ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​នឹង​បើក​សវនាការ​ សំណុំរឿង​លោក​ហុង​សុខ​ហួរ​នៅ​ថ្ងៃ​ទី​២៦​តុលា​ខាង​មុខ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកាកោះ​លោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ​ក្តី​ជនជាប់ចោទ

រាជធានី​ភ្នំពេញ ៖ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកាកោះ​លោក ជួង ជូ​ងី មេធាវី​ការពារ​សិទ្ធិ​ក្តី​ជនជាប់ចោទ លោក ហុង សុខ​ហួរ ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​ព្រឹក​ខាង​មុខ​នេះ ដើម្បី​ការពារ​សិទ្ធិ​ជនជាប់ចោទ​។ ក្នុង​ដីកា​របស់​លោក​ព្រះរាជអាជ្ញា​រង​បាន​លើក​ឡើង​ថា ជនជាប់ចោទ​លោក ហុង សុខ​ហួរ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។

លោក ហុង សុខ​ហួរ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​សមរ​ង្ស៊ី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា​ឆ្នាំ​២០១៥ នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  រាជធានី​ភ្នំពេញ​។ ការ​ឃាត់ខ្លួន​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេញ​ដែល​ព្រឹទ្ធសភា​ដក​អភ័យឯកសិទ្ធិ​របស់​លោក​ក្រោម​បទ​ចោទ​ថា​បាន​បង្ហោះ​ឯកសារ​ក្លែងក្លាយ​ពី​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​លើ​ទំព័រ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មាន​គណនី​ឈ្មោះ​ឯកឧត្តម​សមរ​ង្ស៊ី​។

ក្នុង​សំណុំរឿង​នេះ​ផង​ដែរ​លោក​សមរ​ង្ស៊ី និង​សហការី​ផ្នែក​រៀបចំ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​២​នាក់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។ ពេល​នេះ​អ្នក​ទាំង​៣​នាក់​កំពុង​គេចខ្លួន​ទៅ​ក្រៅប្រទេស​។ យោង​តាម​មេធាវី​បាន​លើក​ឡើង​ថា បទ​ប្រកាន់​នេះ​ប្រសិនជា​តុលាការ​រក​ឃើញ​កំហុស​តាម​ការ​ចោទប្រកាន់​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មែន ជនជាប់ចោទ​អាច​ប្រឈម​ពី​ជាប់​ពន្ធនាគារ​ពី​៥​ដល់​១០​ឆ្នាំ​។

អំឡុង​ពេល​ជាប់​ឃុំឃាំង​មេធាវី​ជនជាប់ចោទ​បាន​ព្យាយាម​ប្តឹង​សុំ​បដិសេធ​នីតិវិធី​ឃុំខ្លួន និង​សុំ​នៅ​ក្រៅ​ឃុំឃាំង​ចាប់ពី​តុលាការ​ថ្នាក់​ក្រោម​ដល់​តុលាការ​កំពូល​។ តែ​ត្រូវ​ចៅក្រម​សម្រេច​បដិសេធ​រហូត និង​បន្ត​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​រង់ចាំ​ការ​បើ​សវនាការ​លើ​អង្គសេចក្តី​ទាំងមូល​៕