រាជធានីភ្នំពេញ ៖ ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើល និងសម្ដែងក្ដីអាណិតអាសូរដល់តារាចម្រៀងស្រីល្បីឈ្មោះដែលជ្រកក្រោមផលិតកម្ម រស្មីហង្សមាស គឺកញ្ញា វី ឌីណែត ជាខ្លាំង ក្រោយពេលកញ្ញាបានប្រកាសពីស្ថានភាពជំងឺរបស់ខ្លួន ដែលត្រូវលេបថ្នាំអស់មួយជីវិត ខណៈពេលម្ដាយទើបតែចែកឋានទៅថ្មីៗ ដោយសារជំងឺកូវីដ១៩ ។
![Picture]()
មុនពេលឈានដល់ការរៀបរាប់ពីស្ថានភាពជំងឺរបស់តារាស្រីរូបនេះ យើងសូមរំលឹកថា កញ្ញា វី ឌីណែត គឺជាតារាចម្រៀងស្រីមួយររូប ជ្រកក្រោមដំបូលផលិតកម្ម រស្មីហង្សមាស និងជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់លោក ហួ ឡាវី ។ បច្ចុប្បន្ន កញ្ញាកំពុងកើនប្រជាប្រិយភាព ក៏ដូចជា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់ តាមរយៈសមត្ថភាពទឹកដមសម្លេងក្នុងការច្រៀងចម្រៀងដ៏ពីរោះរណ្ដំ និងក្រអួនក្រអៅរបស់កញ្ញា មិនថាក្នុងបទចម្រៀងបែបមនោសញ្ចេតនា ញាក់កន្ត្រាក់អារម្មណ៍ឡើយ ពោលគឺសុទ្ធតែពីរោះៗតែម្ដង។ចំពោះសមត្ថភាពក្នុងការច្រៀងចម្រៀងបានយ៉ាងពីរោះនេះ ប្រៀបបីដូចជាកញ្ញាបានសាងស្នាដៃជាច្រើនជូនផលិតកម្ម រស្មីហង្សមាស ផងដែរ។
![Picture]()
យ៉ាងណាមិញ កាលពីថ្មីៗកន្លងទៅនេះ តារាចម្រៀងស្រី កញ្ញា វី ឌីណែត បានប្រកាសប្រាប់ពីស្ថានភាពជំងឺរបស់ខ្លួនអោយមហាជនអ្នកគាំទ្របានដឹងតាមរយៈបទសម្ភាសន៍មួយថា «ក្រោយអ្នកម្តាយជាទីគោរពស្រលាញ់របស់ខ្លួនទទួលមរណភាពទៅដោយសារជំងឺកូវីដ១៩ នាងក៏ធ្លាក់ខ្លួនមានជំងឺប្រចាំខ្លួនម្យ៉ាងដែលត្រូវលេបថ្នាំអស់មួយជីវិត គឺជំងឺ ពក.ក ទៀតផង»។
![Picture]()
តារាស្រីរូបនេះ បានផ្ដល់បទសម្ភាសន៍បន្តថា «បើទោះបីជាខ្លួនត្រូវវះកាត់ហើយក៏ដោយ កញ្ញានៅតែត្រូវបន្តលេបថ្នាំដដែល រហូតអស់មួយជីវិតផងដែរ ហើយសព្វថ្ងៃនេះ កញ្ញាគឺជាអ្នកចម្រៀង ប្រសិនបើកញ្ញា ហ៊ានតែវះកាត់នោះ កញ្ញាអាចប្រឈមមុខនឹងការបាត់បង់សំឡេងរបស់ខ្លួន រហូតដល់ទៅ៥០ភាគរយ ឬលើសនេះទៅទៀត ដែលវាជាកត្តាសំខាន់បំផុតសម្រាប់អាជីពរបស់ខ្លួន»។
តារាស្រីរូបនេះបានបន្តប្រាប់ពីអាការៈជំងឺរបស់ខ្លួន ដោយលើកឡើងថា «ជំងឺប្រភេទនេះ វាមានអាការៈដូចជា ប្រឈមនឹងការឆាប់ហត់ជាខ្លាំង ឆាប់ញ័រដៃជើង ហើយប្រសិនបើមានសារធាតុពុលណាមួយឡើងខ្លាំង នាងអាចនឹងធ្វើទុក្ខដល់បេះដូងទៀតផង»។
![Picture]()
កញ្ញា វី ឌីណែត បានបន្តប្រាប់ពីបញ្ហាធំបំផុត ដែលអាចបង្កឱ្យឈានដល់ការបាត់មុខពីវិស្ស័យសិល្បៈដែលជាឆ្នាំងបាយ និងជីវិតរស់នៅប្រៀបដូចជា មុខរបរដ៏ធំធេងរបស់ខ្លួនថា « ប្រសិនបើកញ្ញាមានដុះដុំសាច់នោះ វាអាចសង្កត់សរសៃភ្នែកបាន ដែលបណ្ដាលអោយភ្នែករបស់នាងលានចេញមកធំជាងមុន ប៉ុន្តែក៏សំណាងល្អដែរ ដែលនាងបានធ្វើការត្រួតពិនិត្យដឹងមុនទាន់ពេលវេលា ដែលមិនទាន់ដល់ដំណាក់កាលត្រូវវះនោះឡើយ» ។
តារាចម្រៀងស្រី វី ឌីណែត បានលើកឡើងថា «នេះជាកត្តា និងបញ្ហាធំបំផុតសម្រាប់ជីវិតរស់នៅរបស់ខ្លួន ដែលធ្វើអោយនាងពិបាកចិត្ត និងស្មុគស្មាញជាខ្លាំង ព្រោះខ្លួនជាអ្នកចម្រៀងអាជីពមួយរូប ប្រសិនបើបាត់បង់សំឡេងរហូតដល់ទៅ៥០% និងប្រឈមបញ្ហាដូចជាបានរៀបរាប់ខាងលើនោះ ប្រៀបបីដូចជាខ្លួនត្រូវបាត់បង់ឆ្នាំងបាយដែលជាជីវិតប្រចាំថ្ងៃអញ្ចឹងដែរ»។
![Picture]()
សូមរំលឹក និងជម្រាបជូនមហាជនអោយបានដឹង និងជ្រាប់ថា «កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ជាថ្ងៃដែលតារាចម្រៀងស្រីប្រចាំផលិតកម្ម រស្មីហង្សមាស និងជាកូនស្រីបង្កើតរបស់តារាចម្រៀងជើងចាស់លោក ហួ ឡាវី គឺកញ្ញា វី ឌីណែត ទទួលរងនូវទុក្ខធំបំផុត ដែលមិនអាចបំភ្លេចបាន ដោយកញ្ញាត្រូវបានបាត់បង់អ្នកម្តាយជាទីគោរពស្រលាញ់ទៅគ្មានថ្ងៃវិលត្រឡប់ ដោយម្ដាយតារាស្រីរូបនេះ បានកើតជំងឺកូវីដ១៩ ដោយគ្រានោះធ្វើអោយនាងនិងគ្រួសារទទួលយកសឹងតែមិនបានឡើយ ព្រោះវាពិតជាលឿនខ្លាំងមែនទែន ដែលគ្រប់គ្នាមិននឹកស្មានដល់ទាល់តែសោះ។
![Picture]()
អ្វីដែលកាន់តែគួរអោយអាណិតបំផុតនោះ សូម្បីមុខម្ដាយជាលើកចុងក្រោយ ក៏កញ្ញាមិនបានមើលនោះដែរ ដោយសារពេលនេះនាងជាប់ធ្វើចត្តាឡីស័ក ដែលនេះជាហេតុការណ៍មួយធ្វើអោយនាងចងចាំដក់ជាប់ក្នុងចិត្តមិនអាចភ្លេចបាន ហើយមហាជនក៏បានសម្ដែងការអាណិតអាសូរចំពោះនាងជាខ្លាំងផងដែរ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ