គិតមកដល់ពេលនេះ គឺជាងមួយឆ្នាំហើយដែល ប៉ូគឹមថេង សុតធីតា បានក្លាយជាម្ចាស់ជ័យលាភីគ្រងមកុដ Miss Grand Cambodia ២០២១ និងដល់វេលាដែលស្ថាប័នតម្រូវឱ្យកញ្ញាធ្វើការផ្ទេរតំណែងនេះ ទៅកាន់ម្ចាស់មកុដថ្មី ក្នុងរដូវកាលប្រកួត Miss Grand Cambodia ក្នុងឆ្នាំ ២០២២ នេះដែរ។
អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញា ជាពិសេសម្ចាស់មកុដ Miss Grand Cambodia ២០២១ រូបនេះ ហាក់ភ្ញាក់ផ្អើលស្រឡាំងកាំង និងរំភើបជាពន់ពេកនោះ គឺឃើញថា ក្នុងវីដេអូត្រៀមផ្ទេរតំណែងស្ថាប័ន Miss Grand Cambodia ក៏បានធ្វើការ Surprise កញ្ញា សុតធីតា ដោយបានប្រាប់ឱ្យដឹងថា ក្នុងឆ្នាំនេះ ស្ថាប័ននឹងប្រគល់មកុដមាសនេះ ឱ្យដាច់ជាកម្មសិទ្ធិផ្ទាល់ខ្លួនជូនកញ្ញាតែម្ដង ដោយមិនមានការដកហូតវិញនោះទេ ដែលស្ថាប័នបានត្រៀមរៀបចំធ្វើមកុដថ្មីសម្រាប់ម្ចាស់ជ័យលាភី ឆ្នាំ២០២២ នេះហើយ។
លើសពីនេះ បើតាមបណ្ដាញសង្គម Miss Grand Cambodia បានឱ្យដឹងថា មកុដមាស ដែលស្ថាប័នបានប្រគល់ឱ្យ Miss Grand Cambodia ២០២១ ប៉ូគឹមថេង សុតធីតា ជាកម្មសិទ្ធិផ្ទាល់ខ្លួននេះ គឺមានតម្លៃ ៣ ម៉ឺនដុល្លារ ហើយស្ថាប័ននឹងត្រៀមបង្ហាញមកុដសម្រាប់ឆ្នាំ ២០២២ ដែលមានតម្លៃរហូតដល់ទៅ ២៥ ម៉ឺនដុល្លារឯណោះ។ ការបង្ហាញនេះ បានជះកម្លាំងចិត្តខ្លាំង បំផុត ដល់អ្នកដែលបានដាក់ពាក្យប្រកួតរដូវកាលថ្មី ដោយម្នាក់ៗបានតាំងចិត្ត ខិតខំយកភាពលេចធ្លោ ព្រោះវិស័យបវរកញ្ញានៅកម្ពុជាបច្ចុប្បន្នមានការពេញនិយម និងគាំទ្រខ្លាំងបំផុត ខុសពីមុនៗ។
ចែករំលែកព័តមាននេះ