ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​នៅ​ខេត្តកោះកុង​នឹង​ចាប់ផ្តើម​ឆាប់​ៗ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកោះកុង នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​បង្ហាប់ដី​ដើម្បី​សាងសង់​ព្រ​លាន​យន្តហោះ​នេះ ។

រាជធានី​ភ្នំពេញ ៖ ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយ​នៅ​ខេត្តកោះកុង នឹង​ចាប់ផ្តើម​សាងសង់​នា​ពេល​ឆាប់​ៗ​ខាង​មុខ ខណៈ​បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​បង្ហាប់ដី​ដើម្បី​សាងសង់​ព្រ​លាន​យន្តហោះ​នេះ ។

បុគ្គលិក​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន បាន និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ នា​ព្រឹក​ថ្ងៃ​ទី​២ កុម្ភៈ​ថា បច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​បង្ហាប់ដី​ដើម្បី​ឈាន​ទៅ​សាងសង់​ព្រ​លាន​ថ្មី​នេះ។ ការ​សាងសង់​នឹង​ចាប់ផ្តើម​នៅ​ពេលឆាប់​ៗ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ពី​ព្រ​លាន​នេះ លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយសារ​វា​ជា​ការ​សម្ងាត់​របស់​ក្រុមហ៊ុន ។ លោក​បន្ត​ថា ៖ « ក្រុមហ៊ុន​មិន​ចង់​បង្ហាញ​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ព្រោះ​ក្រុមហ៊ុន​ចង់​ធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល នៅ​ពេល​ព្រ​លាន​នេះ​បញ្ចប់​ការ​សាងសង់​នា​ពេល​ខាង​មុខ​» ។

ទោះជា​យ៉ាងណា លោក កែវ ស៊ី​វន អគ្គនាយក​បច្ចេកទេស​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល ថ្លែង​ថា ៖ « ក្រុមហ៊ុន​ពិតជា​កំពុង​បង្ហាប់ដី​ពិតមែន ប៉ុន្តែ​ដំណើរការ​សាងសង់​មិន​ទាន់​ចាប់ផ្តើម​ទេ ព្រោះ​គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នៅឡើយ ។ សម្រាប់​នីតិវិធី និង​រយៈពេល​ដើម្បី​អនុម័ត​គម្រោង​នេះ​នៅ​ពេល​ណា និង​ចំណាយពេល​យូរ​ប៉ុណ្ណា វា​អាស្រ័យ​លើ​យន្តការ​ត្រួតពិនិត្យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា » ។

ទោះជា​យ៉ាងណា តាម​ព័ត៌មាន​របស់ ក្រុមហ៊ុន​កន្លង​មក​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​នូវ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ថ្មី ដែល​វិនិយោគ​ដោយ Tainjin Union Development Group ជា​ក្រុមហ៊ុន​បាន​និង​កំពុង​វិនិយោគ​លើ​រមណីយដ្ឋាន​ទេសចរណ៍​លំដាប់​អន្តរជាតិ​នៅ​ខេត្តកោះកុង ។

តំណាង​ក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែ​ល​ឡា ហ្សា​ង​ធ្លាប់​មាន​ប្រសាសន៍​ថា ការ​ធ្វើ​ផែនការ​សាងសង់​ព្រ​លាន​យន្តហោះ​លំដាប់​អន្តរជាតិ​នេះ​បាន​បញ្ចប់​ហើយ និង​កំពុង​ត្រៀម​រៀបចំ​ផែនការ​ដើម្បី​សាងសង់ ។ ព្រ​លាន​យន្តហោះ​នេះ​អាច​ទទួល​អ្នកដំណើរ​បាន​១០​លាន​នាក់​ក្នុង​១​ឆ្នាំ និង​អាច​ចុះ​ចត​យន្តហោះ​ខ្នាត​ធំ Boeing  380 ហើយ​ក្រុមហ៊ុន​បាន​សិក្សា​ពី​ភូមិសាស្ត្រ និង​កំណត់​ទីតាំង​សម្រាប់​ព្រ​លាន​យន្តហោះ​នេះ​រួច​ហើយ ។

ក្រុមហ៊ុន Tainjin Union Development Group បាន​ទទួល​ដី​សម្បទាន​វិនិយោគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ទំហំ​៤៥​ពាន់​ហិ​កតា ដែល​គ្របដណ្តប់​លើ​ទឹកដី​ស្រុក​បុ​ទុម​សាគរ និង​ស្រុក​គិរី​សាគរ ខេត្តកោះកុង និង​គ្រោង​បោះទុន​វិនិយោគ​ជាង​៣.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

តាម​ព័ត៌មាន​របស់​ក្រុមហ៊ុន​នេះ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្រុមហ៊ុន​បាន​និង​កំពុង​ដំណើរការ​គម្រោង​រមណីយដ្ឋាន​លំដាប់​ប្រណីត​នៅ​ខេត្តកោះកុង​រួច​ហើយ រួម​មាន សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ភោជនីយដ្ឋាន និង​ទីលាន​វាយ​កូន​ហ្គោ​ល​លំដាប់​អន្តរជាតិ​ជាដើម ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា កម្ពុជា​ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់​បែប​យ៉ាង ឲ្យ​តែ​មានការ​វិនិយោគ គឺ​វិនិយោគ​នៅ​ទីណា​ក៏​សំខាន់ ប៉ុន្តែ​កម្ពុជា​ដូច​ជា​មិន​ត្រូវការ​ព្រ​លាន​យន្តហោះ​ធំ​នៅ​តំបន់​នេះ​ទេ ហើយ​អ្វី​សំខាន់​គឺថា គម្រោង​នេះ​មាន​ភាព​ពិតប្រាកដ​កម្រិត​ណា លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ ៕