ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​សម្រេច​ផ្ដល់​សុពលភាព​ទិដ្ឋាការ​សម្រាប់​វិនិយោគិន​ចិន និង​កូរ៉េ​មាន​រយៈពេល​3​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​វិនិយោគិន​ចិន និង​កូរ៉េ​កាន់​លិខិតឆ្លងដែន​ធម្មតា​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្ដល់​

រាជធានី​ភ្នំពេញ ៖ សម្រាប់​វិនិយោគិន​ចិន និង​កូរ៉េ​កាន់​លិខិតឆ្លងដែន​ធម្មតា​ដែល​មក​វិនិយោគ​នៅ​កម្ពុជា ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេច​ផ្ដល់​សុពលភាព​ទិដ្ឋាការ​មាន​រយៈពេល​រហូត​ដល់​៣​ឆ្នាំ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​វេទិកា​ធុរកិច្ច និង​ហិរញ្ញវត្ថុ កម្ពុជា​-​ចិន ដែល​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១ ធ្នូ ម្សិលមិញ នៅ​សណ្ឋាគារ Garden City រាជធានី​ភ្នំពេញ ។

សម្ដេច​ថ្លែង​ថា ៖ « ថ្ងៃនេះ បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​ក្រសួងទេសចរណ៍ ដោយ​ពិគ្រោះ​យោបល់​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ខ្ញុំ​បាន​សម្រេច​ផ្ដល់​ជូន​សម្រាប់​អ្នក​វិនិយោគ​ដែល​មក​ពី​ចិន និង​កូរ៉េ នូវ​ទិដ្ឋាការ​ចេញចូល​ច្រើន​ដង និង​រយៈពេល​វែង​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លងដែន​ធម្មតា រយៈពេល​៣​ឆ្នាំ​តែ​ម្ដង ។ អីចឹង ចាប់ពី​ពេល​នេះ​តទៅ អ្នក​វិនិយោគ​ទាំងឡាយ​របស់​ចិន​ដែល​កាន់​លិខិតឆ្លងដែន​ធម្មតា គឺ​មិន​ចាំបាច់​ត្រូវការ​សុំ​វី​សា (​ទិដ្ឋាការ​) ទៀត​ទេ ហើយ​ក៏​មិន​ចាំបាច់​បង់ថ្លៃ​ទៀត​ដែរ ក្នុង​រយៈពេល​៣​ឆ្នាំ ដោយ​គ្រាន់តែ​បោះត្រា​ចេញ​-​ចូល​តែ​ប៉ុណ្ណោះ​» ។

ការ​សម្រេច​បែប​នេះ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​បណ្ដា​វិនិយោគិន​ចិន និង​កូរ៉េ ដែល​ងាយស្រួល​ចេញ​-​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគិន​បរទេស​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា​ផង​ដែរ ។

ក្នុង​ឱកាស​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ថ្លែង​អំពី​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​កើត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ប្រជា​ជន​កម្ពុជា ហើយ​ក៏​មិន​អាច​កាត់​ផ្ដាច់​បាន​នូវ​ជំនួយ​ឧបត្ថម្ភ​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ជា​ពិសេស ប្រទេស​ចិន តាម​រយៈ​ការ​ផ្ដល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ ទាំង​ហិរញ្ញ​ប្បទាន​ឥត​សំណង និង​ហិរញ្ញប្បទាន​សម្បទាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ។

សម្តេច​ថ្លែង​ថា ៖ « ដោយសារ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំងនេះ ខ្ញុំ​អាច​និយាយ​បាន​ថា មិត្ត​ចិន​ជា​អ្នក​ជួយ​កសាង​ផ្លូវ​វែង​ជាងគេ​នៅ​កម្ពុជា ដែល​មាន​ប្រវែង​សរុប​១.៥០០​គីឡូម៉ែត្រ និង​ស្ពាន​សាងសង់​រួច​ចំនួន​៧ ដែល​មាន​ប្រវែង​សរុប​ប្រមាណ​៣.១០៤​ម៉ែត្រ ។ ជាមួយ​គ្នា​នេះ​ដែរ ក្នុង​រយៈពេល​១៤​ឆ្នាំ​កន្លង​ទៅ​នេះ ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​មានការ​កើន​ឡើង​១១​ដង ពី​១៨០​មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០០២ ដល់​១.៩៨៦​មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ​២០១៥​។ កំណើន​នៃ​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទាំង​អស់នេះ​អាច​សម្រេច​ទៅ​បាន ដោយ​មានការ​ចូលរួម​ជា​គំហុក​ផង​ដែរ​ពី​សំណាក់​វិនិយោគិន​ចិន​នៅ​ក្នុង​ការ​វិនិយោគ​វា​រី​អគ្គិសនី តាម​រូបភាព​សាងសង់ អាជីវកម្ម និង​ផ្ទេរ » ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ពី​គោលដៅ​ចំពោះ​មុខ​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ដោយ​បាន​ដាក់​ចេញ​នូវ​ផែនការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​សម្រេច​បានជា​ទឹកប្រាក់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៧ ខាង​មុខ ។

តាម​ការ​បញ្ជាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ពាណិជ្ជកម្ម​សរុប​រវាង​កម្ពុជា​-​ចិន ក្នុង​ឆ្នាំ​២០១៥ សម្រេច​បាន​ចំនួន​៤.៣០០​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​កើនឡើង​១៥,១៩% បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែល​សម្រេច​បាន​៣.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ក្នុង​នោះ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៥ មាន​ចំនួន​៤០៥​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​ការ​នាំ​ចូល​របស់​កម្ពុជា​ពី​ប្រទេស​ចិន មាន​ចំនួន​៣.៩០០​លាន​ដុល្លារ​អា​មេ​រិ​ក គឺ​មានការ​កើនឡើង​១៩,៧០% បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ដែល​មាន​ចំនួន​៣.៣០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​វិនិយោគ​ផ្ទាល់​ពី​បរទេស ផ្អែក​តាម​ការ​កត់ត្រា​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ជនបទ​កម្ពុជា​ក្នុង​រយៈពេល​៥​ឆ្នាំ​ជាប់​ៗ​គ្នា ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥ ប្រទេស​​ចិន​គឺជា​ប្រភព​ទុន​វិនិយោគ​ធំ​ជាងគេ​នៅ​កម្ពុជា​ក្នុង​បរិមាណ​សរុប​៤.៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន​ចំនួន​ប្រមាណ​៥៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក ត្រឹម​ខែតុលា ឆ្នាំ​២០១៦​នេះ គម្រោង​វិនិយោគ​ចិន​ដែល​បាន​កត់ត្រា​ក្នុង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន​៨៤​គម្រោង ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​៧១៦​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​២៤,៦៩%​នៃ​ទុន​វិនិយោគ​សរុប ៕