ មុន

“​ព្រះព្រហ្ម​”​ គឺជា​អ​ទិ​ទេព​មួយ​អង្គ នៅ​ក្នុង​ចំណោម​អ​ទិ​ទេព​សំខាន់​ៗ ក្នុង​ព្រហ្មញ្ញសាសនា បើសិនជា​សម្លឹង​ទៅ​លើ​លិ​ទ្ធិ​ត្រី​មូ​ល៌​តិ​វិញ ព្រះព្រហ្ម ជា​អ​ទិ​ទេព​កំពូល ក្នុង​ចំណោម​អ​ទិ​ទេព​ទាំង​៣​អង្គ មាន ព្រះ​សី​វៈ…

“​ព្រះព្រហ្ម​”​ គឺជា​អ​ទិ​ទេព​មួយ​អង្គ នៅ​ក្នុង​ចំណោម​អ​ទិ​ទេព​សំខាន់​ៗ ក្នុង​ព្រហ្មញ្ញសាសនា បើសិនជា​សម្លឹង​ទៅ​លើ​លិ​ទ្ធិ​ត្រី​មូ​ល៌​តិ​វិញ ព្រះព្រហ្ម ជា​អ​ទិ​ទេព​កំពូល ក្នុង​ចំណោម​អ​ទិ​ទេព​ទាំង​៣​អង្គ មាន ព្រះ​សី​វៈ ព្រះ​វិស្ណុ និង​ព្រះព្រហ្ម ។

តាម​ការ​សិក្សា​នៅ​ក្នុង គម្ពីរ​វិស្ណុ បុរាណ​បាន​បង្ហាញ​ដឹង​ថា ព្រះព្រហ្ម​ជា​អ​ទិ​ទេព​មួយ​អង្គ ដែល​បាន​កើតឡើង​ពី​ផ្កាឈូក​មួយ​ទង ដែល​បាន​ដុះ​ចេញពី​ទងផ្ចិត​របស់​ព្រះ​វិស្ណុ នៅ​ខណៈ​ពេល​ដែល ព្រះ​វិស្ណុ ទ្រង់​ផ្ទុំ​លើ​មហាសមុទ្ទ​អ​ន្ថ​កាល ។ ផ្កាឈូក​១,០០០​ស្រទាប់ ដែល​ដុះ​ចេញ​មក​នោះ រីក​កាលណា​មាន​អ​ទិ​ទេព​មួយ​អង្គ បាន​ផុស​ចេញ​នៅ​ចំ​កណ្តាល គឺ​អង្គ​ព្រះព្រហ្ម ។

ព្រះព្រហ្ម មាន​ព្រះ​នាម​២ គឺ​៖ ព្រះព្រហ្ម​ហិ​រ្យ​គភ៌ ឬ​ព្រះ​បទុម​ណា​ហ្វា ។ ព្រះព្រហ្ម មាន​តួនាទី​បង្កើត​លោក និង​រក្សា​ព្រហ្មចារ្យ​លោក ហើយ​ព្រះព្រហ្ម​មាន​សម្បុរ​ពណ៌​ផ្កាឈូក ទ្រង់​អម្ពរ​ពណ៌​ស គង់​លើ​ផ្កាឈូក​១,០០០​ស្រទាប់ លក្ខណៈ​សម្គាល់​ព្រះព្រហ្ម​បាន គឺ​៖ មាន​ព្រះ​ភ័ក្ត្រ​៤ ព្រះ​ហ​ស្ថ​៤ ដោយ​មាន​កាន់​កេ​តណ​ភ័​ណ្ឌ​៤​យ៉ាង មាន​ដូច​ជា ផ្កាឈូក ថូ​ទឹក ខ្សែ​ផ្គាំ និង​គម្ពីរ​វេទ ។ ព្រះ​ភ័ក្ត្រ​ទាំង​៤ របស់​ព្រះព្រហ្ម​តំណាង​ឲ្យ ៖
• ព្រះ​ភ័ក្ត្រ​ខាងកើត តំណាង​ឱ្យ​កំណើត​សត្វលោក
• ព្រះ​ភ័ក្ត្រ​ខាងលិច តំណាង​ឱ្យ​ការ​វិល​ស្លាប់​របស់​សត្វលោក
• ព្រះ​ភ័ក្ត្រ​ខាងជើង តំណាង​ឱ្យ ដូង​ព្រលឹង​កំពូល
• ព្រះ​ភ័ក្ត្រ​ខាងត្បូង តំណាង​ឱ្យ​ភាព​បរិសុទ្ធ ។

តាម​ការ​កំណើត​របស់​ព្រះព្រហ្ម ដែល​កើត​ពី​ផ្កាឈូក មាន​ព្រះ​ភ័ក្ត្រ​ចំនួន​៥ តែ​ព្រះ​ភ័ក្ត្រ​ទី​៥ ត្រូវ​បាន​ព្រះ​សី​វៈ កាត់​បំផ្លាញ​ចោល​នៅ​ពេល​ដែល​ប្រព្រឹត្ត​កំហុស ។

ព្រះព្រហ្ម មាន​មហា​សី​១​អង្គ មាន​ព្រះ​នាម​ថា “​សរស្វតី​” ដែល​មានកំណើត​ផុស​ចេញពី​ទឹកស្រះ ព្រហ្មលោក សួគ៌​ជាន់​ទី​១៦ ជា​ទេព​ធិ​តា តំណាង​ដូ​រ្យ​តន្ត្រី និង​សិរី​សួស្តី ។

ព្រះព្រហ្ម​មាន​បុត្រា ២​អង្គ និង​បុត្រី​១​អង្គ គឺ​៖
ទី​១. ព្រះព្រហ្ម​ទស​ក្ស ជា​ព្រហ្ម​មាន​ពន្លឺ​១០​ពណ៌ និង​មាន​ព្រះ​ឱស្ឋ​ទិព្វ គង់នៅ​ឋានព្រហ្ម​លោក​ជាន់​ទី​១៥ ។
ទី​២. ព្រះព្រហ្ម​ភ៌​គុ​(​ភរ​គុ​) ជា​អ​ទិ​ទេព​តំណាង​ឱ្យអំណាច​របស់​ឋានសួគ៌​ទាំងអស់ គង់នៅ​ឋានព្រហ្ម​លោក​ជាន់​ទី​១៤ ។
ទី​៣. ព្រះព្រហ្ម ភេទ​ស្រី ព្រះ​នាម ទេពធីតា​សំ​ធ្យា ឬ​សន្ធិយា គង់នៅ​ឋានព្រហ្ម​លោក​ជាន់​ទី​១៣ ។

ចំពោះ​យាន​ជំនះ​របស់​ព្រះព្រហ្ម គឺ​៖ ផ្កាឈូក​១,០០០​ស្រទាប់ និង​សត្វ​ហង្ស ។ នៅ​ពេល ព្រះព្រហ្ម ប្រថាប់​នៅ​លើ​ហង្ស ក្នុង​ទម្រ​ង​លក្ខណៈ​ចេញ​ច្បាំង​តែ​ប៉ុណ្ណោះ ។

នៅ​លក្ខណៈ​ខ្មែរ ក៏​ដូច​ជា​លក្ខណៈ​របស់​ឥណ្ឌា​ដែរ គឺ​មិន​និយម​កសាង​ប្រាសាទ​ឧទ្ទិស​ថ្វាយ ព្រះព្រហ្ម ទេ ដោយសារ​ព្រះព្រហ្ម មាន​កំហុស​ធំ ២​យ៉ាង​គឺ ៖

១. នៅ​ក្នុង​រឿង​សសរ​ភ្លើង​ឥ​ស្វរៈ មានរឿង​ដំណាល​ថា នៅ​ក្នុង​វេលា​មួយ ព្រះ​វិស្ណុ និង​ព្រះព្រហ្ម បាន​ជជែក​គ្នា អំពី​រឿង​អ្នក​បង្កើត​លោក ដោយ​អ​ទិ​ទេព ទាំង​២ សុទ្ធតែ​អះអាង​ថា ជា​អ្នក​បង្កើត​លោក​រៀង​ៗ​ខ្លួន នៅ​ខណៈ​ពេល​នោះ ក៏​មាន​សសរ​ភ្លើង​មួយ​ដើម បាន​ផុស​ចំ​កណ្តា​អ​ទិ​ទេព​ទាំង​ពីរ ។ ភ្លាម​នោះ មាន​សម្លេង​មួយ បាន​បន្លឺ​ឡើង​ចេញពី​សសរ​ភ្លើង​នោះ​ថា បើ​នរណា​អាច​រក​កំពូល និង​បាត​សសរ​ភ្លើង​ឃើញ អ្នក​នោះ​ទើប​ជា​អ្នក​បង្កើត​លោក​ពិតប្រាកដ ។ ខណៈ​ពេល​នោះ​ដែល ព្រះ​វិស្ណុ បាន​និមិត្ត​អង្គកាយ​ក្លាយជា​ជ្រូកព្រៃ ដើម្បី​ឈ្មុល​រក​បាត​សសរ​ភ្លើង រីឯ​ព្រះព្រហ្ម វិញ​បាន​និ​មិ្ម​ត្ត​អង្គកាយ​ក្លាយជា​សត្វ​ហង្ស ហោះ​ទៅ​រក​កំពូល​សសរ​ភ្លើង ។ អ​ទិ​ទេព​ទាំង ២​អង្គ ទោះបី​ខំ​ជ្រែក​ដី ពុះ​មេឃ​យ៉ាងណា ក៏​មិន​អាច​រក​បាត និង​កំពូល​សសរ​ភ្លើង បាន​សោះ ។ ព្រះ​វិស្ណុ ដោយ​រក​សសរ​ភ្លើង​មិនឃើញ ក៏​ព្រម​ចុះចាញ់ ត្រឡប់​មក​កន្លែង​ដើម​វិញ ។ ចំណែកឯ ព្រះព្រហ្ម ដោយ​ខ្លាច​ចាញ់​ព្រះ​វិស្ណុ ក៏​បាន​ប្រាស់ចាក​ភាព​បរិសុទ្ធ​របស់​ខ្លួន ដោយ​យក​ផ្កា​កិ​កី ដែល​ជា​ប្រភេទ​ផ្កា ដែល​របស់​ពួក​ខ្មោច​ព្រាយ​បិសាច ហើយ​ត្រឡប់​មក​កន្លែង​ដើម​វិញ ហើយ​មា​នប​ន្ទួ​ល ទៅ​កាន់​អង្គ ព្រះ​វិស្ណុ ថា ព្រះ​អង្គ​បាន​រក​ឃើញ​សសរ​ភ្លើង ហើយដោយ​មាន​ផ្កា​កិ​កី ជា​ភស្តុ​តាង ។ ខណៈ​នៅ​ពេល​ដែល ព្រះ​វិស្ណុ ទ្រង់​មិន​ជឿ ដោយ​ព្រះ​អង្គ​ស្គាល់​ផ្កា​នោះ​ច្បាស់ ស្រាប់តែ​សសរ​ភ្លើង​បាន​បន្លឺ​សម្លេង​ថា គឺ​ខ្ញុំ​ទេ​ជា​អ្នក​បង្កើត​លោក មិនយូរ​ប៉ុន្នា​ន សសរ​ភ្លើង ក៏​បាន​ប្រែ​ព្រះ​កាយ​ជា​ទៅ​ជា ព្រះ​សី​វៈ មួយ​រំពេច ហើយ​បាន​បន្ថែម​ទៀត​ថា ព្រះព្រហ្ម ទ្រង់​បាន​កុហក​ព្រោះ​ហេតុ​គ្រប់យ៉ាង ព្រះ​សី​វៈ​បានឃើញ​គ្រប់សព្វ ព្រោះ​ព្រះ​អង្គ គឺជា​សសរ​ភ្លើង​ឥ​ស្វរៈ ដែល​ជា​អ្នក​បង្កើត​លោក ទើប​គ្មាន​នរណា​អាច​រក​បាត និង​កំពូល​សសរ​ភ្លើង​ឃើញ ។ បន្ទាប់​ពី​បាន​ប្រែ​ព្រះ​កាយ​ជា​ទៅ​ជា​ព្រះ​សី​វៈ ហើយ​ព្រះ​អង្គ បាន​បែង​ព្រះ​កាយ ផ្នែក​ខាងឆ្វេង ទៅ​ឲ្យ ព្រះ​វិស្ណុ ព្រោះ​ព្រះ​វិស្ណុ ជា​អ​ទិ​ទេព បាន​និយាយ​ពាក្យ​ត្រឹមត្រូវ និង​ផ្នែក​ខាងស្តាំ ទៅ​ឲ្យ​ព្រះព្រហ្ម ព្រោះ​ព្រះព្រហ្ម ជា​អ​ទិ​ទេព​មិន​និយាយ​ពាក្យ​ត្រឹមត្រូវ ។

២. នៅ​ក្នុង​រឿង​ដើម​កំណើត​ព្រះ​កាម​ទេព កាល​ដែរ​ព្រះ​កាម​ទេព បាន​ប្រ​សូត្រ ពី​ព្រះ​ម៉ែ​លក្ស្មី ជា​មហេសី​របស់​ព្រះ​វិស្ណុ ព្រះ​អង្គ​មាន​កាន់​ធ្នូ និង​សរ​កាម​ទេព​ជាប់​ពិ​កំណើត ។ ពេល​នោះ កាម​ទេព​ជា​អ​ទិ​ទេព ដែល​នៅ​មិន​ទាន់​ស្គាល់​អស់​ពពួក​អ​ទិ​ទេព​នៅឡើយ​ទេ ដោយ​សម្អាង លើ​ម​ហិរិ​ទ្ធិ នៃ​សរ​កាម​ទេព​របស់​ខ្លួន មិន​ត្រឹមតែ​ប៉ុណ្ណោះ កាម​ទេព​បាន​យឺត​ធ្នូ តម្រង់​ទៅ​គ្រប់​ទិស​ទី ។ ខណៈ​ពេល​យឺត​ធ្នូ​នោះ អ​ទិ​ទេព​គ្រប់​ទិស​ទី​មានការ​ភិតភ័យ​រន្ធត់​យ៉ាង​ខ្លាំង លើកដៃ​សំពះ​ព្រម​ចុះចាញ់​អំណាច​សរ កាម​ទេព​គ្រប់​ៗ​អង្គ ។ ឃើញ​ហេតុការណ៍​បែប​នោះ កាម​ទេព​សប្បាយ​ត្រេកអរ​ខ្លាំង​ណាស់ លើក​ធ្នូ​តម្រង់​ទៅ​លើ​ស្រាប់តែ​ប្រទះ​ឃើញ អ​ទិ​ទេព​មួយ​អង្គ កំពុង​អង្គុយ​ធ្វើ​តបៈ​យោគៈ មិន​ព្រម​សំពះ​ចុះចាញ់​អំណាច​របស់​ខ្លួន ខឹង​ណាស់ ក៏​លើ​ធ្នូ តម្រង់​បាញ់​ទៅ​អ​ទិ​ទេព​អង្គ​នោះ​ភ្លាម ដោយ​មិន​ស្គាល់​ថា ជ ព្រះព្រហ្ម ។

ថ្លែង​អំពី​ព្រះព្រហ្ម ព្រះ​អង្គ​អង្គុយ​ធ្វើ​តបៈ​យោគៈ នៅ​ព្រហ្មលោក​ជាន់​ទី​១៦ មិនដឹង​ហេតុការណ៍​អ្វី​ទាំងអស់ ។ បន្តិច​ក្រោយមក សរ​កាម​ទេព​បាន​ហោះ​ដោត​ចំ​កណ្ដាលដើមទ្រូង ព្រះព្រហ្ម​ភ្លាម ។ ពេល​នោះ ព្រះព្រហ្ម ភ្ញាក់​អស់​ព្រះ​កាយ ដោយ​អំណាច នៃ​សរ​កាម​ទេព ដែល​ជាសរ នៃ​សេចក្ដី​ស្នេហា កាមគុណ ។ ត្រូវ​សរ​ភ្លាម ព្រះព្រហ្ម ក្រលេច​រក​មហេសី ព្រះ​ម៉ែ​សរស្វតី តែ​រក​ពុំ​ឃើញ ដោយ​ព្រះ​ម៉ែ​សរស្វតី កំពុង​ធ្វើ​តបៈ​យោគៈ​នៅ​ចំ​កណ្ដាល​ស្រះ​ទឹក នៃ​ព្រហ្មលោក ។ បន្ទាប់​ពី​រក​មហេសី ពុំ​ឃើញ​បែប​នេះ ព្រះព្រហ្ម បាន​ចុះ​មក​ព្រហ្មលោក​ជាន់​ទី​១៥ និង​១៤ ជា​បន្តបន្ទាប់ តែ​ព្រហ្មលោក​ទាំង​ពីរ​ជាន់​នេះ គ្មាន​ស្រី​សោះ ក៏​បន្តដំណើរ ចុះ​មក​ព្រហ្មលោក​ជាន់​ទី​១៣ បន្ត​ទៀត ។

លុះ​មក​ដល់​ព្រហ្មលោក​ជាន់​ទី​១៣ ភ្លាម​ព្រះ​នាង​សំ​ធ្យា ឃើញ​បិតា​យាងចុះ​មក​ត្រេកអរ​ណាស់ រត់​មក​ទទួល​បិតា​ភ្លាម ។ ហើយ​ស្រាប់តែ​ត្រូវ ព្រះព្រហ្ម ចាប់​ហែក​សំលៀក​បំពាក់ បម្រុង​នឹង​រំលោភ ឯ​ពពួក​ទេវតា​ទាំងឡាយ ពុំ​ហ៊ាន​ចូល​មក​ជួយ​ឡើយ ។ ដោយ​ភាព​ខ្មាស់​អៀន ទេពធីតា​សំ​ធ្យា បាន​ស្រែក​ឲ្យ​ព្រះ​ម៉ែ​ឱ​ម៉ា ជួយ​ផង ។ ព្រះ​នាង​ឱ​ម៉ា បានឮ ការ​ស្រែក​សុំ​ជំនួយ ក៏​ទូល​រឿង​នេះ ទៅ​ព្រះ​សី​វៈ ឲ្យ​ចុះ​មក​ធ្វើ​អន្តរ​គម​ន៍ ដើម្បី​ជួយ​សង្គ្រោះ​ទេពធីតា​សំ​ធ្យា ។

ពេល​មក​ដល់ ព្រះ​សី​វៈ បាន​ច្រាន ព្រះព្រហ្ម ចេញ​ហើយ​បាន​លើក​ព្រះ​ខ័ន​កាត់​ព្រះ​ភ​ក្ត្រ័ ទី​៥ របស់​ព្រះព្រហ្ម ដាច់​បាត់​នៅ​ពេល​នោះ​ទៅ ។ ក្រោយ​ពី​ត្រូវ​ព្រះ​សី​វៈ កាត់​ព្រះ​ភ​ក្ត្រ័​ហើយ ព្រះព្រហ្ម បាន​ស្វាង​ពី​រិ​ទ្ធិ​របស់​សរ​កាម​ទេព​ភ្លាម ។ ព្រះ​សី​វៈ ក្រលេក​ឃើញ​សរ​កាម​ទេព ផុស​ចេញពី​ដើមទ្រូង​របស់​ព្រះព្រហ្ម ទើប​ព្រះ​អង្គ ភ្ញាក់​ព្រះ​កាយ​ភ្លាម ព្រោះ​ព្រះព្រហ្ម គ្មាន​កំហុស​នោះ​ទេ ហេតុ​គឺ​បណ្ដាល​មក​ពី​សរ​កាម​ទេព ជាដើម​ហេតុ​រឿង ។ ដោយសារ​ការ​ខឹង​ច្រលោត​ភ្លេច ពិចារណា​របស់​ព្រះ​សី​វៈ បាន​កាត់​ព្រះ​ភ​ក្ត្រ័ ព្រះព្រហ្ម ដែល​ធ្វើ​ឲ្យ​ព្រះ​សី​វៈ ជាប់​កម្ម​ពៀ នឹង​ព្រះព្រហ្ម ។

រីឯ ព្រះ​វិស្ណុ​វិញ ឃើញ​ព្រះ​កាម​ទេព ប្រព្រឹត្តិ​កំហុស​យ៉ាងធ្ងន់ធ្ងរ មិន​អាច​អត់​ទោស​បាន ព្រះ​អង្គ បាន​រៀប​ផ្សំផ្គុំ​អភិសេក​ជាមួយនឹង​ទេពធីតា​សំ​ធ្យា ដើម្បី​ទទួលកំហុស ។ ចំណែក ទេពធីតា​សំ​ធ្យា ខ្មាស់​អស់​អ​ទិ​ទេព​ទាំងឡាយ ក៏​ទូល​សុំ ព្រះ​សី​វៈ ឲ្យ​នាង​មាន​រូប​តែ​ពេល​យប់ ហើយ​បាត់​រូប​នៅ​ពេល​ថ្ងៃ ព្រម​នឹង​បាន​ប្ដូរ​ឈ្មោះ​ជា សន្ធិយា​វិញ ។ តាម​ការ​ប្រព្រឹត្តិ​កំហុស ព្រះ​កាម​ទេព ត្រូវ​មាន​ជាប់​កម្ម​ពៀ​វេរា​ជាមួយ ព្រះ​សី​វៈ ដែល​បណ្ដាល​ឲ្យ​ព្រះ​សី​វៈ កាត់​ព្រះ​ភ​ក្ត្រ័ ព្រះព្រហ្ម ទាំង​ដែរ​គ្មាន​កំហុស ហើយ​ត្រូវ​បាន ព្រះ​សី​វៈ ដុត​បំផ្លាញ់​នៅ​ពេល​អនាគត ៕
ដកស្រង់​ពី​ប្រភព​សំណង់​ប្រាសាទបុរាណ និង​អរិយធម៌​ខ្មែរ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ