កាសែត «The Guardian» របស់អង់គ្លេសផ្សាយថា តំណាងរបស់លោកលីអូណាដូ ឌីកាប្រ៊ីអូ តារាសម្តែងដ៏ល្បីនៅហូលីវូដ បាននិយាយកាលពីថ្ងៃទី១៨ តុលា ២០១៦ ថា តារាភាពយន្តរូបនេះនឹងចូលខ្លួនជួយដល់ការស៊ើបអង្កេតពីរឿងក្តីមូលនិធិម៉ាឡេស៊ី «1MDB» ដ៏អាស្រូវ ទាក់ទិននឹងភាពយន្តនៅឆ្នាំ២០១៣ គឺរឿង «The World of Wall Street» ឬ «មនុស្សនឹងមានទ្រព្យជួយមិនបាន» ដែលមានរូបលោកចូលរួមសម្តែង ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា លោកលីអូណាដូ ឌីកាប្រ៊ីអូ បានទាក់ទងជាមួយក្រសួងយុត្តិធម៌អាមេរិក នៅក្នុងខែកក្កដា ២០១៦ ក្រោយពីក្រសួងប្តឹងដើម្បីរឹបអូសទ្រព្យសម្បត្តិមិនតិចជាង១ពាន់លានដុល្លារ ពីបទពាក់ព័ន្ធជាមួយមូលនិធិរបស់ម៉ាឡេស៊ី 1MDB រួមទាំងសិទ្ធិនានា ដែលទាក់ទិននឹងភាពយន្តរឿង The World of Wall Street ។
បច្ចុប្បន្នលោកលីអូណាដូ ឌីកាប្រ៊ីអូ កំពុងរង់ចាំដំណឹងពីក្រសួងយុត្តិធម៌ពីចំនួនទឹកប្រាក់ក្នុងមូលនិធិ 1MDB ដែលប្រើប្រាស់ដើម្បីទ្រទ្រង់មូលនិធិបរិស្ថាន ដែលលោកបង្កើតឡើងនៅឆ្នាំ២០១៣ ឬខ្សែភាពយន្តរឿង «The World of Wall Street» ។
កាសែត The Guardian ផ្សាយថាលោកលីអូណាដូ ឌីកាប្រ៊ីអូ រីករាយនឹងប្រគល់រង្វាន់ ឬប្រាក់បរិច្ចាគដែលពាក់ព័ន្ធជាមួយមូលនិធិដ៏ស្តុកស្តម្ភរបស់ម៉ាឡេស៊ី 1MDB ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យពីអាមេរិក និងប្រទេសនានាក្នុងរឿងក្តីកិបកេង ៕
ចែករំលែកព័តមាននេះ