ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួ​ក ស្រី​ណូ ជ្រុះ​ចេញពី​កម្មវិធី «Cambodia Ldol» តែ​តាំងចិត្ត​សាង​ក្តី​សង្ឃឹម​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​គួ​ក ស្រី​ណូ បាន​ជ្រុះ​ចេញពី​ការ​ប្រកួត​ជា​លើក​ទី​២​ហើយ​ក្នុង​កម្មវិធី «Cambodia Idol» បន្ទាប់​ពី​បេ​ក្ខ​នារី​រូប​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​តិច​ជាងគេ​ពី​ទស្សនិកជន​កាលពី​ស​ប្តា​ហ៍​ទី​៣ តែ​ត្រូវ

រាជធានី​ភ្នំពេញ​៖ បេ​ក្ខ​នារី​គួ​ក ស្រី​ណូ បាន​ជ្រុះ​ចេញពី​ការ​ប្រកួត​ជា​លើក​ទី​២​ហើយ​ក្នុង​កម្មវិធី «Cambodia Idol» បន្ទាប់​ពី​បេ​ក្ខ​នារី​រូប​នេះ​បាន​ទទួល​សំឡេង​ឆ្នោត​តិច​ជាងគេ​ពី​ទស្សនិកជន​កាលពី​ស​ប្តា​ហ៍​ទី​៣ តែ​ត្រូវ​គណៈកម្មការ​ទាំង​៤​នាក់​ផ្តល់​ឱកាស​រហូត​ដល់​វគ្គ Live Show ស​ប្តា​ហ៍​ទី​៦ ។

បេ​ក្ខ​នារី​គួ​ក ស្រី​ណូ បាន​ជ្រុះ​ចេញពី​កម្មវិធី​ជា​លើក​ទី​២​កាលពី​រាត្រី​ថ្ងៃ​ទី​៥ ខែធ្នូ ២០១៦ ស​ប្តា​ហ៍​ទី​៦ បន្ទាប់​ពី​បេ​ក្ខ​នារី​រូប​នេះ​ច្រៀង​បទ «​ថ្ងៃ​ណា​បំភ្លេច​បង​បាន​» ដែល​ជា​សំនៀង​ដើម​របស់​លោក​ហួរ ឡា​វី ។

គួ​ក ស្រី​ណូ បាន​ទទួល​សារ​គាំទ្រ​តិច​ជាងគេ ក្នុង​ចំណោម​បេក្ខជន បេ​ក្ខ​នារី​៦​នាក់​ផ្សេង​ទៀត ក្នុង​នោះ​បេក្ខជន​២​នាក់​ដែល​ឈរ​លំដាប់​បន្ទាប់​ពី​បេ​ក្ខ​នារី​រូប​នេះ​មាន​នាង ប្រាក់​សុគន្ធ និង​រស់ ព្រួយ ។

ទោះបីជា​ធ្លាក់​ចេញពី​ការ​ប្រកួត​នេះ​ក្តី គួ​ក ស្រី​ណូ ហាក់​មិន​បង្ហាញ​ការ​ខកចិត្ត​ទេ តែ​បង្ហាញ​ក្តី​រីករាយ​ដែល​អាច​មានឱកាស​ឈាន​មក​ដល់​វគ្គ​នេះ ។ គួ​ក ស្រី ណូ ថ្លែង​អំណរ​គុណ​​ដល់​គណៈកម្មការ​ទាំង​៤​នាក់​ដែល​បាន​ទទួលយក​នាង​ឲ្យ​មានឱកាស​មក​ដល់​វគ្គ​នេះ និង​ថ្លែងអំណរគុណ​ដល់​ទស្សនិកជន​ទាំងអស់​ដែល​បាន​ផ្ញើ​សារ​គាំទ្រ​រូប​នេះ​ជា​បន្ត​បន្ទាប់ ។ ស្រី​ណូ​តាំង​ចិត្តនឹង​មិន​អស់សង្ឃឹម​ទេ ដោយ​នាង​នឹង​ខិតខំ​បន្ត​ទៀត បើ​ទោះបីជា​នាង​បាន​ចាក​ចេញពី​កម្មវិធី​ក៏​ដោយ ។

តាម​រយៈ​កម្មវិធី​មួយ​នេះ​គួ​ក ស្រី​ណូ ថា​នាង​បាន​ទទួល​បទ​ពិសោធន៍​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​នាង​វិ​វ​ឌ្ឍ​ខ្លួន​យ៉ាង​ល្អ ហើយ​នាង​ជូនពរ​ដល់​បេក្ខជន បេ​ក្ខ​នារី​ដែល​នៅ​សល់​ឲ្យ​ខិតខំ​បន្ថែម​ទៀត ។

គណៈកម្មការ​កញ្ញា ឱ​ក សុគន្ធ​កញ្ញា និយាយ​ថា «​ពួក​យើង​ពិតជា​គ្មាន​ឱកាស​ជួយ​ដល់​គួ​ក ស្រី​ណូ ជា​លើក​ទី​២​ឱ្យ​ដល់​ស​ប្តា​ហ៍​ក្រោយ​មែន ប៉ុន្តែ​ពួក​យើង​នៅ​តែ​ស្រឡាញ់ និង​ពេញចិត្ត​សមត្ថភាព​ស្រី​ណូ ។ រាល់​ការ​ខិតខំ​របស់​ប្អូន​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បេ​ក្ខ​នារី​ម្នាក់​ពិតជា​មិន​ចុះចាញ់ ហើយ​បាន​ដុសខាត់​សមត្ថភាព​របស់​ខ្លួន នៅ​ក្នុង​កម្មវិធី Cambodia Idol រដូវ​កាល​ទី​២​នេះ ផ្តល់​បទ​ពិសោធន៍​ដល់​បេក្ខជន​គ្រប់​រូប ក៏​ដូច​ជា​អ្នក​ដែល​ស្រឡាញ់​វិស័យ​សិល្បៈ ជា​ពិសេស​ផ្នែក​ចម្រៀង ដើម្បី​ក្រោកឈរ​ឡើង​ខំប្រឹង ព្រោះ​គ្មាន​ជ័យជម្នះ​ណាមួយ​ដែល​មិន​បាន​ឆ្លងកាត់​ការ​លំបាក​នោះ​ទេ ដូច្នេះ​រាល់​បទ​ពិសោធន៍​ដែល​ប្អូន​បាន​ទទួល​ពី​កម្មវិធី​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​ប្អូន​ទទួល​បាន​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​» ។

រហូត​មក​ដល់​ពេល​នេះ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Cambodia Idol បាន​រក​ឃើញ​បេក្ខជន បេ​ក្ខ​នារី​ចំនួន​៦​នាក់​ដែល​អាច​ឈាន​ជើង​ទៅ​កាន់​វគ្គ Live Show ស​ប្តា​ហ៍​ទី​៧ ក្នុង​នោះ​មាន​កញ្ញា​ម៉​ង់ ចាន់​កញ្ញា​, ឈិ​ន ម៉ា​និ​ច​, នួន សុធា​រ័ក្ស​, ហ៊ិ​ន លី​ដា​, រស់ ព្រួយ និង​នាង ប្រាក់​សុគន្ធ ។

បេក្ខជន និង​បេ​ក្ខ​នារី​៣​នាក់​នៅ​តែ​ស្ថិត​ក្នុង​ភាគរយ​ខ្ពស់​បំផុត​ពី​ការ​ទស្សន៍​ទាយ​របស់​ទស្សនិកជន​លើក​ពានរង្វាន់​គឺ​កញ្ញា​ម៉​ង់ ចាន់​កញ្ញា​, នួន សុធា​រ័ក្ស និង​ហ៊ិ​ន លី​ដា ៕