ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ដាក់​ចេញ​យុទ្ធសាស្ត្រ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឱ្យ​កាន់តែ​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​រំពឹង​ថា​នឹង​ទាក់ទាញ​បាន​នូវ​អ្នក​វិនិយោគ​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត បន្ទាប់​ពី​ការ​រៀបចំ​វេទិកា​វិនិយោគ​កម្ពុជា​-​ជប៉ុន​ស្តី​ពី
«​ស្ថានភាព​សេដ្ឋកិច្ច និង​គោ​នយោបាយ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​រំពឹង​ថា​នឹង​ទាក់ទាញ​បាន​នូវ​អ្នក​វិនិយោគ​ជប៉ុន មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​បន្ថែម​ទៀត បន្ទាប់​ពី​ការ​រៀបចំ​វេទិកា​វិនិយោគ​កម្ពុជា​-​ជប៉ុន​ស្តី​ពី
«​ស្ថានភាព​សេដ្ឋកិច្ច និង​គោ​នយោបាយ​វិនិយោគ​កម្ពុជា » នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ម្សិលមិញ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ពី​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅ​កាន់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​៥ ដល់​១១ កុម្ភៈ ខាង​មុខ​នេះ ដើម្បី​ចូលរួម​វេទិកា​វិនិយោគ​កម្ពុជា​-​ជប៉ុន​ស្តី​ពី «​ស្ថានភាព​សេដ្ឋកិច្ច និង​គោលនយោបាយ​វិនិយោគ​កម្ពុជា »​ដែល​រៀបចំ​ឡើង​ដោយ​សមាគម​ជប៉ុន​-​កម្ពុជា នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ខាង​មុខ កម្ពុជា​មានការ​ជឿជាក់​ថា នឹង​ទទួល​បាន​អ្នក​វិនិយោគិន​ជប៉ុន​មក​បណ្ដាក់ទុន​រកស៊ី​កាន់តែ​ច្រើន​បន្ថែម​ទៀត ។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​វេទិការ​ដ៏​មាន​សារសំខាន់​នេះ លោក​ទេស​រដ្ឋមន្ត្រី នឹង​ថ្លែង​រំលេច​អំពី​វឌ្ឍនភាព​បច្ចុប្បន្នភាព​នៅ​កម្ពុជា និង​ការ​ជំរុញ​កំណើន​វិនិយោគិន​ជប៉ុន​ចូល​ទៅ​កម្ពុជា​ឲ្យ​បាន​ច្រើន តាម​រយៈ​ទិស​ដៅ គោលនយោបាយ​សេដ្ឋកិច្ច​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល រួម​មាន ការ​បន្ត​ខិតខំ​ថែរក្សា​ស្ថិរភាព និង​កំណើន​ម៉ាក្រូសេដ្ឋកិច្ច ។ ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​វិស័យ​កម្មន្តសាល ដើម្បី​ផ្លាស់​ប្តូរ​ខ្លួន​ឱ្យទៅ​ភ្ជាប់​ជាមួយ «​រោងចក្រ​សកល​របស់​អាស៊ី​»​ដែល​ជា « យុទ្ធសាស្ត្រ​កំណើន​ថ្មី​» តាម​រយៈ​ការ​ពង្រីក​មូលដ្ឋាន​ផលិតកម្ម ពាណិជ្ជកម្ម និង​កា​រត​ភ្ជាប់​ក្នុង​ផ្នែក​រូប​វន្ត និង​ស្ថាប័ន​នៅ​ក្នុង​ទីផ្សារ​តំបន់​ប្រកបដោយ​សក្តានុពល និង​ថាមវន្ត ។

ការ​បន្ត​អភិវឌ្ឍន៍​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ទាំង​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ការ​បន្ត​សម្របសម្រួល និង​ផ្តល់​ការ​លើកទឹកចិត្ត​ដោយ​មាន​ភាព​ប្រកួតប្រជែង​បំផុត​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ចូល​ទៅ​ប្រទេស​កម្ពុជា​។ ការ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ចំពោះ​ការ​ពង្រីក និង​ពង្រឹង​ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការ​បន្ត​ពង្រីក​យន្តការ​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន សំដៅ​លើកកម្ពស់​ប្រសិទ្ធភាព​នូវ​ការ​ដោះស្រាយ​បញ្ហា និង​កង្វល់​ទាំងឡាយ​របស់​វិស័យ​ឯកជន នៅ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ក៏​នឹង​លើក​បង្ហាញ​ក្នុង​វេទិកា​ដ៏​មាន​សារសំខាន់​នោះ​ផង​ដែរ ។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្នុងអំឡុងពេល​ស្នាក់​នៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កុម្ភៈ ខាង​មុខ លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រួម​ជាមួយ​គណៈប្រតិភូ គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម​ភាគី​ជប៉ុន​នានា​ក្នុង​នោះ​រួម​មាន ក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន ក្រសួងការបរទេស​ជប៉ុន ធនាគារ​កណ្តាល​​ជប៉ុន និង​ទី​ភា្ន​ក់​ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) ។ ឆ្លៀតឱកាស​នោះ​ដែរ គណៈប្រតិភូ​គ្រោង​ទៅ​ទស្សនកិច្ច ស្វែង​យល់​ទៅ​កាន់​សហព័ន្ធ​កា​រ៉ា​តេ​ដូ​ជប៉ុន សមាគម​កម្ពុជា​-​ជប៉ុន មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ចរាចរ​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​សម្រាប់​ក្រុង​ធំ​ៗ មជ្ឈមណ្ឌល​គណនេយ្យ​ជប៉ុន ទស្សនកិច្ច​ទៅ​កាន់​វិទ្យាស្ថាន​ជាតិ​វិទ្យា​សាស្ត្រ ឧស្សាហកម្ម និង​បច្ចេកវិទ្យា​ស៊ីជម្រៅ ទីភ្នាក់ងារ​រុករក​អវកាស​ជប៉ុន និង​អង្គការ​ជាតិ​ស្រាវជ្រាវ​អំពី​កសិកម្ម ផង​ដែរ ។

យោង​តាម​ទិន្នន័យ​របស់​ធនាគារ​អេ​ស៊ី​លី​ដា បាន​បង្ហាញ​ថា គិត​ត្រឹម​ដំណាច់ឆ្នាំ​មុន​មាន​សាជីវកម្ម សហគ្រាស និង​ក្រុមហ៊ុន​ជប៉ុន​ជាង​៩៧០​កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​វិស័យ​​ជា​ច្រើន​រួម​មាន វិស័យ​អចលនទ្រព្យ សេវាកម្ម បដិសណ្ឋារកិច្ច ភោជនីយដ្ឋាន ផ្សារ​ទំនើប​ជាដើម ៕