ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​ចុះថោក ខណៈ​ថៃ​ហាម​នាំ​ចូល​ដំឡូង​មី​ស្រស់

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ វា​ក្លាយជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​កសិផល​របស់​ខ្មែរ មិន​ថា​តែ​ដំឡូង​មី សណ្ដែក ឬ​ស្រូវ​នោះ​ទេ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល តែង​ជួប​បញ្ហា​រឿង​តម្លៃ​ត្រូវ​បាន​គេ​ទម្លាក់​ដល់​កម្រិត ធ្វើ​ឲ្យ​កសិករ​ជួប​ទុក្ខវេទនា​

ខេត្ត​ប៉ៃលិន ៖ វា​ក្លាយជា​ទម្លាប់​ទៅ​ហើយ​សម្រាប់​កសិផល​របស់​ខ្មែរ មិន​ថា​តែ​ដំឡូង​មី សណ្ដែក ឬ​ស្រូវ​នោះ​ទេ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល តែង​ជួប​បញ្ហា​រឿង​តម្លៃ​ត្រូវ​បាន​គេ​ទម្លាក់​ដល់​កម្រិត ធ្វើ​ឲ្យ​កសិករ​ជួប​ទុក្ខវេទនា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ។ នេះ​គឺ​ដោយសារ​តែ​ពុំ​មាន​គោលនយោបាយ​ច្បាស់លាស់​ណាមួយ សម្រាប់​ជួយ​ដោះស្រាយ​ដល់​ពួក​គាត់ ។ ចំណែក​ពេល​នេះ កសិករ​ដែល​ដាំដំឡូង​មី​នៅ​តំបន់​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ កំពុង​ព្រួយបារម្ភ​និង​រអ៊ូរទាំ​គ្រប់​គ្នា ដោយសារ​តែ​តម្លៃ​ដំឡូង​មី​របស់​ពួក​គាត់​ត្រូវ​បាន​ទម្លាក់​ថ្លៃ​យ៉ាង​គំហុក ស្រប​ពេល​ប្រទេស​ថៃ​ដែល​ជាទី​ផ្សារ​នាំ​ចេញ​ដំឡូង​មី​ស្រស់​របស់​ពួក​គាត់​នោះ នៅ​ឆ្នាំ​នេះ​ត្រូវ​បាន​ហាម​មិន​ឱ្យ​នាំ​ចូល​ទៅ​ប្រទេស​គេ ដោយ​អនុញ្ញាត​នាំ​ចូល​តែ​ដំឡូង​មី​ស្ងួត ឬ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​មី​រួច​ប៉ុណ្ណោះ ។

បើ​តាម​ប្រភព​ពី​ឈ្មួញកណ្តាល​ជា​ច្រើន​នាក់​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា រាល់​ឆ្នាំ​ការ​ទិញ​ដំឡូង​មី​ពី​ប្រជាពលរដ្ឋ​ទាំង​ស្រស់​ទាំង​ស្ងួត ទៅ​លក់​នៅ​ប្រទេស​ថៃ គឺ​មិន​មានការ​ហាមប្រាម​អ្វី​ទេ គ្រាន់តែ​បង់ប្រាក់​ឱ្យ​ថ្លៃ​ក្បាល​រថយន្ត​ជា​ការ​ស្រេច ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ពិតជា​មានការ​លំបាក ព្រោះ​ខាង​ថៃ គេ​ហាម​ដាច់ខាត​មិន​ឱ្យ​នាំ​ដំឡូង​មី​ស្រស់​ទៅ​ប្រទេស​របស់​គេ​ទេ ដោយ​អនុញ្ញាត​តែ​ចំណិត​ដំឡូង​មី​ស្ងួត ហើយ​ត្រូវ​កំណត់​ទម្ងន់​ថែម​ទៀត បើ​លើស​ទម្ងន់​ត្រូវ​គេ​ផាកពិន័យ និង​ដកហូត​យក​រថយន្ត​តែ​ម្ដង ។ កត្តា​នេះ​ហើយ​ធ្វើ​ឱ្យ​តម្លៃ​ដំឡូង​មី​កាន់តែ​ចុះថោក​ទៅ​ៗ ។ ម្យ៉ាងវិញទៀត ការ​ទិញ​ដំឡូង​មី​ស្រស់​ពី​កសិករ ត្រូវ​ទម្លាក់​ថ្លៃ​ចុះថោក​ដែរ ព្រោះ​ថ្លៃ​ឈ្នួល​កម្មករ​កាប់​ចិញ្ច្រាំ ថ្លៃ​ហាល ថ្លៃ​ចូល​ម៉ាស៊ីន​ឡ​សំ​ងួ​ត និង​ថ្លៃ​ដឹក​ជញ្ជូន​ផ្សេង​ៗ​ជាដើម ។

ក្រុម​ឈ្មួញ​ទាំងនោះ ក៏​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ មេត្តា​ជួយ​សម្របសម្រួល និង​រក​ដំណោះស្រាយ​ជួយ​ពួក​គាត់​ឱ្យ​បាន​នាំ​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់ដូរ​នៅ​ទីផ្សារ​ប្រទេស​ថៃ​ផង​ដែរ ព្រោះ​កម្ពុជា​នាំ​ចូល​ទៅ​ប្រទេស​ថៃ មាន​តែ​កសិផល​បន្តិចបន្តួច​ប៉ុណ្ណោះ ដូច​ជា ពោត សណ្តែក ដំឡូង​មី ផ្លែស្វាយ និង​កសិផល​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​តាម​រដូវ​កាល ។ ចំណែក​ខាង​ថៃ​វិញ បាន​នាំ​ទំនិញ​ចូល​មក​កម្ពុជា ដូច​ជា គ្រឿង​ដែក ស៊ីម៉ង់ត៍ សម្ភារ​ប្រើប្រាស់​កសិកម្ម​ឧស្សាហកម្ម​គ្រប់​ប្រភេទ ជា​ពិសេស គ្រឿង​ឧបភោគបរិភោគ​ដឹក​ចូល​រាប់​សិប​តោន​ក្នុង​១​ថ្ងៃ​ៗ តែ​មិន​ត្រូវ​បាន​ភាគី​ខ្មែរ​ផ្អាក ឬ​មាន​វិធានការ​អ្វី​ឡើយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ នាំ​ចូល​នៅ​បើក​ដំណើរការ​ជា​ធម្មតា សំខាន់​គឺ​ត្រូវ​មាន​ឯកសារ​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវច្បាប់ ។ ចំណែកឯ​ការ​ហាម​នាំ​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ គឺ​មិន​មាន​នោះ​ទេ ។

លោក សុខ សា​ធី​ម ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត បានឱ្យ​ដឹង​ថា បញ្ហា​ដំឡូង​មី​ស្រស់​ដែល​គេ​ហាម​នាំ​ចូល​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​នោះ ព្រោះ​ប្រទេស​ទាំង​ពីរ​ធ្លាប់​ចុះ​អនុស្ស​រណៈ​យោគយល់​រវាង​ខេត្ត​ជាប់​ព្រំដែន​ទាំង​ពីរ ដោយ​ហាម​មិន​ឱ្យ​នាំ​ដំឡូង​មី​ស្រស់​ចូល​ទៅ​លក់​នៅ​ប្រទេស​ថៃ​ឡើយ ព្រោះ​ចង់ឱ្យ​កសិករ​ខ្មែរ​យើង​មានការ​ងារ​ធ្វើ ដូច​ជា ការ​ចិញ្ច្រាំ​ដំឡូង​មី​ហាល ឬ​កែ​ច្នៃ​ទៅ​ជា​ម្សៅ​មី​រួចរាល់ ទើប​អាច​នាំ​ទៅ​លក់ដូរ​នៅ​ទីនោះ​បាន ។

បើ​យោង​តាម​សារព័ត៌មាន​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ដើម្បី​ការពារ​កុំឱ្យ​តម្លៃ​ដំឡូង​មី​ធ្លាក់​ចុះ​ក្នុង​ពេល​រដូវ​ប្រមូល​ផល​នេះ ក្រសួងពាណិជ្ជកម្ម​ថៃ នឹង​បង្ខំ​ឱ្យ​ឈ្មួញ​ដំឡូង​មី​រក្សា​ស្តុក​បន្ថែម​ទៀត ព្រមទាំង​កាត់​បន្ថយ​ការ​នាំ​ចេញ ។

ចាប់ពី​ដើមឆ្នាំ​ថ្មី​នេះ​រហូត​ដល់​ចុង​ខែមេសា ឈ្មួញ​នឹង​ត្រូវ​រក្សា​ស្តុក​ដំឡូង​មី​ខណៈ​ពួក​គេ​នាំ​ចេញ​ដំឡូង​មី​១០០​តោន គឺ​ត្រូវ​រក្សា​ក្នុង​ស្តុក​១៥០​តោន ។

លោក Duangporn Rodphaya អគ្គនាយក​នៃ​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេស​របស់​ក្រសួងពាណិជ្ជកម្ម ថ្លែង​ថា ៖ « វិធានការ​នេះ​នឹង​ជួយ​ឲ្យ​ការ​ផ្គត់ផ្គង់ និង​តម្រូវការ​ដំឡូង​មី​ក្នុង​អំឡុង​រដូវ​ប្រមូល​ផល​មាន​តុល្យភាព ហើយ​រក្សា​តម្លៃ​មិន​ឲ្យ​ធ្លាក់​ចុះ​ច្រើន​ពេក » ។

នាយកដ្ឋាន​នឹង​បញ្ជូន​ភ្នាក់ងារ​ទៅ​ពិនិត្យ​ឃ្លាំង​២​ដង​ក្នុង​មួយ​ខែ​ដើម្បី​ធានា​ថា ឈ្មួញ​ទាំងអស់​គោរព​តាម​បទ​ប្បញ្ញត្តិ​នេះ ។ លើស​ពី​នេះ​ទៀត អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​មួយ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​សហព័ន្ធ​អ្នក​ដាំដំឡូង​មី និង​សមាគម​ផលិត​អេតាណុល​ថៃ ដើម្បី​ធានា​ថា យ៉ាង​ហោច​ណាស់ ដំឡូង​មី​១.២០០​តោន​ត្រូវ​បាន​ទិញ​ពី​កសិករ​ក្នុង​១​ថ្ងៃ មាន​តម្លៃ​១.៩០​បាត​ក្នុង​១​គីឡូក្រាម ។

ក្រសួងពាណិជ្ជកម្ម​ថៃ ឲ្យ​ដឹង​ថា អនុស្សរណៈ​នេះ​នឹង​មាន​ប្រសិទ្ធភាព​ចាប់ពី​ខែមករា ដល់​ខែមីនា អំឡុង​ពេល​ដែល​ដំឡូង​មី​មាន​ចំនួន​សរុប​១០៨​ពាន់​តោន​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ការ​ផលិត​អេតាណុល ។ ក្រសួង​ព្យាករ​ថា នៅ​ឆ្នាំ​ក្រោយ​ដំឡូង​មី​សរុប​ចំនួន​៣១​លាន​តោន នឹង​ត្រូវ​ដាំ​ដុះ​ប្រមាណ​១៧​លាន​តោន​ក្នុង​អំឡុង​ត្រីមាស​ទី​១ ។

នៅ​អំឡុង​ពេល​១០​ខែ​ដំបូង​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​នាំ​ចេញ​ផលិតផល​ដំឡូង​មី​៨,៩​លាន​តោន ក្នុង​តម្លៃ​២,៣៨​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក (៨៥,៧​ប៊ី​លាន​បាត​) ធ្លាក់​ចុះ​១០,៤%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នៃ​បរិមាណ និង​២០,២៩%​នៃ​តម្លៃ ៕