ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្ម​ថ្មភ្នំ ខ្លះ​មានច្បាប់​ខ្លះ​អត់​ច្បាប់ ខ្លះ​កន្ទេល​ធំ​បន្លំ​ដេក

7 ឆ្នាំ មុន

ខេត្ដព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​កំពុង​សំរុក​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់ និង​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​ធំ​ៗ​

ខេត្ដព្រៃវែង ៖ បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​កំពុង​សំរុក​ធ្វើ​សកម្មភាព​កាយ​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់ និង​ដឹក​ជញ្ជូន​ចេញ​តាម​រថយន្ត​ធំ​ៗ​រាប់រយ​ឡាន​ក្នុង​១​ថ្ងៃ​ៗ ខ្លះ​មានច្បាប់ ខ្លះ​ក៏​អត់​ច្បាប់ ខ្លះ​ទៀត​កន្ទេល​ធំ​បន្លំ​ដេក​យ៉ាង​សុខសាន្ដ ។ ពួក​គេ​នៅ​តែ​អាច​ធ្វើ​សកម្មភាព​បានជា​រៀងរាល់ថ្ងៃ ខណៈ​ដែល​មន្ត្រី​ជំនាញ​ប្រចាំ​ខេត្ដព្រៃវែង បាន​ត្រឹមតែ​ប្រាប់​អ្នកកាសែត​ថា​ចាំ​ចុះ​ទៅ​មើល ប៉ុន្តែ​ជាក់ស្តែង​គឺ​ស្ងាត់ឈឹង មិនឃើញ​ចុះ​ទៅ​មើល​សោះ មិនដឹង​ហេតុ​អ្វី ?

ប្រភព​ពី​អ្នកស្រុក​ដែល​រកស៊ី​វាយ​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់​នោះ បាន​ប្រាប់​កោះសន្ដិភាព​ថា នៅ​លើ​ភ្នំ​នោះ​មាន​ក្រុមហ៊ុន​ចំនួន​៤ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ​ពី​ក្រសួង គឺ​ក្រុមហ៊ុន លឹ​ម ហុង​, ក្រុមហ៊ុន ផុ​ន​ផលិត​, ក្រុមហ៊ុន ឡេ​ង ហួ និង​ក្រុមហ៊ុន ឡុ​ង ណាំ ។ ក្រៅពី​នេះ​នៅ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត ដែល​កំពុង​ធ្វើ​អាជីវកម្ម​យក​ខ្សាច់​ភ្នំ​នៅ​តាម​ជើងភ្នំ​ឈើ​កាច់​ដែរ ប៉ុន្តែ​ភាគច្រើន​សកម្មភាព​របស់​ក្រុមហ៊ុន​ទាំងនោះ គឺ​ធ្វើ​មិន​ចំ​គោលដៅ ដែល​បាន​កំណត់​នៅ​ក្នុង​អាជ្ញាប័ណ្ណ​នោះ​ទេ គឺ​គេ​ជីក​យក​គ្រប់កន្លែង​ដោយ​ប្រើ​រូបភាព​ទិញ​យក​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​ជើងភ្នំ​នោះ ដែល​សកម្មភាព​បែប​នេះ​ត្រូវ​បាន​គេ​និយាយ​ថា​ខុសច្បាប់​ទាំងស្រុង ។

ដោយឡែក​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ និង​កំពុង​ធ្វើ​សកម្មភាព​ត្រឹមត្រូវ​នោះ បាន​លួច​បង្ហើប​ប្រាប់​ឱ្យ​ដឹង​ថា ការ​ពិត​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់​នេះ មាន​ចំនួន​៥​ក្រុមហ៊ុន ប៉ុន្តែ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ មាន​ក្រុមហ៊ុន​១​ដែល​គេ​មិន​បាន​ចាំ​ឈ្មោះ បាន​គេច​មិន​ព្រម​បង់​សួយសារអាករ​ចូល​រដ្ឋ​ប្រហែលជា​២​ទៅ​៣​ឆ្នាំ​ជាប់​គ្នា ហើយ​ត្រូវ​ក្រសួង​ចាប់បង្ខំ​ឱ្យ​បង់​ផាកពិន័យ​ជិត​១០​ម៉ឺន​ដុល្លារ ។ ម្ចាស់​ក្រុមហ៊ុន​នោះ​មិន​ព្រម​បង់​ទើបត្រូវ​ក្រសួង​សម្រេច​លុប​អាជ្ញាប័ណ្ណ​ចោល​តែ​ម្តង ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ថ្មី​ៗ​នេះ​គេ​បានឮ​ដំណឹង​មក​ថា ម្ចាស់​ក្រុមហ៊ុន​នោះ​មាន​ខ្សែ​នៅ​ខាងលើ ពេល​នេះ​កំពុង​តែ​រត់ការ​សុំ​អាជ្ញាប័ណ្ណ​ថ្មី ដោយ​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ថ្មី ព្រោះ​កន្លែង​ចាស់​ស្រួល​កើប​ជាង ។ បើ​គេ​ធ្វើ​បែប​នេះ​បាន​មែន នោះ​គឺ​វា​មិន​យុត្តិធម៌​ទេ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​ទៀត ដែល​គេ​រកស៊ី​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះ ។

ចំណែក​ខាង​មន្ត្រី​មូលដ្ឋាន​វិញ ក៏​បាន​បង្ហើប​ប្រាប់​កោះសន្ដិភាព​ដែរ​ថា នៅ​លើ​ភ្នំ​នោះ​មាន​ក្រុមហ៊ុន​១​ក្នុង​ចំណោម​៤ គឺ​ក្រុមហ៊ុន ឡុ​ង ណាំ ដែល​បាន​ធ្វើ​សកម្មភាព​យក​ថ្មភ្នំ និង​យក​ខ្សាច់​ភ្នំ​ខុស​ទីតាំង​អាជ្ញាប័ណ្ណ ដោយ​ប្រើ​រូបភាព​ទិញ​ពី​អ្នកស្រុក​ដែល​នៅ​ជិត​នោះ ។ កន្លង​ទៅ​ថ្មី​ៗ​នេះ​សកម្មភាព​ជីក​យក​ខ្សាច់​ភ្នំ​របស់​ក្រុមហ៊ុន ឡុ​ង ណាំ ក៏​បាន​ធ្វើ​ឱ្យ​បាក់​ដី​ប៉ះពាល់​ដល់​ដីចំការ និង​ផ្ទះសម្បែង​អ្នកស្រុក​នៅ​ក្បែ​នោះ​ជា​ច្រើន​គ្រួសារ​ផង​ដែរ ដោយសារ​តែ​គេ​ធ្វើ​សកម្មភាព​ជីក​យក​ខ្សាច់​ភ្នំ​នោះ នៅ​គៀក​ជាប់​ដីចំការ និង​ផ្ទះ​អ្នកស្រុក​ខ្លាំង​ពេក ។ រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន ឡុ​ង ណាំ បាន​ដោះស្រាយ​សំណង​ជូន​អ្នកស្រុក​រួចរាល់​អស់ហើយ គឺ​នៅ​សល់​តែ​ខាង​មន្ទីរ​ជំនាញ​រ៉ែ​និង​ថាមពល​ខេត្ត ដែល​គេ​មិន​ទាន់​ឃើញ​ចាត់វិធានការ​អ្វី​ទេ ចំពោះ​សកម្មភាព​ខុសច្បាប់​នេះ ។

ដោយឡែក​ក្រៅពី​ក្រុមហ៊ុន ឡុ​ង ណាំ គឺ​នៅ​មាន​ឈ្មួញ​ម្នាក់​ទៀត​ឈ្មោះ​លោកស្រី គ្រុឌ កូ​ឡា ដែល​កំពុង​តែ​លួច​ធ្វើ​សកម្មភាព​ជីក​កាយ​យក​ថ្មភ្នំ​នៅ​លើ​ភ្នំ​ឈើ​កាច់​នេះ​ដែរ ប៉ុន្តែ​មិន​មាន​រូបភាព​ជា​ក្រុមហ៊ុន​អ្វី​ទេ ហើយ​ក៏​មិន​មានច្បាប់​ទំលាប់ ឬ​អាជ្ញាប័ណ្ណ​អ្វី​ដែរ គឺ​គេ​ធ្វើ​ឆៅ​តែ​ម្តង ដោយ​ប្រើ​រូបភាព​ទិញ​ថ្ម​ពី​ក្រុមហ៊ុន​រួច​ដឹក​យក​ទៅ​ចាក់​ផ្ញើ​នៅ​លើ​ដី​ទាហាន K89 នៅ​លើ​ភ្នំ ។ បន្ទាប់​មក​ទើប​យក​គ្រឿងចក្រ​ដែល​បិទ​ស្លាក​បញ្ជាការដ្ឋាន​វិស្វកម្ម​កង​៧១៨ ទៅ​ជីក​កាយ​យក​ថ្មភ្នំ​នៅ​ក្បែរ​ទីតាំង​ដែល​គេ​ចាក់​ផ្ញើ​ថ្មភ្នំ​នោះ​តែ​ម្តង ។ ប្រភព​ដដែល​នេះ​បាន​ចោទ​ថា លោកស្រី​ម្ចាស់​ក្រុមហ៊ុន​កាយ​យក​ថ្មភ្នំ​លក់​ទៅ​ឱ្យ​កង​វិស្វកម្ម ដែល​កំពុង​ធ្វើ​ផ្លូវ​នៅ​ជី​ភូ ខេត្តស្វាយរៀង ហើយ​សកម្មភាព​នេះ​គេ​ធ្វើ​ច្រើន​ខែ​មក​ហើយ និង​កំពុង​បន្ត​ធ្វើ​ដល់​សព្វថ្ងៃ ប៉ុន្តែ​គ្មាន​ច្បាប់​អនុញ្ញាតិ​ទេ ទំនង​ជ្រក​ក្រោម​ស្លាក​កង​វិស្វកម្ម​ដែល​សង្ស័យ កន្ទេល​ធំ​បន្លំ​ដេក ។

ពាក់ព័ន្ធ​នឹង​សកម្មភាព​ជីក​កាយ​យក​ថ្មភ្នំ និង​ខ្សាច់​ភ្នំ ដោយ​ខុស​ទីតាំង​អាជ្ញាប័ណ្ណ និង​គ្មាន​ច្បាប់ទំលាប់​នេះ មន្ត្រី​ជំនាញ​រ៉ែ​ម្នាក់​ឈ្មោះ ទ្រី ដែល​ទទួលខុសត្រូវ​ខាង​ផ្នែក​នេះ​បាន​ទទួលស្គាល់​ថា​លោកស្រី គ្រុឌ កូ​ឡា ពិតជា​គ្មាន​ច្បាប់​មែន ។ ចំ​ណែ​ក្រុមហ៊ុន ឡុ​ង ណាំ ក៏​បាន​ធ្វើ​ខុស​ទីតាំង​ដែរ ហើយ​លោក​និយាយ​ថា កំពុង​ត្រៀម​ឯកសារ​ចាត់ការ​ហើយ ។

ដោយឡែក​លោក ជា ក​ក្ត​ដា ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង ក៏​បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ករណី​នេះ​លោក​បានដឹង​ហើយ លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ផ្ទាល់​តែ​ម្តង ដើម្បី​ចាត់ការ​ទៅ​លើ​ក្រុម​អ្នក​ធ្វើ​ល្មើសច្បាប់​ទាំងនោះ ។

សូម​បញ្ជាក់​ថា បើ​ទោះបីជា​លោក​ប្រធាន​មន្ទីរ​បាន​អះអាង​បែប​នេះ​ក្តី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​នៅ​មិន​ទាន់​ឃើញ​លោក​ប្រធាន​មន្ទីរ​ចុះ​ទៅ​ពិនិត្យ​មើល​ដូច​សម្ដី​ទេ ផ្ទុយ​ទៅ​វិញ​សកម្មភាព​របស់​ក្រុម​ឈ្មួញ គឺ​នៅ​តែ​បន្ត​ធ្វើ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​ជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ តើ​ជា​កំហុស​របស់​អ្នក​ណា ?