ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ដឹកឈើ​ចេញ​ទៅ​វៀតណាម ដឹក​ជ្រូក​ចូល​មក​ខ្មែរ​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​កំពុង​ដឹកឈើ​តាម​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ ចេញ​ទៅ​ប្រទេស​វៀតណាម សង្ស័យ​ថា មាន​បង្កប់​ឈើប្រណិត​នៅ​ខាងក្រោម ហើយ​ក៏​មាន​ដឹក​អេ​ត​ចាយ​ទៀត​ផង

ខេត្តស្វាយរៀង ៖ ក្រុម​ឈ្មួញ​កំពុង​ដឹកឈើ​តាម​រថយន្ត​យី​ឌុ​ប​ភ្លៅ​ប្រាំ ចេញ​ទៅ​ប្រទេស​វៀតណាម សង្ស័យ​ថា មាន​បង្កប់​ឈើប្រណិត​នៅ​ខាងក្រោម ហើយ​ក៏​មាន​ដឹក​អេ​ត​ចាយ​ទៀត​ផង និង​ឈ្មួញ​ផ្សេង​ទៀត​បាន​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​ស្រុក​ខ្មែរ​វិញ​ដែរ តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង ជាប់​សាលាក្រុង​បា​វិត ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត នៅ​វេលា​ម៉ោង​៣ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៧ មក​រា ២០១៧​នេះ ដោយ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​នគរបាល វរៈ​ការពា​ព្រំដែន និង​ទាហាន​វរៈ​ការ​ព្រំដែន​ដែល​ឈ​ជើង​នៅ​ច្រករបៀង​នេះ និង​មាន​អ្នក​យក​ភាស៊ី​ខេត្ត ដោយ​ប្រឆាំង​ប្រសាសន៍​របស់​សម្តេច​ក្រឡាហោម ស ខេ​ង​។

រថយន្ត​ដែល​ដឹកឈើ​នេះ​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-0809 ផ្ទុក​កំណាត់ឈើ​ពេញ​ទ្រុង បម្រុង​ដឹក​ចូល​ទៅ​ប្រទេស​វៀតណាម​។ ទាក់ទិន​ករណី​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​នេះ​ដែរ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ម្ចាស់​រថយន្ត​នោះ​បាន​ទេ ក៏​ប៉ុន្តែ​មាន​បុរស​ម្នាក់​ប្រាប់​ថា គាត់​ជា​អ្នកបើកបរ​ស៊ីឈ្នួល​គេ​ទេ ហើយ​ម្ចាស់​ឈើ​ប្រាប់​ថា ជា​ឈើ​ដើម​អាកា​ស្យា ក៏​ប៉ុន្តែ​មើលឃើញ​ពណ៌​ក្រហម​។ រីឯ​ប្រជាពលរដ្ឋ​វិញ​មានការ​ងឿងឆ្ងល់​មន្ត្រី​នគរបាល​សេដ្ឋកិច្ច ដែល​ឈ​ជើង​នៅ​ច្រករបៀង​ផ្លូវ​តា​ណេ​ង បាន​ធ្វើការ​ឆែកឆេរ​រថយន្ត​ដឹក​អេ​ត​ចាយ​ចំនួន​៤​គ្រឿង ក៏​ប៉ុន្តែ​រថយន្ត​ដឹកឈើ​បែរជា​មិន​ឆែកឆេរ​ធ្វើការ​ត្រួតពិនិត្យ​ទៅ​វិញ​។​

ហើយ​ចំពោះ​មន្ត្រី​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្វាយ​រៀង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​ទូរ​សព្ទ័​ចូល​បី​ដង​គ្មាន​អ្នក​លើក​។ ចំណែក​រថយន្ត​ដឹក​ជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1411​ដឹក​ជ្រូក​ចំនួន​២១០​ក្បាល គឺ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។ បើ​តាម​អ្នកបើកបរ​រថយន្ត​ដឹក​ជ្រូក​នោះ​បាន​ឲ្យ​ដឹង​ថា ជ្រូក​នេះ​គឺជា​ជ្រូក​របស់​លោក​ឧកញ៉ា ជឹ​ម សុខ មានច្បាប់​នាំ​ចូល​ក្នុង​មួយ​ថ្ងៃ​២១០​ក្បាល មិន​ដែល​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ហៅ​ពិនិត្យ​ឡើយ​។

ទាក់ទិន​ករណី​ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​ផ្លូវ​តា​ណេ​ង​នេះ​ដែរ លោក ប៉ែន ច​ន្ធី ប្រធាន​កា​រិ​យា​ល​យ័​បសុព្យាបាល និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ដឹង​ថា ជ្រូក​ដែល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​នេះ​គឺ ជា​របស់​ក្រុមហ៊ុន សុខ សា​រិ​ទ្ធ​មាន​ជ័យ មាន​អាជ្ញាប័ណ្ណ ចេញ​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ចុះហត្ថលេខា​នា​ថ្ងៃ​ទី​១៥ មក​រា ២០១៧​គឺ ក្នុង​មួយ​ថ្ងៃ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ចំនួន​២១០​ក្បាល​។

ហើយ​ការ​នាំ​ចូល​មាន​២​ច្រករបៀង​គឺ ច្រករបៀង​ផ្លូវ​តា​ណេ​ង​ក្រុង​បា​វិត និង​ច្រករបៀង​ក្រសាំង​ជ្រំ ស្រុក​ស្វាយ​ជ្រំ តាម​តម្រូវការ​ផ្គត់ផ្គង់​ផ្សារ​រាជធានី​ភ្នំពេញ​។ ហើយ​ការ​នាំ​ចូល​តាម​ច្រករបៀង​ផ្សេង​ៗ​ទៀត នៃ​ឈ្មួញកណ្តាល​ជា​លក្ខណៈ​គ្រួសារ គឺ​មាន​ច្រើន​ក៏​ប៉ុន្តែ​មន្ត្រី ពេទ្យសត្វ​មិន​អាច​ទប់ស្កាត់​បាន​ដោយ​មន្ត្រី​ពេទ្យសត្វ​មាន​បុគ្គលិក​តែ​ម្នាក់​ក្នុង​មួយ​ស្រុក​/​ក្រុង ហើយ​ខ្សែបន្ទាត់​ព្រំដែន​វែង​ច្រករបៀង​ច្រើន​ពិបាក​ក្នុង​ការ​គ្រប់គ្រង និង​ទប់ស្កាត់​បទល្មើស​ខ្លាំង​ណាស់​។

ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​រអ៊ូរ​រទាំ​ថា ពួក​គាត់​អស់​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​ជ្រូក ដោយសារ​តែ​សមត្ថកិច្ច​បណ្តោយ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​ច្រើន ដូច្នេះ​ជ្រូក​ចិញ្ចឹម​ក្នុងស្រុក​មិន​អាច​ប្រកួតប្រជែង​តម្លៃ​ទីផ្សារ​ជាមួយ​ជ្រូក​វៀតណាម​ឡើយ​៕