ខេត្តព្រះសីហនុ៖ កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីវាលរេញទៅស្ពានត្រពាំងរពៅ ត្រឹមព្រំប្រទល់ខេត្តព្រះសីហនុនិងខេត្តកំពត ប្រវែងជា២០គីឡូម៉ែត្រ កំពុងរងការខូចខាតយ៉ាងខ្លាំង បង្កឱ្យពិបាកដល់ការធ្វើចរាចរណ៍ ។ បើតាមមន្ត្រីជំនាញប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ សីហា ថា នឹងមានការជួសជុលឡើងវិញបន្តទៀត ហើយការខកខានមិនបានជួលជុលមួយរយៈនេះ ដោយសារតែជារដូវភ្លៀងពិបាកក្នុងការជួសជុល ។

មន្ត្រីដដែលបញ្ជាក់ថា ការជួសជុលនឹងធ្វើតាមជាជំហាន ក្នុងនោះ រួមមានការជួសជុលត្រាសេជាបណ្តោះអាសន្នដើម្បីសម្រួលក្នុងការធ្វើចរាចរណ៏ និងការជួសជុលផ្លូវការនៅពេលបន្ទាប់តាមគម្រោងដែលក្រសួងសាធារណៈការនិងដឹកជញ្ជូនបានកំណត់។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ពីវាលរេញទៅស្ពានត្រពាំងរពៅនេះ មានសកម្មភាពជួសជុលរហូតមកដែរ តែការជួសជុលនោះហាក់មិនសូវមានគុណភាពឡើយ ព្រោះតំបន់នោះច្រើនតែមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ ជាក់ស្តែង ក្នុងអំឡុងដើមឆ្នាំ២០២២នេះមាន ការជួសជុលចុងក្រោយ មានត្រាសេ ក្រាលថ្មមិជ បន្ថែមការស្រោចកៅស៊ូខ្លះ ផងដែរ តែមិនបានប៉ុន្មានផងក៏ខូចខ្ទេច អាចនិយាយបានថា ជួសជុលមុខខូចក្រោយ ព្រោះភ្លៀងធ្លាក់បន្ត។

ទោះយ៉ាងណា ការជួសជុលនោះបានចប់ចុងចប់ដើម ពីត្រពាំរពៅមកទល់វាលរេញ ហើយក៍ផ្អាកការជួសជុល ហើយផ្លូវក៍ចាប់ផ្តើមខូចខ្លាំងទៅៗ មកទល់បច្ចុប្បន្ននេះ ។


ចែករំលែកព័តមាននេះ