ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះជា​ប្រឈម​នឹង​ហានិភ័យ ប៉ុន្តែ​សុខភាព​ធនាគារ​កម្ពុជា​នៅ​តែ​ល្អ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទោះជា​ប្រឈម​ហានិភ័យ​ទាក់ទង​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ទំហំ​ឥណទាន​បន្ត​កើនឡើង​ក្តី ប៉ុន្តែ​សុខភាព​ជា​រួម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅឡើយ ។

រាជធានី​ភ្នំពេញ ៖ ទោះជា​ប្រឈម​ហានិភ័យ​ទាក់ទង​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់ និង​ទំហំ​ឥណទាន​បន្ត​កើនឡើង​ក្តី ប៉ុន្តែ​សុខភាព​ជា​រួម​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​នៅឡើយ ។

យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ឡើង​វិញ​ឆ្នាំ​២០១៦ របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ទំហំ​ប្រាក់​បញ្ញើ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​កើនឡើង​ដល់​១៥,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​កាលពី​ឆ្នាំ​មុន ខណៈ​ទ្រព្យសកម្ម​របស់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​១៧,៤% ដែល​មាន​ទឹកប្រាក់​រហូត​ដល់​២៧,៨​ពាន់​លាន​ដុល្លារ។

របាយការណ៍​ដដែល​បន្ថែម​ថា អត្រា​កម្ចី​មិន​ដំណើរការ​នៅ​តែ​មាន​ចំនួន​៣,៥%​សម្រាប់​ធនាគារ និង​១%​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។ ជាមួយ​គ្នា​នេះ​ដែរ កំណើន​ឥណ​ទាន​​ដ៏​រហ័ស ស្រប​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់​លើ​កម្ចី​របស់ MFI នៅ​តែ​ជា​បញ្ហា ទោះបីជា​កំណើន​ឥណទាន​បាន​ធ្លាក់​ចុះ​ពី​៣១% មក​នៅ​ត្រឹម​២៣% កាលពី​ឆ្នាំ​២០១៦ ក៏​ដោយ ។
« កម្ពុជា​បាន​រក្សា​អត្រា​រំពឹង​ទុក​លើ​អត្រាកំណើន GDP ជាមួយនឹង​ការ​ប្រព្រឹត្ត​យ៉ាង​ល្អ​របស់​វិស័យ​កាត់ដេរ ទេសចរណ៍ សំណង់ និង​អចលនទ្រព្យ ហើយ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​បន្ត​ហូរ​ចូល​មក​កម្ពុជា ដែល​កើន​ដល់​១០,៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP)»​។ នេះ​បើ​តាម​របាយការណ៍​បញ្ជាក់​ឲ្យ​ដឹង ។

ទោះជា​យ៉ាងណា របាយការណ៍​នោះ NBC បាន​ព្រមាន​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​តែ​ប្រឈម​ដោយសារ​ការ​ធ្លាក់​ចុះ​នូវ​ហានិភ័យ​ខាងក្រៅ ជា​ពិសេស ទាក់ទង​នឹង​គោល​នយោ​បាយ​រូបិយ​វត្ថុ​អា​មេ​រិ​ក និង​ការ​ធ្លាក់​ចុះ​ពាណិជ្ជកម្ម​ពិភពលោក ។ ទោះជា​យ៉ាងនេះ​ក្តី ការ​ធ្វើ​សមាហរណកម្ម​របស់​ប្រទេស​នេះ​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) និង​ពាណិជ្ជកម្ម ទទួល​បាន​អត្ថប្រយោជន៍​ពី​គំនិត​ផ្ដួចផ្ដើម​យុទ្ធសាស្ដ្រ​ខ្សែក្រវាត់ សេដ្ឋកិច្ច​ផ្លូវ​សូត្រ​សមុទ្រ​របស់​ប្រទេស​ចិន ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ការ​បន្ត​កំណើន GDP រួម​នឹង​ការ​លើកលែង​ពន្ធ​ដែល​មាន​ស្រាប់​សម្រាប់​ការ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក ។

របាយការណ៍​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​ប្រទេស​កម្ពុជា​ជា​សេដ្ឋកិច្ច​តូច និង​បើកចំហ​បាន​ធ្វើ​សមាហរណកម្ម​ខ្លាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ស្ទុះ​ងើបឡើង​វិញ​របស់​សេដ្ឋកិច្ច​ពិភពលោក និង​ភាពរឹងមាំ​របស់​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ ។

លោក អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ធនាគារ​ធំ​ជាងគេ​នៅ​កម្ពុជា បាន​ថ្លែង​ថា ធនាគារ​នៅ​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន និង​បន្ត​ដើរតួ​នាទី​យ៉ាង​​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ព្រោះ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ទាមទារ​ឲ្យ​មានការ​គាំទ្រ​ពី​វិស័យ​ធនាគារ​ដើម្បី​បង្កើត​អាជីវកម្ម ក៏​ដូច​ជា​ការងារ​ដល់​ប្រជា​ពលរដ្ឋ ។

លោក​បន្ត​ថា ៖ « ការ​ព្យាករ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ធំ​ៗ​ដូច​ជា ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​មាន​កំណើន​រឹង​មាំ ។ ហេតុនេះ វិស័យ​ធនាគារ​នឹង​បន្ត​ដើរតួ​នាទី​គាំទ្រ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស » ។

លោក ឆា​រស៍ វ៉ា​ន់ ប្រធាន​ស្តីទី​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ថ្លែង​ថា សុខភាព​ជា​រួម​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា នៅ​តែ​មាន​ភាពល្អ​ប្រសើរ បើ​ទោះជា​ធនាគារ​កើន​ច្រើន​ក្តី ប៉ុន្តែ​ការ​ប្រកួតប្រជែង​ក្នុង​វិស័យ​នេះ ស្ថិត​ក្នុង​ក្របខ័ណ្ឌ​អាច​ទទួលយក​បាន ។ អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​ធនាគារ​បាន​បន្ត​ធ្លាក់​ចុះ បើ​ទោះជា​ការ​ធ្លាក់​ចុះ​ក្នុង​ល្បឿន​យឺត​ៗ​ក៏​ដោយ ។

លោក​បន្ត​ថា ទោះជា​យ៉ាងណា វត្តមាន​ធនាគារ​ថ្មី​ៗ​មក​ពី​បរទេស​មិន​មាន​សញ្ញា​កើនឡើង​នោះ​ទេ ដោយសារ​ទីផ្សារ​នេះ​មាន​ចំនួន​ធនាគារ​ច្រើន​រួច​ទៅ​ហើយ ៕