ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហ៍​ឆក់កណ្ដៀត​ក្នុង​ពន្ធនាគារ ពោះធំ​2​ខែ​លេបថ្នាំ​រំលូត

7 ឆ្នាំ មុន

ខេត្ដ​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា ថា ក្រោយ​ពី​មានរឿង​រ៉ាវ​មន្ត្រី​ស្រឡាញ់​អ្នកទោស​គួរ​ឱ្យ​ចាប់អារម្មណ៍​ម្ដង

ខេត្ដ​ប៉ៃលិន ៖ ប្រភព​ព័ត៌មាន​ចេញពី​ពន្ធនាគារ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃ​ទី​៨ មក​រា ថា ក្រោយ​ពី​មានរឿង​រ៉ាវ​មន្ត្រី​ស្រឡាញ់​អ្នកទោស​គួរ​ឱ្យ​ចាប់អារម្មណ៍​ម្ដង មក​ដល់​ឥឡូវនេះ​ក៏​មានរឿង​អ្នកទោស​ស្រឡាញ់​អ្នកទោស​ដូច​គ្នា រហូត​ដល់​មាន​ផ្ទៃពោះ​២​ខែ ក៏​ចាប់ផ្តើម​លេបថ្នាំរំលូត ។ គេ​បាន​បន្ទោស​ទៅ​លើ​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត ដឹកនាំ​មាន​ភាព​ធូររលុង និង​អត្ត​នោ​ម័ត​ជ្រុល​ពេក ទើប​ធ្វើ​ឱ្យ​អ្នកទោស​ប្រុស​ស្រី​ពីរ​នាក់ អាច​រួមរ័ក​គ្នា​រហូត​ដល់​មានកូន ។ លុះដល់​ពេល​ពោះ​កាន់តែ​ធំ​ទៅ​ៗ លាក់​មិន​កំបាំង ក៏​ប្រើ​ឱ្យ​គេ​ទិញ​ថ្នាំ​យក​ទៅ​លេប​រំលូតកូន​ចោល​តែ​ម្តង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា អ្នកទោស​ដែល​ប្រព្រឹត្ត​ខុស​វិន័យ ដោយសារ​ស្នេហា​ឆក់កណ្ដៀត​លួចលាក់​មិន​ជិត​នោះ ឈ្មោះ សំ ប៊ុល ភេទ​ប្រុស ជាប់​ទោស​បទល្មើស​គ្រឿងញៀន និង​ឈ្មោះ អៀង លំអង ភេទ​ស្រី បទល្មើស​គ្រឿងញៀន​ដូច​គ្នា ។ ការ​មានឱកាស​បង្កាត់ភ្លើង​ស្នេហ៍ រវាង​អ្នកទោស​ប្រុស​ស្រី​ទាំង​២​នេះ ដោយសារ​ត្រូវ​បាន​លោក​ប្រធាន​ពន្ធនាគារ​ខេត្ត អនុញ្ញាត​ឱ្យ​អ្នក​ទាំង​ពីរ​ចេញ​មក​ដាំបាយ​នៅ​ខាងក្រៅ​ពន្ធនាគារ​ជា​រៀងរាល់ថ្ងៃ ។ លុះ​ចប់​កិច្ចការ​លោក​ប្រធាន​ពន្ធនាគារ មិន​បានឱ្យ​អ្នកទោស​ទាំងនោះ​ចូល​ទៅ​ក្នុង​បន្ទប់​ឃុំឃាំង​វិញ​នោះ​ទេ ដោយ​ទុក​ឱ្យ​នៅ​ខាងក្រៅ និង​មាន​សេរីភាព ។

ប្រភព​បន្ត​ទៀត​ថា ជា​ឱកាសល្អ ខណៈ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ដល់​ម៉ោង​សម្រាក​ពី​ការងារ មិន​បាន​ចាំ​មើល​ពួក​គេ ទើប​អ្នក​ទាំង​ពីរ​បាន​លួច​រួម​ភេទ​ជាមួយ​គ្នា​ជា​ច្រើន​លើក​ច្រើន​សា ដោយ​លើក​ទី​១ នៅ​ក្នុង​បន្ទប់ទឹក​របស់​លោក​ប្រធាន​ពន្ធនាគារ ជាប់​នឹង​បន្ទប់ធ្វើការ​រដ្ឋបាល កាលពី​ប៉ុន្មាន​ខែ​កន្លង​មក ។ លើក​ទី​២ ពួក​គេ​រួមរ័ក​ជាមួយ​គ្នា កាលពី​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ក្រោយ​អគារ​មន្ត្រី​ធ្វើការ ។

ប្រភព​បញ្ជាក់​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០១៧ អ្នកទោស​ស្រី ឈ្មោះ អៀង លំអង បាន​ទូរស័ព្ទ​ឱ្យឈ្មោះ និ​ត នី ដែល​ទើបនឹង​ចេញពី​ពន្ធនាគារ​ថ្មី​ៗ ជួ​យ​ទិញ​ថ្នាំលេប​ដើម្បី​រំលូតកូន​ក្នុង​ផ្ទៃ ព្រោះ​ដឹង​ថា​ខ្លួនឯង​មានកូន​ចំនួន​២​ទៅ​៣​ខែ​ហើយ ។ ការ​លេបថ្នាំ​រំលូតកូន​នេះ​អស់​រយៈពេល​៣​ថ្ងៃ គឺ​ចាប់តាំងពី​ថ្ងៃ​ទី​១​រហូត​ដល់​ថ្ងៃ​ទី​៣ មក​រា កូន​ក្នុង​ផ្ទៃ​ក៏​បាន​ធ្លាក់​ដូច​បំណង​មែន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ប្រធាន​ពន្ធនាគារ​ខេត្ត​រូប​នេះ នៅ​បន្ត​លាក់បាំង​រឿងអាស្រូវ​មួយ​នេះ ដោយ​ខ្លាចក្រែង​បែក​ការណ៍ ។ ប៉ុន្ដែ​ខាង​អនុរក្ស​ពន្ធនាគារ​ប្រុស​ស្រី​បានដឹង​រឿង​នេះ​គ្រប់​ៗ​គ្នា ហើយ​ក៏​បាន​រៀបចំ​ធ្វើ​របាយការណ៍​ទុក​ផង​ដែរ ។ អនុរក្ស​ពន្ធ​គារ​មួយ​ចំនួន​សុំ​ឱ្យ​ខាង​ថ្នាក់លើ ចុះ​ទៅ​ត្រួតពិនិត្យ​ចំពោះ​បញ្ហា​រញ៉េរញ៉ៃ​មួយ​នេះ បើ​លាក់​ទុក​បែប​នេះ នៅ​ថ្ងៃ​ខាង​មុខ នឹង​មាន​បញ្ហា​កាន់តែ​ច្រើន​ជាក់​ជា​មិន​ខាន អាច​ក្លាយជា​សម្ល​កំ​ពិស ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហេង ចាន់​ដា​រ៉ា ប្រធាន​ការិយាល័យ​អប់រំ នៃ​ពន្ធនាគារ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា រឿងរ៉ាវ​អ្នកទោស​ប្រុស​ស្រី​១​គូ​រួមរ័ក​គ្នា រហូត​ដល់​មានកូន​នៅ​ពន្ធនាគារ ពិតជា​មាន​មែន ។ លោក​បន្ត​ទៀត​ថា បើ​ចង់​ដឹង​ច្បាស់​ជាង​នេះ​សូម​ឱ្យ​ទាក់ទង​សួរនាំ​ទៅ​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ទៅ​ចុះ ក្រែង​ច្បាស់​ជាង ។
ចំណែក​លោក នៅ ធឿ​ង ប្រធាន​ពន្ធនាគារ​ខេត្ត​ប៉ៃលិន ខាង​ភ្នាក់ងារ​យើង​បាន​ទាក់ទង​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ទូរស័ព្ទ​ចូល​ដែរ តែ​អត់​មាន​អ្នក​ទទួល ៕