ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ឌិត សុខ ទូច សាកល្បងធ្វើស្រាពីផ្លែព្រីង ផ្ទុះការរិះគន់ផង និងការគាំទ្រផង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​លឺ​ស្រា​ធ្វើ​ពី​ផ្លែ​ឈើ ដូច​ជា ផ្លែ​ទំពាំងបាយជូរ​ជាដើម ពេល​នេះ លោក​បណ្ឌិត សុខ ទូច សាកល្បង​ធ្វើ​ស្រា​ដែល​ផលិត​ឡើង​ពី​ផ្លែ​ព្រីង…

រាជធានី​ភ្នំពេញ ៖ ធ្លាប់តែ​លឺ​ស្រា​ធ្វើ​ពី​ផ្លែ​ឈើ ដូច​ជា ផ្លែ​ទំពាំងបាយជូរ​ជាដើម ពេល​នេះ លោក​បណ្ឌិត សុខ ទូច សាកល្បង​ធ្វើ​ស្រា​ដែល​ផលិត​ឡើង​ពី​ផ្លែ​ព្រីង ។

តាម​រយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក បណ្ឌិត សុខ ទូច ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា កាលពី​ពេល​ថ្មី​ៗ​នេះ លោក​បាន​បង្ហាញ​ពី​រូបភាព និង​វី​ដេ​អូ​នៃ​បច្ចេកទេស​ផលិត​ស្រា​ដែល​ផ្សំ​ឡើង​ពី​ផ្លែ​ព្រីង ដោយ​លោក​បាន​សរសេរ​រៀបរាប់​ថា សាកល្បង​ធ្វើ​ស្រា​ពី​ផ្លែ​ព្រីង កុំ​និយាយ​អំពី​ទីផ្សារ ត្រូវ​តែ​កែ​ច្នៃ​វា ហើយ​អាច​ទុក​បាន​កាន់តែ​យូរ​កាន់តែ​ឆ្ងាញ់ កាន់តែ​ថ្លៃ ។ សាកល្បង​ធ្វើ​សម្រាប់​ខ្លួនឯង និង​ចែក​ជូន​ភ្លក់ ។ សារធាតុ​ផ្សំ​មាន​ព្រីង​៣​គីឡូក្រាម ទឹក​៦​លី​ត្រ មេ​ដាក់​ធ្វើ​នំ​បុ័ង​១០​ក្រាម ស្ករអំពៅ​១.៨​គីឡូក្រាម ។

តាម​រយៈ​ការ​ខ​មិន​ឆ្លើយ​តប​ជាមួយ​មហាជន ប្រធាន​រាជ​បណ្ឌិតសភា​កម្ពុជា លោក​បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា សារធាតុ​ផ្សំ​មាន ព្រីង​៣​គីឡូក្រាម ទឹក​ធម្មតា​៦​លី​ត្រ មេ​ធ្វើ​នំ​បុ័ង​១០​ក្រាម (​ដំបែរ​) ស្ករអំពៅ​១.៨​គីឡូក្រាម ។ បន្ទាប់​មក​យក​ព្រីង​មក​ច្របាច់ អោយ​បែក ច្របាច់​នឹង​ដៃ ឬ​យក​មក​ត្រ​ដោ​សនឹង​កញ្ច្រែង​ក៏​បាន ច្របាច់​រួច​ចាក់ទឹក​ចូល (​យក​ទាំង​គ្រាប់ ទាំង​សាច់​) ។ បន្ទាប់​មក​ចាក់​ស្ករ​ចូល កូរ​អោយ​សព្វ រួច​ចាក់​មេនំ​បុ័ង​ចូល​កូរ​ម្តងទៀត អោយរ​លាយ​មេ​អស់​ទៅ ចាំ​ដួស​ដាក់​ចូល​ក្រឡ ឬ​ធុង ។ ដាក់​ចូល​ធុង​ត្រូវ​ទុក​ចន្លោះ​កុំអោយ​ពេញ​ធុង​ពេក ទុក​ចន្លោះ​ប្រហែល​១​ឬ​២​លី​ត្រ វា​អាច​រីក​មាឌ ។ ធុង​ត្រូវ​មាន​រន្ធ​ចេញ​ខ្យល់ ដូច​ក្នុង​វី​ឌី​អូ ។ ខ្ញុំ​ច្នៃ​ដោយ​យក​វ៉ាល់​កង់​ម៉ូតូ​មក​ប្រើ ។ ដាក់​ដូច​ក្នុង​វី​ឌី​អូ ខ្យល់​ចេញពី​ធុង​បាន ប៉ុន្តែ​ខ្យល់​ចូល​មិន​បាន ធ្វើ​អោយ​ស្រា​មិន​ខូចគុណភាព ឬ​ជូរ​ផ្អូម ។

លោក​បញ្ជាក់​ទៀត​ថា ចន្លោះ​ពេល គឺ​អាស្រ័យ​នឹង​កាបូនឌីអុកស៊ីត​ឈប់​ភាយ បាន​ន័យ​ថា ខ្យល់​នៅ​ក្នុង​ទុយោ​លែង​ចេញ​ខ្យល់​ធ្វើ​អោយ​មាន​រំពុះ​ទឹក ។ ក្រោយ​ឃើញ​លែង​ចេញ​ខ្យល់​ចំនួន​២ ឬ​៣​ថ្ងៃ​ហើយ យើង​បង្ហូរទឹក​ដាក់​ក្នុង​ឱ​ទិន ឬ​ក្រឡ ដែល​មិន​ធ្វើ​ពី​ជ័រ ដើម្បី​រក្សា​ទុក អាច​និយាយ​ថា បន្ទុំ​ទុក​បាន​កាន់តែ​យូរ ស្រា​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់ ប៉ុន្តែ​បើ​រក្សា​ទុក​ចាប់ពី​៣​ខែ អាច​ពិសា​បាន​ហើយ តែបើ​ទុក​យូរ​បាន​កាន់តែ​ល្អ ។

ពាក់ព័ន្ធ​នឹង​ការ​សាកល្បង​ធ្វើ​ស្រា​ដែល​ផលិត​ឡើង​ពី​ផ្លែ​ព្រីង មហាជន​ជា​ច្រើន​ចូលរួម​បញ្ចេញ​មតិយោបល់​ខ្លួន ដោយ​មាន​ទាំង​អ្នកគាំទ្រ និង​អ្នក​ដែល​មិន​គាំទ្រ ក្នុង​រួម​មាន ៖ លោក​បណ្ឌិត​មិន​ខ្វះ​ប្រធានបទ​ទេ មិន​គួរ​បង្រៀន​រឿង​ធ្វើ​ស្រា​ទេ យុវជន​ច្រើន​ណាស់ តាមដាន​គំនិតល្អ​ៗ​ជាង​នេះ​ពី​លោក​បណ្ឌិត​! ។ អ្នកខ្លះ​ទៀត​បាន​និយាយ​ថា ប្រយ័ត្ន​ចេញ​ជា​ស្រា​ពុល តាម​ថា មិន​គួរ​ញុំ​ា​ស្រា​ទេ ថ្លើម​សាសន៍​អាស៊ី ប្រហែល​៤០% ខ្វះ​អង់​ហ្ស៊ី​ម​រំលាយ ឬ​កំទេច​ជាតិ​អាល់កុល​ពេល​ផឹក​ចូលខ្លួន ម្ល៉ោះហើយ​ជាតិ​អាល់កុល​ទៅ​ផ្ទុក​បំពុល​បំផ្លាញ​កោសិកា​នៃ​សរីរាង្គ​ផ្សេង​ៗ​ក្នុង​ខ្លួន​យើង ជា​ពិសេស​បំផ្លាញ​ថ្លើម​ហ្នឹង​ជា​ចំបង ហើយ​អាច​នាំ​ទៅ​កើត​មហារីក​បំពង់ក ពោះវៀន ក្រពះ ។​ល​។ និង ។​ល​។

ដោយឡែក​ផ្សេង​ទៀត​បាន​បញ្ជាក់​ថា ខ្ញុំ​ផ្ញើ​អត្ថបទ​ស្រួល​អាន​មួយ​លើ​រឿង​អាស៊ី​ញុំ​ា​នេះ មុន​និយាយ​សូមទោស​ទុកជា​មុន​ចា៎ សូមកុំ​ប្រើ​ដប​ប្លា​ស់​ស្ទិ​ច​ឲ្យ​សោះ សូម​ប្រើ​កូន​ពាង ឬ​កា​ទិន ឬ​ដប​កែវ​ធំ​មក​ប្រើ ផ្លាស់​ស្ទិ​ច​អាច​ចេញ​ជាតិពុល​នៅ​ពេល​ដាក់​ស្រា​ចូល​ពេល​ទុក​យូ អាច​មាន​គ្រោះថ្នាក់ ឬ​ពុល សូម​អភ័យទោស​ផង​នាង​ខ្ញុំ​និយាយ​ច្រើន មុន​ចែកចាយ​បរិភោគ សូម​ពិនិត្យ​លើ​គុណភាព​ចំណីអាហារ​ជា​មុន ជៀសវាង​ការ​ពុល​ស្រា​ជាយថាហេតុ ។

បើ​ទោះបីជា​មាន​មហាជន​ជា​ច្រើន​បាន​ចូលរួម​បញ្ចេញមតិ​រិះគន់​ទៅ​លើ​ការ​សាកល្បង​ផលិត​ស្រា​ដែល​ផ្សំ​ឡើង​ពី​ផ្លែ​ព្រីង​របស់​លោក​បណ្ឌិត សុខ ទូច ក៏​ដោយ ប៉ុន្តែ​ក៏​មាន​មហាជន​ជា​ច្រើន​ផ្សេង​ទៀត​បាន​ចូលរួម​អបអរសាទរ​ចំពោះ​គំនិត​ច្នៃប្រឌិត​របស់​លោក​បណ្ឌិត ដែល​អាច​ផលិត​ស្រា​ដែល​ធ្វើ​ពី​ផ្លែ​ព្រីង​ផង​ដែរ ។

មហាជន​ដែល​គាំទ្រ​លោក​បណ្ឌិត​បាន​បញ្ចេញយោបល់​ថា លោក​បណ្ឌិត​តែងតែ​បំផុស​នូវ​រាល់​គំនិត​ថ្មី​ៗ ចែក​ជូន​ដល់​អ្នក​ដែល​ស្រលាញ់ និង​អ្នក​ចូល​ចិត្ត ដើម្បី​ទុកជា​ការ​រៀនសូត្រ នឹង​ជួយ​ថែរក្សា​ថែម​ទៀត​ផង ។ អ្នកខ្លះ​ទៀត​សរសេរ​ថា លោក​បណ្ឌិត​តែងតែ​មានការ​ចែករំលែក​ព័ត៌មាន គំនិត​ផ្តួចផ្តើម សិក្សា​ស្រាវ និង​អភិវឌ្ឍន៍ ខ្ញុំ​បាន​រៀនសូត្រ​ច្រើន សូម​អរគុណ ។

ចំពោះ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម (​ហៅ​សាលា​កសិកម្ម​ចំការ​ដូង​) ក៏​បាន​ផលិត​ចេញ​ជា​ផលិតផល​ផ្លូវការ​ហើយ លោកគ្រូ​បើ​អាច ចងក្រង​សៀវភៅ​ចែក​ផ្សាយ​ជា​ផ្លូវការ ជា​សាធារណៈ​ទៅ​លោកគ្រូ ។ ចំពោះ​និស្សិត ចំការ​ដូង​ធ្វើ​បាន​យូរហើយ និង​មាន​ច្រើន​ប្រភេទ​ទៀត​ផង តែ​គ្មាន​អ្នក​ផ្សព្វផ្សាយ​អោយ​ល្បី​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ