ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​បិសាច​តណ្ហា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ខណៈ​កំពុង​ហាល​ខោអាវ ស្រាប់តែ​បុរស​ម្នាក់​ដើរមក​សួរ​រក​បងប្អូន គាត់​មិន​ទាន់​ទាំង​បាន​ឆ្លើយ​ផង ស្រាប់តែ​បុរស​រូប​នោះ​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ខណៈ​កំពុង​ហាល​ខោអាវ ស្រាប់តែ​បុរស​ម្នាក់​ដើរមក​សួរ​រក​បងប្អូន គាត់​មិន​ទាន់​ទាំង​បាន​ឆ្លើយ​ផង ស្រាប់តែ​បុរស​រូប​នោះ​ចាប់​អូស​ដៃ​រុញ​ចូល​បន្ទប់​រួច​ចាប់​ផ្ដួល​ធ្វើ​សកម្មភាព​រំលោភ ប៉ុន្តែ​ត្រូវ​បាន​គាត់​រើបម្រះ និង​ស្រែកហៅ​ឲ្យ​គេ​ជួយ ធ្វើ​ឲ្យ​បុរស​នោះ​ខឹង​យ៉ាង​ខ្លាំង​ក៏​បាន​ចាប់​វាយ រួច​បោក​គាត់​ទៅ​នឹង​ជញ្ជាំង ហើយ​រត់គេច​ខ្លួន​បាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​ជាន់​ទី​២ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជនសង្ស័យ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះ​ឡើយ ចំណែក​ស្ត្រី​ចំណាស់​រង​គ្រោះ​ឈ្មោះ ប៊ូ ច្រឹប អាយុ​៤៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤០ ជាន់​ទី​២ នៃ​ផ្ទះ​ជួល​កើតហេតុ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សំរោង ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ ។

ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បាន​ប្រមូល​សម្លៀក​បំពាក់​ទៅ​បោក​នៅ​មុខ​បន្ទប់​ជួល លុះ​គក់​រួច​បាន​យក​ទៅ​ហាល ដោយ​ដើរ​កាត់​បន្ទប់​ជួល​នោះ ។ ពេល​កំពុង​ហាល ជនសង្ស័យ​ធ្វើ​ជា​ដើរទៅ​សួរ​រក​បងប្អូន ហើយ​ពេល​នោះ​គាត់​មិន​ទាន់​បាន​ឆ្លើយ​ផង ស្រាប់តែ​ជន​នោះ​ចាប់​អូស​ដៃ​រុញ​គាត់​បញ្ចូល​ក្នុង​បន្ទប់ រួច​ដាក់​គន្លឹះទ្វារ ហើយ​ចាប់​គាត់​ប្រុង​រំលោភ ខណៈនោះ​គាត់​បាន​ខំ​រើបម្រះ និង​ស្រែក ធ្វើ​ឲ្យ​ជន​នោះ​ខឹង​យ៉ាង​ខ្លាំង​បាន​វាយ​ធ្វើបាប និង​ចាប់​បោក​គាត់​ផ្ទប់​ជញ្ជាំង​បណ្ដាល​ឲ្យ​រង​បួស​ប៉ោង​ភ្នែក និង​ប៉ោង​ក្បាល​យ៉ាងដំណំ បន្ទាប់​មក​ជនសង្ស័យ​ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​មិន​បាន​ទៅ​ប្ដឹង​នគរបាល​ភ្លាម​ៗ​ទេ រហូត​ដល់​វេលា​ម៉ោង​៤ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ទើប​គាត់​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ ៕