រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ បានរបូតបេក្ខជន បេក្ខនារី មានសមត្ថភាពជាបន្តបន្ទាប់ ដោយសារទទួលបានសារសំឡេងបោះឆ្នោតតិចជាងគេ។ ហើយដែលនៅក្នុងវគ្គនេះ មានបេក្ខជនចុងក្រោយត្រឹមតែ១៦រូបតែប៉ុណ្ណោះ ដែលនឹងត្រូវឡើងទៅបង្ហាញសមត្ថភាពនៅពីមុខទស្សនិកជន និងគណៈកម្មការទាំង៤រូប ដើម្បីបន្តទៅកាន់វគ្គបន្ទាប់ទៀត ដែលម្នាក់ៗសុទ្ធតែជាជើងខ្លាំងទាំងសមត្ថភាព និងកាយវិការមិនធម្មតាឡើយ ។
ក្នុងចំណោមបេក្ខជនដែលធ្លាក់នោះ ជេន សំរិទ្ធ ត្រូវបានគេមើលឃើញថា ទោះមិនបាន Top 10 ក៏មិនគួរធ្លាក់នៅត្រឹមសប្ដាហ៍ទី២នោះដែរ ព្រោះរូបគេ មានទឹកដមសំឡេងល្អ ច្រៀងពីរោះ សំឡេងធ្ងន់ សមត្ថភាពពោរពេញដោយកម្លាំង។
ក្រោយធ្លាក់ពីកម្មវិធី រូបលោកក៏បានបង្ហោះសារថា «ពេលខ្លះ ខ្ញុំមិនចង់អោយនរណាឃើញទឹកភ្នែកខ្ញុំទេ ព្រោះខ្ញុំជាមនុស្សប្រុស បានត្រឹមសម្ងំកន្លែងស្ងាត់មួយរយៈសិន គ្រប់យ៉ាងមកពីយើងដែរ ដែលគ្មានសមត្ថភាពធ្វើឲ្យពុកម៉ែបងប្អូនពេញចិត្ត បានខ្ញុំធ្លាក់។ ចង់ប្រាប់ថា ខ្ញុំអរគុណពុកម៉ែបងប្អូនខ្លាំងណាស់ ដែលស្រឡាញ់គាំទ្រខ្ញុំបាទ ជេន សំរិទ្ធ អរគុណសម្រាប់ពាក្យជូនពរ សូមទុកខ្ញុំបាទក្នុងបេះដូងផង»។
មិនទុកយូរ តារាចម្រៀងប្រុសដ៏ល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ដែលជាតារាប្រុសមួយរូបមានភាពលេចធ្លោ មិនត្រឹមតែជាតារាចម្រៀងតែមួយមុខនោះទេ លោកក៏មានមុខជំនួញជាច្រើនផ្ទាល់ខ្លួននៅក្នុងដៃផងដែរ នោះគឺលោក អ៊ីណូ ដោយលោកក៏បានចេញមុខមកលើកឡើងចំៗបែបនេះថា « ទោះបីប្អូនធ្លាក់ តែជាបទពិសោធន៍ តែសម្រាប់បង ENo ម្នាក់នេះ នៅមិនទាន់អស់ចិត្តនៅសំឡេងប្អូន ដែលមានទឹកដម និងសមត្ថភាពពោរពេញទៅដោយកម្លាំងនៅឡើយទេ ។ សម្រាប់បង នៅតែ YES សម្រាប់ប្អូន ជួបគ្នាឆាប់ៗនេះ នៅអ្វីដែលថ្មីសម្រាប់ប្អូន ស៊ូស៊ូ ជេន សំរិទ្ធ ហៅ ឆាយ វិរៈយុទ្ធ ទី២»។
តារាប្រុសរូបនេះ ក៏បានបន្តទៀតថា « អ្នកមានសមត្ថភាពពិតប្រាកដ ខ្ញុំមិនបោះបង់ចោលទេ តើពុកម៉ែបងប្អូនគាំទ្រអោយអ៊ីណូនិពន្ធបទថ្មី Melody ថ្មីជូនគាត់ដែរឬទេ ? ហើយពុកម៉ែបងប្អូនគាំទ្រដែរឬទេ? បើសិនជាគាត់ក្លាយជាអ្នកចម្រៀងថ្មីក្នុងស្រទាប់យុវវ័យក្នុងឆ្នាំ២០២២? ជាពិសេសនឹងអាចផ្តល់ឱកាសឲ្យគាត់ក្លាយជាបុគ្គលិកពេញលេញរបស់ខ្ញុំ នៅក្នុងឃ្លាំងលក់រថយន្ត ENO AUTO CAR ហើយនឹងអាចក្លាយជាបុគ្គលិកពេញលេញនៅក្នុងគម្រោងយក្សរមណីយដ្ឋាន SV ENO ពិភពដីឡូតិ៍ផ្សារត្រាចថ្មី»។
បន្ទាប់ពីបានឃើញលោក អ៊ី ណូ បង្ហោះសារនិយាយមកដាក់ខ្លួនអញ្ជឹងហើយ ក៏បានចូលទៅតបនៅក្នុងការផុស របស់តារាប្រុសរូបនេះថា «អរគុណទឹកចិត្តបង San Sophearith ENO អីណូ នឹងអរគុណពុកម៉ែបងប្អូនសម្រាប់ការគាំទ្រខ្ញុំបាទ» ។
ហើយក៏មានពុកម៉ែបងប្អូនជាច្រើននាំគ្នាចូលទៅលើកទឹកចិត្តគ្រប់ៗគ្នាថា «គាំទ្របងគាត់ច្រៀងពីរោះជាងគេ គ្រាន់តែគាត់មិនសូវស្អាត គេមើលរំលងគាត់ idol» «ខ្ញុំគាំទ្រយ៉ាងខ្លាំង អ្នកដែលមានសំលេងពីរោះធ្លាក់អស់ហើយ នៅសល់តែពួកសំលេងស៊ីខ្សែស៊ីសំរស់» «ខ្ញុំពិតជាមិនគួរឲ្យជឿងថា គាត់ត្រូវធ្លាក់នោះទេ ទាំងសម្លេង ទាំងមនោសញ្ចេតនា គាត់មានអស់ហើយនៅឡើយតែឱកាសសង្ឃឹមថា idol ENO ជួយជ្រោមជ្រែងដល់បង Samrith » «សំលេងគាត់អេមណាស់បង ញុមស្រលាញ់សំលេងគាត់ ហើយក៏ជាអាយដលគាត់ដែរ គាំទ្របងសំរាប់ផលិតបទចម្រៀងជូនគាត់ អរគុណបង» «បងតែងតែមានទឹកចិត្តជួយបេក្ខជនដែលធ្លាក់ច្រើនណាស់ អគុណអាយដល» «ញុំគាំទ្របង ខ្ញុំពេញចិត្ដនឹងសមត្ថភាពរបស់គាត់» និងនៅមានពាក្យលើកទឹកចិត្តពីមហាជនជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ ៕
ចែករំលែកព័តមាននេះ