ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ស្វែងរក​ការ​ធ្វើ​អាជីវកម្ម​បែប Franchise បន្ថែម​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ដៃគូ​ធ្វើ​អាជីវកម្ម​បែប Franchise នៅ​កម្ពុជា ចំនួន​៥​ក្រុមហ៊ុន​កាលពី​ឆ្នាំ​កន្លង​មក ទីប្រឹក្សា​គម្រោង​អភិវឌ្ឍន៍ Franchise ឆ្ពោះទៅ​កាន់​បរទេស​របស់​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ធុរកិច្ច​ពាណិជ្ជកម្ម​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ទទួល​បាន​ដៃគូ​ធ្វើ​អាជីវកម្ម​បែប Franchise នៅ​កម្ពុជា ចំនួន​៥​ក្រុមហ៊ុន​កាលពី​ឆ្នាំ​កន្លង​មក ទីប្រឹក្សា​គម្រោង​អភិវឌ្ឍន៍ Franchise ឆ្ពោះទៅ​កាន់​បរទេស​របស់​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​ធុរកិច្ច​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ គ្រោង​នឹង​រៀបចំ​កម្មវិធី​ចាប់​ដៃគូ​ធ្វើ​អាជីវកម្ម​បែប Franchise បន្ថែម​នៅ​កម្ពុ​ជានា​ពេល​ខាង​មុខ ដោយ​នាំ​ក្រុមហ៊ុន​ចំនួន​៣៣ មក​ស្វែងរក​ដៃគូ ។

អ្នកស្រី ណា​ក់​ផា​ផ​ន សែង​ធាន​ឆាយ ទីប្រឹក្សា​គម្រោង​អភិវឌ្ឍន៍ Franchise ឆ្ពោះទៅ​កាន់​បរទេស​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ទី​១៩ តុលា នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ថា ៖ « ការ​ធ្វើ​អាជីវកម្ម​បែប Franchise របស់​ថៃ យើង​បាន​សម្លឹង​ឃើញ​ថា ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​ដូច​ជា កម្ពុជា ភូមា និង​ឡាវ គឺ​មានឱកាស​ច្រើន​សម្រាប់​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ ព្រោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​មានការ​កើនឡើង ។

កន្លង​មក យើង​មាន​អ្នកជំនួញ​កម្ពុជា​ច្រើន​បាន​ទៅ​ទំនាក់ទំនង​ជាមួយ​ម្ចាស់​ក្រុមហ៊ុន Franchise នៅ​ថៃ ដើម្បី​នាំ​អាជីវកម្ម​នេះ​មក​កាន់​ប្រទេស​កម្ពុជា ដោយ​ទាក់ទង​ដោយ​ផ្ទាល់ និង​ពាណិជ្ជករ​កម្ពុជា​ខ្លះ​ទៀត​បាន​ទាក់ទង​តាម​រយៈ​តំណាង​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ស្ថានទូត​ថៃ » ។

អ្នកស្រី​លើក​ឡើង​ថា ៖ « ក្រសួងពាណិជ្ជកម្ម​ថៃ មាន​គោលបំណង​អភិវឌ្ឍន៍​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជិតខាង ។ ក្រៅពី​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ចេញ​-​នាំ​ចូល គឺ​យើង​ព្យាយាម​បង្កើត​ពាណិជ្ជកម្ម​ប្រភេទ​ថ្មី ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​ទៅ​តាម​លក្ខណៈ​ម្ចាស់​ក្រុមហ៊ុន Franchise មាន​ន័យ​ថា អ្នកជំនួញ​ថៃ​នាំ​យក​បច្ចេកវិទ្យា គំនិត និង​ទស្សនៈ​នៃ​ការ​ធ្វើ​ជំនួញ​ថ្មី​ៗ​ក្នុង​ការ​បង្កើត​អាជីវកម្ម​ដល់​ពាណិជ្ជករ​កម្ពុជា ដែល​មានការ​ចាប់អារម្មណ៍​ធ្វើ​ពាណិជ្ជកម្ម​រួម​គ្នា​បែប Franchise នេះ » ។

បើ​តាម​ទីប្រឹក្សា​គម្រោង​អភិវឌ្ឍន៍ Franchise ឆ្ពោះទៅ​កាន់​បរទេស​បញ្ជាក់​ថា មុន​នឹង​ម្ចាស់​ក្រុមហ៊ុន Franchise មក​កាន់​កម្ពុជា គឺ​គាត់​បាន​សិក្សា​ពី​ទីផ្សារ និង​ច្បាប់ទម្លាប់​នៃ​ការ​ឆ្លងកាត់​ពាណិជ្ជកម្ម​លក្ខណៈ Franchise តាម​រយៈ​ក្រសួងពាណិជ្ជកម្ម​ថៃ និង​សមាគម​ពាណិជ្ជករ​ថៃ​នៅ​កម្ពុជា ព្រោះ​ការ​ធ្វើ​មុខ​ជំនួញ​បែប​នេះ វា​មិន​ងាយស្រួល​ដូច​ការ​លក់ទំនិញ​នោះ​ទេ ព្រោះ​ត្រូវការ​ពេលវេលា និង​សិក្សា​ពី​ប្រព័ន្ធ​នេះ​ឱ្យ​បាន​ច្បាស់លាស់ ។

អ្នកស្រី​បន្ត​ថា ក្រុមហ៊ុន​បែប Franchise របស់​ថៃ ដែល​គ្រោង​មក​ស្វែងរក​ការ​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​កម្ពុ​ជានា​ពេល​ខាង​មុខ គឺ​ក្រុមហ៊ុន Franchise មាន​លក្ខណៈ​ចម្រុះ ទាំង​ខ្នាត​តូច មធ្យម និង​ធំ និង​ពុំ​មែនមាន​លក្ខណៈ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​ជា​ប្រភេទ​ក្រុមហ៊ុន​មានឈ្មោះ​ល្បី​ៗ​ក្នុង​ប្រទេស​ថៃ​សព្វថ្ងៃ ៕