ចុះជួយច្រូតស្រូវពលរដ្ឋដែលកំពុងលិចលង់ដោយសារទឹកភ្លៀង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល០៣ថ្ងៃជាប់ៗគ្នានោះ ក៏បណ្តាលឱ្យស្រូវដែលកំពុងទទួលផលរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ខ្លះនៃក្រុងសិរីសោភ័ណបានរងនូវការលិចលង់ ។

ដើម្បីដណ្តើមផលស្រូវពីទឹកជំនន់នេះ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២២ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានការចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ ចៅសង្កាត់ បានចុះជួយច្រូតកាត់ស្រូវរបស់ប្រជាពលរដ្ឋដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង នៅសង្កាត់ភ្នៀត និងសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ដែលនៅសេសសល់ ត្រូវជំនន់ទឹកភ្លៀងជន់លិច ក្រោយពីភ្លៀងធ្លាក់ប៉ុន្មានថ្ងៃជាប់គ្នា ខណៈដែលពលរដ្ឋកំពុងប្រមូលផល បានមួយចំនួន ដោយមួយចំនួនមិនទាន់ប្រមូលផលនោះ។

ពលរដ្ឋដែលជាម្ចាស់ស្រែ ឈ្មោះប៉ា សារុំ ភេទប្រុស អាយុ ៤៥ឆ្នាំ មានស្រែចំនួន០១ហិតា ស្ថិតនៅភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម អភិបាលខេត្ត ដែលបានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងអស់ ចុះជួយប្រមូលផលស្រូវគាត់ ។ ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត តែងតែដឹកនាំកងកម្លាំងចុះជួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនខ្លាចនឿយហត់ មិនថាទីណាកន្លែងណា ដែលប្រជាពលរដ្ឋជួបការលំបាកដោយគ្រោះធម្មជាតិ ដូចជាខ្សល់កន្ត្រាក់ ទឹកជំនន់លិចផ្ទះឬផលដំណាំ ពិសេសគឺស្រូវ ។

នាឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ដឹកនាំគ្រប់កងឯកភាព មានមេបញ្ជាការសិករងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថខេត្ត និងអធិការនគរបាលស្រុក ក្រុង ទាំង០៩ វរសេនាតូចការពារព្រំដែនគោកទាំង០៤ ដែលជានិច្ចកាលមានស្មារតីចូលរួមជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន គ្រប់ពេលវេលា ក្រៅពីកិច្ចស្នូលអង្គភាពរបស់ខ្លួន ក្នុងការបំរើសេវាសន្តិសុខជាតិ ជូនប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា៖ ក្នុងនាមគណៈបញ្ជាការកងឯកភាព បានត្រៀម រៀបចំកងកម្លាំង សម្ភារៈ និងមធ្យោបាយ ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ នៅតាមបណ្ដាក្រុង-ស្រុក ទូទាំងខេត្តនេះរួចហើយដែរ ៕








ចែករំលែកព័តមាននេះ