ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចំណាយ​ថវិកាជាតិ​ឆ្នាំ​2017 កើន​ដល់​ជាង​15​ភាគរយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថវិកា​ឆ្នាំ​២០១៧ ជា​ថវិកា​មួយ​ដែល​បាន​មក​ពី​ការ​ប្រឹងប្រែង ហើយ​ធានា​បាន​នូវ​ប្រក្រតី​កម្ម​នៃ​ជីវភាព និង​ស្ថិរភាព​ហិរញ្ញវត្ថុ ដែល​ហៅ​ថា​ជា «​ថវិកា​វិត្ថារ​កម្ម​ដោយ​ប្រយ័ត្នប្រយែង​» ព្រោះថា

រាជធានី​ភ្នំពេញ ៖ ថវិកា​ឆ្នាំ​២០១៧ ជា​ថវិកា​មួយ​ដែល​បាន​មក​ពី​ការ​ប្រឹងប្រែង ហើយ​ធានា​បាន​នូវ​ប្រក្រតី​កម្ម​នៃ​ជីវភាព និង​ស្ថិរភាព​ហិរញ្ញវត្ថុ ដែល​ហៅ​ថា​ជា «​ថវិកា​វិត្ថារ​កម្ម​ដោយ​ប្រយ័ត្នប្រយែង​» ព្រោះថា ចំណូល​និង​ចំណាយ​ថវិកាជាតិ​មាន​ទំហំ​ស្មើគ្នា ប៉ុន្ដែ​កើនឡើង​ធំ ដោយ​ក្នុង​ឆ្នាំ​២០១៧ ការ​ចំណាយ​ថវិកាជាតិ​បាន​កើន​ដល់​១៥,៧% ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វេទិកាសាធារណៈ​ស្ដី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ថវិកា​ឆ្នាំ​២០១៧» កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា នៅ​ឯ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា ការ​ចំណាយ​ថវិកា​ឆ្នាំ​២០១៧ មាន​កំណើន​ដល់​១៥,៧% ដែល​ការ​ចំណាយ​ទាំងនោះ​ភាគច្រើន គឺ​ផ្ដោត​ទៅ​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ ប្រាក់​សោធន​និវត្តន៍ និង​ប្រាក់​លើកទឹកចិត្ត​ជាដើម ។

លោក​ថ្លែង​ថា ៖ « កម្ពុជា ជា​ប្រទេស​មួយ​ដែល​កំពុង​ឆ្លងកាត់​ដំណើរការ​ផ្លាស់​ប្ដូរ​មានគុណ​ភាព​ពី​កម្រិត​មួយ​ទៅ​កម្រិត​មួយ​ថ្មី គឺ​ការ​ផ្លាស់​ប្ដូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម វិទ្យា​សាស្ត្រ និង​របៀប​រស់នៅ ទាំង​អស់នេះ​ជា​កត្ដា​មួយ​ដែល​យើង​ត្រូវ​គិតគូរ​ថា តើ​ថវិកា​ឆ្នាំ​២០១៧ ត្រូវ​គិត​បែប​ណា ដោយ​យក​កត្តា​នីមួយ​ៗ​មក​រួម​បញ្ចូល​គ្នា​ដើម្បី​រៀបចំ​ថវិកា​ជាតិ » ។

លោក​ថ្លែង​បន្ត​ថា ៖ « ថវិកា​ឆ្នាំ​២០១៧ ជា​ថវិកា​ដែល​គិត​ពី​មនុស្ស ព្រោះ​អ្វី​ៗ​គឺ​ចាប់ផ្ដើម​ពី​មនុស្ស​ទាំងអស់ ។ ដូច្នេះ ថវិកា​ឆ្នាំ​២០១៧​នេះ គឺ​ចាប់ផ្ដើម​គិតគូរ​ពី​ប្រាក់បៀវត្ស​មន្ត្រី​រាជការ កងទ័ព​ឲ្យ​ដល់​គោលដៅ​១​លាន​រៀល​ក្នុង​១​ខែ​»​។

យោង​តាម​គោលនយោបាយ​បៀវត្ស​ថ្នាក់​ជាតិ​ឆ្នាំ​២០១៧ គ្រោង​នឹង​ដំឡើង​បៀវត្ស​សរុប​អប្បរ​មា​ដល់​មន្ត្រីរាជការ​ស៊ី​វិល នឹង​ឡើង​ដល់​ជាង​៨៥​ម៉ឺន​រៀល​, គ្រូបង្រៀន និង​គ្រូ​ពេទ្យ នឹង​ឡើង​ដល់​ជាង​៩៥​ម៉ឺន​រៀល​, នគរបាល​ជាតិ ថ្នាក់​ពលបាលត្រី នឹង​ឡើង​ដល់​ជាង​៩៣​ម៉ឺន​រៀល​, យោធិន​(​ពលទោ​) នឹង​ឡើង​ដល់​ជាង​៨៨​ម៉ឺន​រៀល ។ ចំណែក​ក្រុម​ប្រឹក្សា​រាជធានី​-​ខេត្ត នឹង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រធាន​ជាង​១​លាន​រៀល សមាជិក​ពី​៨៧​ដល់​៩៧​ម៉ឺន​រៀល ចាប់ពី​ខែមករា​នេះ​តទៅ ។ ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ នឹង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រធាន​ពី​៨១​ដល់​ជាង​៩៣​ម៉ឺន​រៀល​, សមាជិក​ពី​៦៥​ដល់​៧៥​ម៉ឺន​រៀល ចាប់ពី​ខែមករា​នេះ​តទៅ ។ ក្រុមប្រឹក្សា​ឃុំ សង្កាត់ នឹង​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ប្រធាន ពី​៧៥​ទៅ​៨៨​ម៉ឺន​រៀល ជំទប់​ទី​១ ទី​២ ចៅសង្កាត់​រង​ទី​១ និង​ទី​២ ពី​៥៥​ដល់​៦៥​ម៉ឺន​រៀល និង​សមាជិក ពី​៤៥​ដល់​៥៧​ម៉ឺន​រៀល​ចាប់ពី​ខែមករា​នេះ​តទៅ​។ ដោយឡែក​មេ​ភូមិ នឹង​ដំឡើង​​ប្រាក់​ឧបត្ថម្ភ​ប្រធាន​ពី​២០​ដល់​ជាង​២២​ម៉ឺន​រៀល ជំនួយការ​ភូមិ​ពី​១៦​ដល់​១៨​ម៉ឺន​រៀល និង​សមាជិក ពី​១៤​ដល់​១៦​ម៉ឺន​រៀល​ចាប់ពី​ខែមករា​នេះ តទៅ ។

ក្រៅពី​ប្រាក់ខែ ក៏​មាន​ប្រាក់​ឧបត្ថម្ភ​ផ្សេង​ៗ​ទៀត​ទាំង​គ្រួសារ ទាំង​ប្រាក់​រង្វាន់ ដើម្បី​ឲ្យ​មន្ត្រី​ដែល​កាន់​ការងារ​អនុវត្ត​ការងារ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ខ្ពស់ កាន់តែ​មាន​មធ្យោ​បាយ ជីវភាព​គ្រាន់បើ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ។

លោក​វ​ង្សី វិស្សុត ថ្លែង​ថា ៖ « យើង​ចាក់​សាំង​ដើម្បី​ឲ្យ​អ្នក​ធ្វើ​មាន​កម្លាំង មាន​ផលិតភាព មានគុណ​ភាព​ជាង​មុន​ក្នុង​ការ​ផ្ដល់​សេវា » ។

ជាមួយ​គ្នា​នេះ ការ​គិតគូរ​ប្រាក់​សោធន​ក៏​មាន​សម្រាប់​មន្ត្រីរាជការ ជន​ពិការ និង​ដំឡើង​ផង​ដែរ ហើយ​ទៅ​ថ្ងៃ​អនាគត ក្នុង​ក្របខ័ណ្ឌ​គិតគូរ​ពី​មនុស្ស​នេះ យើង​កំពុង​តែ​រៀបចំ​ក្របខ័ណ្ឌ​គោលនយោបាយ​គាំពារ​សង្គម ។

ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ក៏​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​គិតគូរ​ពី​មនុស្ស​ផង​ដែរ ដោយ​មាន​ក្រសួង​២ បាន​ស្រូប​ចំណាយ​ថវិកាជាតិ​រហូត​ដល់​៤,៥%​នៃ​កំណើន GDP មាន​ចំនួន​២៣,៧% ដែល​ជា​ចំណាយ​មួយ​ធំ ។

តាម​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក ហាវ រតនៈ អគ្គនាយក​នៃ​អគ្គនាយក​ថវិកា បាន​លើ​ឡើង​ថា ក្រសួង​ដែល​នឹង​ចំណាយ​ខ្ពស់​ជាងគេ​ក្នុង​ឆ្នាំ​២០១៧​នេះ​រួម​មាន ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ចំណាយ​ថវិកាជាតិ​ប្រមាណ​១២,៩៥%​នៃ​ការ​ចំណាយ​ថវិការដ្ឋ​សរុប ស្មើនឹង​៣,០៨%​នៃ​ផ​.​ស​.​ស​។ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​ចំណាយ​១១,៤០% នៃ​ការ​ចំណាយ​ថវិការដ្ឋ​សរុប ស្មើនឹង​២,៧១​នៃ​ផ​.​ស​.​ស ។ ក្រសួងការពារជាតិ ចំនួន​៨,៧៨%​នៃ​ការ​ចំណាយ​ថវិការដ្ឋ​សរុប ស្មើនឹង​២,០៩%​នៃ​ផ.ស.ស និង​ក្រសួងសុខាភិបាល ចំនួន​៨,០៣% ស្មើនឹង​១,៩១%​នៃ​ផ​.​ស​.​ស ៕