ខេត្តព្រះសីហនុ ៖ ក្រោយខកខាននេសាទជាច្រើនថ្ងៃ ដោយសារតែធាតុអាកាសមិនអំណោយផលល្អនោះ ពលរដ្ឋអ្នកនេសាទភាគច្រើនក្នុងខេត្តព្រះសីហនុ បានចេញទៅនេសាទវិញជាបណ្តើរៗហើយ បន្ទាប់ពីសមុទ្រស្ងប់ខ្យល់ ស្ងប់ភ្លៀង គិតត្រឹមថ្ងៃទី១៨ កក្កដា នេះ ។

បើតាមពលរដ្ឋអ្នកនេសាទសមុទ្រឱ្យដឹងថា ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗ អ្នកនេសាទភាគច្រើនបានចេញទូកជាក្រុម ជាមួយនឹងការត្រៀមបម្រុងនូវឧបករណ៏សង្គ្រោះបឋមផ្សេងៗនៅលើទូកផងដែរ ដើម្បីអាចជួយសង្គ្រោះគ្នាបានក្នុងពេលមានគ្រោះអាសន្នណាមួយកើតឡើង ។

ទោះជាយ៉ាងនេះក្តី ដោយសារតែរដូវវស្សាសំបូរភ្លៀង ខ្យល់ អាជ្ញាធរនៅតែអំពាវនាវឲ្យបងប្អូនអ្នកនេសាទបង្កើនការប្រុងប្រយ័ត្នពីសុវត្ថិភាពរបស់ខ្លួនឱ្យបានខ្ពស់ ។

ដោយឡែក សម្រាប់តម្លៃអាហារសមុទ្រមួយចំនួននៅផ្សារលើ នៅក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃ១៧ កក្កដា គឺសម្រាប់ក្តាមថ្មប្រភេទលេខ១តម្លៃ៨០.០០០រៀល(០៨មុឺនរៀល) ក្នុងមួយគីឡូក្រាម ។ ក្តាមសេះប្រភេទលេខ១ តម្លៃ៥.៥០០០(០៥មុឺនប្រាំពាន់រៀល) ក្នុងមួយគីឡូក្រាម ។ បង្គាប្រភេទលេខ១ តម្លៃ៦០.០០០រៀល(០៦មុឺនរៀល)ក្នុងមួយគីឡូក្រាម និងមឹកបំពង់វែងប្រភេទលេខ១ តម្លៃ៥០.០០០រៀល(០៥មុឺនរៀល)ក្នុងមួយគីឡូក្រាម។




ចែករំលែកព័តមាននេះ