ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំអាស៊ាន ប្តេជ្ញា​ជាថ្មី លើកកម្ពស់​ការអភិរក្សជីវៈចម្រុះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។ ប្រមុខការទូតអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥…

រាជធានីភ្នំពេញ៖ មេដឹកនាំអាស៊ាន បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការលើកកម្ពស់ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងការចែករំលែកដោយយុត្តិធម៌ និងសមធម៌នៃអត្ថប្រយោជន៍ ដែលកើតចេញពីការប្រើប្រាស់ធនធានហ្សេណេទិក។

ប្រមុខការទូតអាស៊ាន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីថ្ងៃទី០៣ សីហា ឆ្នាំ២០២២ បានបញ្ជាក់ថា កំពុងទន្ទឹងរង់ចាំការអនុម័តក្របខណ្ឌជីវៈចម្រុះ​ពិភពលោកក្រោយឆ្នាំ ២០២០ នៅក្នុងសន្និសីទ លើកទី១៥ នៃភាគីនៃអនុសញ្ញាស្តីពីភាពចម្រុះ​ជីវសាស្រ្តនៅខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ប្រមុខការទូតអាស៊ាន ក៏បានទទួលស្គាល់ពីសារៈសំខាន់ នៃការលើកកម្ពស់ដំណោះស្រាយ ផ្អែកលើធម្មជាតិ ដើម្បីកាត់បន្ថយផលវិបាកដ៏អាក្រក់​លើជីវៈចម្រុះ។ជាមួយគ្នានេះ អាស៊ាន បានសន្យាខិតខំប្រឹងប្រែងស្តារឡើងវិញ ការបាត់បង់ និងការរិចរិលប្រព័ន្ធអេកូឡូស៊ី ក្រោយជំងឺរាតត្បាតកវ ជាពិសេស ការបន្តគាំទ្រការងាររបស់មជ្ឈមណ្ឌលអាស៊ាន សម្រាប់ជីវៈចម្រុះ (ACB) ក្នុងការជួយដល់រដ្ឋសមាជិកអាស៊ាន ក្នុងការបញ្ជ្រាបការអភិរក្សជីវៈចម្រុះទៅក្នុងវិស័យ​អភិវឌ្ឍន៍ផ្សេងៗ ការលើកកម្ពស់ដំណោះស្រាយផ្អែកលើធម្មជាតិ ដើម្បីបង្កើនភាពធន់របស់​តំបន់ប្រឆាំងនឹងជំងឺសត្វ ការដោះស្រាយការប្រែប្រួលអាកាសធាតុ និងការសម្របសម្រួល​របស់អាស៊ាន ក្នុងរួមចំណែកដល់ក្របខ័ណ្ឌជីវៈចម្រុះពិភពលោកក្រោយឆ្នាំ ២០២០។

ក្នុងនាមប្រទេសកម្ពុជា ជាសមាជិករបស់អនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ រាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក៏ដូចជាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ចូលរួមចំណែកគ្រប់គ្រង និងអភិរក្សធនធាន​ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ជាពិសេសគឺកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការចូលរួម​ជាមួយពិភពលោក ដើម្បីអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ។

គោលដៅជីវៈចម្រុះជាតិរបស់កម្ពុជា បានបង្កើតឡើង ស្របតាមយុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្រ្តនិងផែនការយុទ្ធសាស្រ្តបរិស្ថានជាតិឆ្នាំ ២០១៦-២០២៣ និងផែនការយុទ្ធសាស្រ្តជាតិ សម្រាប់គ្រប់គ្រងតំបន់ការពារធម្មចាតិឆ្នាំ២០១៧-២០៣១។ កិច្ចការស្នូលរបស់ក្រសួងបរិស្ថាន គឺអភិរក្សជីវចម្រុះប្រកបដោយចីរភាព ដែលរហូតមកទល់ពេលនេះ កម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១%នៃផ្ទដីប្រទេស ព្រមទាំងបានខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ។

កន្លងមក ការបង្កើតបានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក៏ជាចំណែកមួយនៃការស្តារសេដ្ឋកិច្ចមូលដ្ឋានក៏ដូចជា ចូលរួមអភិរក្សជីវចម្រុះផងដែរ ដូចជា ផ្កាអ័រគីដេ និងកេសរកូលព្រៃជាដើម។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានកំពុង រៀបចំឧទ្យានរបស់កម្ពុជា ទៅតាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ និងការរៀបចំបន្ទប់ទឹកជាដើម ដើម្បីបង្កភាពងាយស្រួល និងបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរ និងធានាបាន​ភាពគង់វង្សដល់​ការអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ