ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​រាត្រី​ធ្វើ​ពី​កុងតឺន័រ​មួយ​នឹង​បើក​នៅ​ភ្នំពេញ​នា​ពេល​ឆាប់​ៗ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្សារ​រាត្រី​ធ្វើ​ពី​កុងតឺន័រ​មួយ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ ផ្សារ​រាត្រី​ធ្វើ​ពី​កុងតឺន័រ​មួយ​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក នឹង​បើក​ដំណើរការ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

លោក​ឧកញ៉ា ស្រី ចាន់​ថន អគ្គនាយក​ក្រុមហ៊ុន Skyland បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ កន្លង​មក​ថា ផ្សារ​រាត្រី​នេះ លោក​បាន​យក​ទូ​កុងតឺន័រ​មក​វះ​ដើម្បី​ធ្វើ​ជា​ស្តង់​លក់ទំនិញ ដែល​ជួល​ក្នុង​តម្លៃ​ចន្លោះ​ពី​៣០០​ទៅ​៣៥០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ ។ កុងតឺន័រ​មួយ​អាច​វះ​ធ្វើ​ជា​ស្តង់​បាន​២​ទៅ​៤ អាស្រ័យ​លើ​ប្រវែង​កុងតឺន័រ​នីមួយ​ៗ ហើយ​មូលហេតុ​ដែល​លោក​យក​កុងតឺន័រ​មក​ធ្វើ​ស្តង់​នេះ គឺ​ធ្វើ​ឲ្យ​ប្លែក​និង​ទាក់ទាញ​អតិថិជន ។

លោក​បន្ត​ថា ផ្សារ​នេះ​ស្ថិត​នៅ​លើ​ទំហំ​ដី​ប្រមាណ​១​ហិ​កតា នឹង​បើក​ដំណើរការ​នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ ប្រសិនជា​គ្មាន​អ្វី​ប្រែប្រួល​ទេ​នោះ ។

ទោះជា​យ៉ាងណា លោក​ឧកញ៉ា​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ទុន​វិនិយោគ​លើ​ផ្សារ​ដែល​មាន​លក្ខណៈ​ប្លែក​ពី​គេ​នៅឡើយ​ទេ ។ ផ្សារ​នេះ​មា​នទី​តាំងនៅ​ចន្លោះ​អគារ​ប៊ូឌី​ញ​ស ពោល​គឺ​ស្ថិត​នៅ​ទល់មុខ​អគារ​រដ្ឋ​សភាជាតិ និង​ស្ថិត​នៅ​ក្រោយ​ភោជនីយដ្ឋាន Jet Plus ។

លោក ញ៉ែ​ម ចិ​ត្រា ជំនួយការ​លោក​ឧកញ៉ា​ស្រី ចាន់​ថន បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ ការ​នាំ​យក​កុងតឺន័រ​មក​ដាក់​នៅ​ទីតាំង​ផ្សារ​សម្រេច​បាន​ពាក់កណ្តាល​ហើយ និង​រំពឹង​នឹង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ហើយ​ការ​បើក​ឲ្យ​អាជីវករ​ចូល​ជួល​ស្តង់ នឹង​ចាប់ផ្តើម​នៅ​ខែមករា ឆ្នាំ​២០១៧​ខាង​មុខ ។ ផ្សារ​រាត្រី​កុងតឺន័រ​នេះ​នឹង​លក់ទំនិញ​ចម្រុះ ពិសេស ទំនិញ​មក​ពី​ប្រទេស​ថៃ និង​មាន​លក់​ម្ហូបអាហារ កន្លែង​កាត់សក់ បារ​តូច​ៗ និង​ទំនិញ​ទាក់ទាញ​មួយ​ចំនួន​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ផ្សារ​នេះ​មាន​លក្ខណៈ​រស់​រវើក​ស្រ​ដៀង​គ្នា​នឹង​ផ្សារ​រាត្រី​នៅ​ប្រទេស​ថៃ ។

លោក​បន្ត​ថា ៖ « ខ្ញុំ​ជឿជាក់​ថា ផ្សារ​នេះ​នឹង​ទទួល​បាន​ជោគជ័យ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ព្រោះ​គោលដៅ​របស់​យើង​ចង់​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស » ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា នៅ​រាជធានី​ភ្នំពេញ​មិនសូវ​មាន​កន្លែង​កម្សាន្ត​នា​ពេល​រាត្រី​នៅឡើយ​ទេ ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​បន្ថែម​ពី​វិស័យ​ឯកជន ព្រោះ​នៅ​ពេល​គ្មាន​ការ​វិនិយោគ​ពី​វិស័យ​ឯកជន​ច្រើន​លើ​សេវាកម្ម​នានា​ក្នុង​ពេល​រាត្រី នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ចំណាយ​ប្រាក់​ច្រើន និង​ស្នាក់​នៅ​យូរ​នៅ​កម្ពុជា​។

លោក​បន្ត​ថា ៖ « កម្ពុជា​មិន​ទាន់​ទាក់ទាញ​ភ្ញៀវ​ពី​ប្រទេស​ឥណ្ឌា និង​ពី​ប៉ែក​អា​រ៉ាប់​ច្រើន​ទេ ដោយសារ​យើង​ខ្វះ​នូវ​សេវាកម្ម​កម្សាន្ត​សប្បាយ​ទាំង​អស់នេះ ខុស​ពី​ប្រទេស​ថៃ​ដែល​មាន​ភ្ញៀវ​ទេសចរ​ឥណ្ឌា និង​អា​រ៉ាប់​រាប់​លាន​នាក់​ទៅ​កម្សាន្ត ដោយសារ​គេ​មាន​កន្លែង​កម្សាន្ត​សប្បាយ ហាង​លក់ទំនិញ​សម្បូរ​បែប​ទាំង​ពេល​ថ្ងៃ និង​ពេល​រាត្រី » ៕