ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផ្តល់​ឥណទាន​ពី​ស្ថាប័នហិរញ្ញវត្ថុ​កាន់តែ​មាន​ភាព​ទទួលខុសត្រូវ​ជាង​មុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថាប័នហិរញ្ញវត្ថុ​នានា​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ផ្តល់​ឥណទាន​របស់​ខ្លួន​កាន់តែ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន ស្រប​ពេល​កំណើន​ឥណទាន​កើនឡើង​ខ្ពស់​ធៀប​នឹង​ផលទុនជាតិ​សរុប ។

រាជធានី​ភ្នំពេញ ៖ ស្ថាប័នហិរញ្ញវត្ថុ​នានា​បាន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​ផ្តល់​ឥណទាន​របស់​ខ្លួន​កាន់តែ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន ស្រប​ពេល​កំណើន​ឥណទាន​កើនឡើង​ខ្ពស់​ធៀប​នឹង​ផលទុនជាតិ​សរុប ។

លោក​ឧកញ៉ា ហួត អេ​ង​តុង ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ វិច្ឆិកា​ថា ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​មិន​បាន​រឹត​បន្តឹង​ក្នុង​ការ​ផ្តល់​ឥណទាន​នោះ​ទេ ។ ប៉ុន្តែ​យើង​បាន​ផ្តល់​ឥណទាន​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ជាង​មុន ដើម្បី​សុខភាព​រួម​នៃ​វិស័យ​ទាំងមូល ព្រោះ​យើង​មិន​ចង់​ឲ្យ​មាន​ហានិភ័យ​ក្នុង​វិស័យ​នេះ ។ បច្ចុប្បន្ន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នានា​បាន​ផ្តល់​ឥណទាន​តែ​លើ​អតិថិជន​ណា​ដែល​មានមុខ​របរ និង​ជំនួញ​ច្បាស់លាស់ ។

លោក​បន្ត​ថា ៖ « ចំនួន​ទឹកប្រាក់​ផ្តល់​កម្ចី ឬ​ទំហំ​ឥណទាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ មិន​ថមថយ​នោះ​ទេ ប្រសិនជា​ពិនិត្យ​លើ​ទំហំ​សាច់ប្រាក់ ប៉ុន្តែ​បើ​មើល​ជា​ភាគរយ គឺ​តូច​ជាង​មុន​។ នៅ​ពេល​ការ​ផ្តល់​ឥណទាន​កាន់តែ​មានការ​ទទួលខុសត្រូវ ធ្វើ​ឲ្យ​សុខភាព​ឥណទាន​កាន់តែ​ល្អ​ប្រសើរ ការ​ប្រកួតប្រជែង​កាន់តែ​មាន​តម្លាភាព និង​ធ្វើ​ឲ្យ​វិស័យ​នេះ​មានការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព » ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បច្ចុប្បន្ន​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជា​សមាជិក​សរុប​ចំនួន​៥៨ ។

លោក អិុន ចាន់​នី អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ថ្លែង​ថា តាម​ពិត គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នីមួយ​ៗ រាប់​ទាំង​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ គឺ​ពួក​គេ​បាន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្តល់​ឥណទាន​រួច​ទៅ​ហើយ ព្រោះ​ប្រសិនជា​មាន​ឥណទាន​ខូច ឬ​សង​ត្រឡប់​មិន​ទាន់​ពេលវេលា​ច្រើន នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខាតបង់ និង​ខូច​ឈ្មោះ​ដល់​ស្ថាប័ន​របស់​ខ្លួន ។ ស្ថាប័ន​ទាំងនេះ​ប្រុង​ប្រយ័ត្ន​ខ្លួនឯង ព្រោះ​វា​ពាក់ព័ន្ធ​នឹង​សុខុមាលភាព​របស់​ស្ថាប័ន និង​ដៃគូ​របស់​ខ្លួន ។ លោក​បន្ត​ថា ៖ « ប្រសិនជា​ឥណទាន​ខូច​ច្រើន វា​នឹង​ខូច​ឈ្មោះ​ដល់​ប្រទេស​របស់​យើង ហើយ​ការ​រឹត​បន្តឹង​ឥណទាន គឺ​អាស្រ័យ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នីមួយ​ៗ ព្រោះ​បើ​មិន​ប្រុង​ប្រយ័ត្ន មាន​ន័យ​ថា ជា​ការ​ផ្តល់​ឥណទាន​ខុស » ។

លោក អិុ​ន ចាន់​នី បន្ថែម​ថា ឥណទាន​មាន​ពីរ​ប្រភេទ គឺ​ឥណទាន​សម្រាប់​អាជីវកម្ម ជា​ប្រភេទ​ឥណទាន​ដើម្បី​បង្កើន​ប្រាក់​ចំណូល និង​មាន​សុវត្ថិភាព​សម្រាប់​ការ​រីក​ចម្រើន​ដល់​អ្នក​ទទួល​បាន​ឥណទាន​ផង និង​អាច​សង​មក​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នានា​ផង ។ ចំណែក​ឥណទាន​ប្រើប្រាស់ ជា​ប្រភេទ​ឥណទាន​យក​មក​ទិញ​របស់​ប្រណីត​ដូច​ជា រថយន្ត ទូរស័ព្ទ​ដៃ និង​ទូរទស្សន៍​ជាដើម ។ ឥណទាន​ប្រភេទ​នេះ ជា​ប្រភេទ​ឥណទាន​គ្រោះថ្នាក់ និង​មាន​ហានិភ័យ​ខ្ពស់ ប៉ុន្តែ​វា​មាន​ទំហំ​តូច​នៅឡើយ គឺ​មាន​ប្រមាណ​៥%​នៃ​ឥណទាន​សរុប ដូច្នេះ វា​មិន​មាន​សញ្ញា​គ្រោះថ្នាក់​នៅឡើយ​ទេ ។

លោក ឆា​រស៍ វ៉ា​ន់ ប្រធាន​ស្តីទី​សមាគម​ធនាគារ​កម្ពុជា បាន​ថ្លែង​ថា ការ​ផ្តល់​ឥណទាន​បច្ចុប្បន្ន​មិនមែន​ជា​ការ​រឹត​បន្តឹង​នោះ​ទេ ផ្ទុយ​ទៅ​វិញ ការ​ផ្តល់​ឥណទាន​បច្ចុប្បន្ន​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​ប៉ុណ្ណោះ ។

សេដ្ឋវិទូ​ជាន់ខ្ពស់​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ បាន​ថ្លែង​ដែរ​ថា ឥណទាន​ប្រៀប​ដូច​ជា​ខ្លាញ់​នៅ​ក្នុង​ខ្លួន​មនុស្ស រាង​កាយ​មនុស្ស​ត្រូវការ​ខ្លាញ់​ដើម្បី​ដំណើរការ ប៉ុន្តែ​ក៏​មិន​ត្រូវការ​ខ្លាញ់​ច្រើន​ពេក​នោះ​ដែរ ។ ហេតុនេះ​ទាមទារ​ឲ្យ​មានការ​ថ្លឹងថ្លែង​ក្នុង​ការ​ផ្តល់​ឥណទាន​កុំ​ឲ្យ​កើនឡើង​ខ្ពស់​ពេក តែ​ក៏​កុំ​ឲ្យ​មានការ​រឹត​បន្តឹង​ខ្លាំង​ពេក ព្រោះ​ការ​រឹត​បន្តឹង​ឥណទាន​ខ្លាំង​ពេក មិន​មាន​លំហូរ​សាច់ប្រាក់​ដល់​សេដ្ឋកិច្ចជាតិ ក៏​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មិន​ដំណើរការ​បាន​ល្អ​ដែរ ៕