រាជធានីភ្នំពេញ ៖ អ្នកនាងសុខ ច័ន្ទធីតា ហៅកាតុ រហូតមកដល់ពេលនេះមានអាយុ ៣១ឆ្នាំហើយ នៅតែស្រស់ស្អាតសាច់សខ្ចី មិនចាញ់តារាវ័យក្មេងៗស្រករក្រោយឡើយ ហើយនៅតែសំបូរវោហារ កាយវិការក្រមិចក្រមើមលែបខាយក្នុងលក្ខណៈសិល្បៈកំប្លែងជាមួយដៃគូសម្ដែង កំប្លែងដ៏ស័ក្ដិសមជាមួយក្រុមនាយក្រឹម។
ប៉ុន្ដែបច្ចុប្បន្ននេះ ស្រាប់តែគេសង្កេតឃើញនាងលេចមុខលេចមាត់នៅស្ថានីយទូរទស្សន៍ ប៉ុស្ដិ៍លេខ៥ និងទូរទស្សន៍ CTN ដោយបាត់ មុខពីក្រុមកំប្លែងរបស់នាយក្រឹម ដែលកាលពីមុនៗមកគេសង្កេតឃើញនាងសម្ដែងកំប្លែងជាប្រចាំនៅស្ថានីយទូរទស្សន៍បាយ័ន ។អ្នកកំប្លែងស្រីវ័យ៣១ឆ្នាំ សាច់សខ្ចី សម្ដី ច្រែតៗរូបនេះបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈសម្ដែងកាយវិការខារ៉ាអូខេ សម្ដែង ភាពយន្ដ និងសម្ដែងកំប្លែងតាំងពីឆ្នាំ២០០១ មក ដែលកាលនោះនាងមានម្ដាយជាតួល្ខោន ។
ក្រោយពីនាងក្លាយជាតារាសម្ដែង និងតារាកំប្លែង នាងក៏ចេះច្រៀងបានពីរោះ គួរសមដែរ ។ កន្លងមកនាងធ្លាប់សម្ដែងនៅតាមភោជនីយដ្ឋានមួយចំនួនជាមួយនាយ សាន ម៉ៅ ហៅសេដ្ឋីអូរ៉ាន់ អតីតស្វាមី បណ្ដោះអាសន្នរបស់នាង តែរស់នៅជាមួយគ្នាប៉ុន្មានឆ្នាំក្រោយមកក៏បានបែកបាក់គ្នាទៅវិញ ហើយនាងបានរៀបការជាមួយតន្ដ្រីករម្នាក់ដោយរស់នៅជាមួយគ្នាយ៉ាងមាន សុភមង្គលរហូតដល់សព្វថ្ងៃនេះ ។
នាងសុខ ច័ន្ទធីតា ហៅកាតុ ចាប់តាំងពីចូលវិស័យសិល្បៈរយៈពេលប្រមាណ១០ឆ្នាំមកនេះ អាជីពសម្ដែងរបស់នាងមានការរីកចំរើនយ៉ាងរលូនទៅមុខជានិច្ច ។ កន្លងមកនាងធ្លាប់បានចូលរួមសម្ដែងថតរឿងកំប្លែងខ្លីៗ រាប់រយរឿង សម្ដែងភាពយន្ដខ្នាតធំជាង២០ រឿង និងសម្ដែងថតល្ខោនវីដេអូភាគសំរាប់ ចាក់ផ្សាយតាមស្ថានីយទូរទស្សន៍បាន៨រឿង ។
ទោះបីជានាងកាតុ មានកេរ្ដិ៍ឈ្មោះល្បីជាតារាកំប្លែង តារាសម្ដែងភាពយន្ដយ៉ាងណាក៏ដោយ ក៏នាងមិនដែលបានចេញទៅសម្ដែង នៅឯបរទេស ប្រទេសណាមួយនោះទេ ដោយនាងនិយាយថា កន្លងមកគេទំនាក់ទំនងហៅនាងចេញទៅសម្ដែងនៅបណ្ដាប្រទេសមួយចំនួនដែរ តែមិនត្រូវថ្លៃគ្នា ព្រោះគេឱ្យតម្លៃទាបពេក ។ ដូច្នេះនាងសុខចិត្ដសម្ដែងនៅក្នុងប្រទេសវិញ ពីព្រោះរកលុយបានច្រើនជាង ។
បច្ចុប្បន្នក្រៅពីចូលរួមធ្វើជាពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍ លេខ៥ ក្នុងកម្មវិធី “មេចុងភៅលេខ១” និង ជាពិធីការិនីកម្មវិធីមហាកំប្លែងនៃស្ថានីយទូរទស្សន៍ CTN នាងក៏ច្រៀងជាកិត្ដិយសក្នុងកម្មវិធីប្រគំតន្ដ្រីតាមស្ថានីយទូរទស្សន៍នានា និងចេញសម្ដែងនៅតាមបណ្ដាខេត្ដ-ក្រុង ក្នុងកម្មវិធីបុណ្យផ្សេងៗផងដែរ ។
នាងកាតុ និយាយថា ការដែលនាងចាកចេញពីក្រុមនាយក្រឹម គឺមិនមានឈ្លោះប្រកែកគ្នា ឬអាក់អន់ស្រពន់ចិត្ដអ្វីនោះទេ គឺគ្រាន់តែបច្ចុប្បន្ននាងយល់ថា ក្រុមរបស់គាត់មានគ្នាច្រើនហើយ ហើយនាងចង់ទុកឱកាសឱ្យក្មេងៗជំនាន់ក្រោយដែលស្រឡាញ់វិស័យសិល្បៈកំប្លែងបានបង្ហាញសមត្ថភាព និងទេពកោសល្យរបស់គេប៉ុណ្ណោះ ។ មួយវិញទៀត រូបនាងក៏មានឈ្មោះល្បី ហើយ មានការងារច្រើនទៀតក៏សុំសំរាកមួយរយៈសិន ។
ជាទីបញ្ចប់នាងកាតុនិយាយថា ភាពស្រស់ស្អាតរបស់នាង គឺមិនបានកែកុនអ្វីនោះទេ គ្រាន់តែថែរក្សាខ្លួនប្រាណដោយលាបឡេ និងហាត់ប្រាណប៉ុណ្ណោះ ប៉ុន្ដែដល់ពេលនាង មានអាយុជាង៤០ឆ្នាំ ទើបមានគំរោងកែកុន។
ចែករំលែកព័តមាននេះ