ខេត្តព្រះសីហនុ ៖ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្ដីថ្លែងការណ៍បំភ្លឺ ជុំវិញការចាប់ខ្លួនអតីតកីឡាករ ជិន រ៉ា ដែលពាក់ព័ន្ធករណីការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារ ជីងកាង នៅក្បែរឆ្នេរអូត្រេះ ក្នុងក្រុងព្រះសីហនុ ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ បានអោយដឹងថា ថ្មីៗនេះ តាមរយៈបណ្តាញសង្គម បានបង្ហោះផ្សព្វផ្សាយថា (មានការអាណិតជាពន់ពេកចំពោះអតីតកីឡាករ ជិន រ៉ា ដែលពេលនេះកំពុងតែជាប់នៅក្នុងមន្ទីរឃុំឃាំង ដោយពុំមានកំហុសឡើយ) ហើយនៅលើ Page YouTube ផ្លូវការរបស់កញ្ញា ពេជ្រ ចរណៃ ក៏បានបង្ហោះផងដែរថា (ការចាប់ខ្លួនកីឡាករ ជិនរ៉ា កញ្ញា ពេជ្រ ចរណៃ បានបង្ហោះរឿងអយុត្តិធម៌នឹងស្នើដល់ សម្តេចតេជោឲ្យជួយ) ។
ដើម្បីជៀសវាងការភ័ន្តច្រលំទៅលើចំណាត់ការពាក់ព័ន្ធនឹងករណីខាងលើនេះ អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ មានកិត្តិយសសូមបំភ្លឺ និងជម្រាបជូនសាធារណជន និងគ្រប់បណ្ដាញសារព័ត៌មានដូចខាងក្រោម ៖
ទី១- ឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅក្នុងហេតុការណ៍ពាក់ព័ន្ធនឹងការចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ នៅសណ្ឋាគារមួយ ដែលឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា បម្រើការជាសន្តិសុខ ហើយករណីនេះមិនពាក់ព័ន្ធទៅនឹងការបង្ហាត់បង្រៀនគុនខ្មែររបស់ឈ្មោះ ជិន រ៉ា នោះទេ ។
ផ្អែកតាមរបាយការណ៍របស់នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង០០នាទីព្រឹក គណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ រួមជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាល បានធ្វើការឆែកឆេរ សណ្ឋាគារ ជីងកាង ក្នុងនោះរកឃើញមានបន្ទប់មួយ នៅជាន់ទីពីរ ដែលជាបន្ទប់សម្រាប់បង្ខាំងមនុស្សខុសច្បាប់ ។
បន្ទាប់ពីការឆែកឆេរបន្ទប់នោះរួច សមត្ថកិច្ចបានរំដោះនូវជនរងគ្រោះចំនួន ០២នាក់ និងដកហូតសម្ភារសម្រាប់ធ្វើសកម្មភាពបង្ខាំងមនុស្ស រួមមាន ៖ ដំបងឆក់, កៅអីមានផ្សាដៃចាប់ជើងវិសចាក់បេតុង និងកាំភ្លើងខ្លីមួយដើមម៉ាក SIG SAUER បង់មួយ គ្រាប់ចំនួន ដប់ប្រាំមួយ ដែលលាក់នៅក្នុងទូដែករបស់ជនសង្ស័យ WENG GAO YANG ។
តាមចម្លើយបញ្ជាក់របស់ជនសង្ស័យឈ្មោះ WENG GAO YANG ថា កាំភ្លើងនេះ គឺបានមកពីឈ្មោះ ជិន ភារៀង ហៅ ជិន វ៉ ដែលមានតួនាទីជាសន្តិសុខ នៅសណ្ឋាគារ ជីងកាង និងជាអ្នកយាមកាមមិនឲ្យជនរងគ្រោះរត់ចេញពីបន្ទប់ ។
ទី២- ចំពោះករណីខាងលើនេះ បន្ទាប់ពីទទួលបានសំណុំរឿងពីសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងដោយផ្អែកលើភស្តុតាង ដែលសមត្ថកិច្ចប្រមូលបាន អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ៣៩៣ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ និងបានសម្រេច បើកការស៊ើបសួរលើអង្គហេតុខាងលើ និងដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យលើឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា ភេទប្រុស ពីបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រួមទាំងជនសង្ស័យ៤នាក់ផ្សេងទៀត និងបានបញ្ជូនសំណុំរឿងបន្តទៅតុលាការ ។
នៅក្នុងដំណាក់កាលស៊ើបសួរចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះសីហនុ បានបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទទាំង៥នាក់ខាងលើ ហើយបានបំពេញកិច្ចនីតិវិធីរបស់ខ្លួន ដោយបានធ្វើការកោះហៅជនត្រូវចោទ មកធ្វើការសាកសួរ កោះហៅជនរងគ្រោះ សាក្សី និងបានធ្វើលិខិតជូនដំណឹងបិទការស៊ើបសួរ ជូនមកតំណាងអយ្យការរួចហើយផងដែរ ។
ទន្ទឹមនេះ នៅក្នុងសំណុំរឿងនេះ មកដល់បច្ចុប្បន្ន ពុំមានជនត្រូវចោទណាមួយ ត្រូវបានធ្វើការដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននោះទេ ។
ទី៣- ជាថ្មីម្តងទៀត អ្នកនាំពាក្យ នៃសាលាដំបូងខេត្តព្រះសីហនុ គូសបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ ជិន ភារៀង ហៅ ជិន រ៉ា គឺពាក់ព័ន្ធនឹងបទ ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលជាបទល្មើសព្រហ្មទណ្ឌ ហើយដែលករណីនេះ មិនជាប់ពាក់ព័ន្ធទៅនឹងការបង្ហាត់បង្រៀនគុនខ្មែររបស់បុគ្គលរូបនេះ ដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន និង Page Youtube មួយចំនួននោះទេ ។
ចំពោះសំណុំរឿងនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នឹងពិនិត្យស្រាវជ្រាវដោយយកចិត្តទុកដាក់ និងឲ្យបានត្រឹមត្រូវ ដើម្បីស្វែងរកឲ្យឃើញការពិត ដោយអនុវត្តស្របតាមច្បាប់ និងនីតិវិធីជាធរមាន ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ