ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥទ្ធិពល​កូនក្មួយ​លោក​ធំ គេ​ហ៊ាន​សង់​ស្ថានីយ​ប្រេង ក្រោម​កំហឹង​ពលរដ្ឋ​តវ៉ា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ដី​ឡូត៍​មួយ​ស្ថិត​នៅ​ផ្លូវ​លេខ​១៤៣​កែង​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​កំពុង​សាងសង់​នៅ​លើ​ទីតាំង​ដី​ឡូត៍​មួយ​ស្ថិត​នៅ​ផ្លូវ​លេខ​១៤៣​កែង​ផ្លូវ​លេខ​៣១០ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន
ត្រូវ​បាន​អ្នក​ជិតខាង​ប្តឹង​បែកផ្សែង​ហាមឃាត់​មិន​ឱ្យ​មានការ​សាងសង់ តែ​ពេល​នេះ​ស្ថានីយ​ដ៏​មាន​ឥទ្ធិពល​មួយ​កន្លែង​នេះ ត្រូវ​គេ​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោម​កម្ដៅចិត្ត​កំពុង​ពុះពោរ​បំផុត​ពី​ប្រជាពលរដ្ឋ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​បាន​បង្ហើប​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ស្ថានីយប្រេងឥន្ធនៈ​ខាងលើ​នេះ​សាងសង់ ឡើង​បាន គឺ​ដោយសារ​កូនក្មួយ​អ្នកធំ​រត់ការ ។ ជាមួយ​គ្នា​នោះ​ដែរ មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ថា ថ្នាក់​មូលដ្ឋាន​បាន​ចុះហត្ថលេខា​លើ​ឯកសារ​សុំ​ច្បាប់​សាងសង់​បញ្ជូន​ទៅ​រួចរាល់​ហើយ ដោយសារ​មានការ​ឯកភាព​ពី​ថ្នាក់លើ ប៉ុន្តែ​មិនដឹង​ថា ខាង​ក្រសួង​ពាក់ព័ន្ធ ឬ​ក៏​មន្ទីរ​ជំនាញ រួម​ជាមួយ​សាលា​រាជធានី​ភ្នំពេញ កំណត់​ច្បាប់​ឱ្យ​សាងសង់​កម្រិត​ណា​នោះ​ឡើយ ។

ទោះជា​យ៉ាងណា​ក៏​ដោយ កន្លង​មក​គេ​តែង​ឮ​សូរ​ថា អាជ្ញាធរ​សាលា​រាជធានី​ព្រមាន​ដាច់ខាត មិន​ឱ្យ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​ក្នុង​រាជធានី​ភ្នំពេញ​តទៅ​ទៀត​ទេ តែ​ប្រជាពលរដ្ឋ​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​ស្ថានីយ​ប្រេង​មួយ​កន្លែង​នេះ ដែល​ទីតាំង​មិន​មាន​ស្តង់ដារ​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស បែរជា​ត្រូវ​បាន​សាងសង់​ឡើង ដោយ​រលូន​យ៉ាង​ដូច្នេះ?

ប្រភព​ពី​មន្ត្រី​តូចតាច​មួយ​បាន​បង្ហើប​ថា មូលហេតុ​ដែល​ស្ថានីយ​នេះ​បាន​សាងសង់​ឡើង មិន​ខ្វល់​ពី​ពាក្យបណ្តឹង​របស់​អ្នក​ជិតខាង ដោយសារ​តែ​ឥទ្ធិពល​កូនក្មួយ​លោក​ធំ ។ ជុំវិញ​បញ្ហា​ចោទប្រកាន់​ខាងលើ​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ពុំ​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ។

បើ​ទោះជា​យ៉ាងណា​ក៏​ដោយ ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​ដែល​កំពុង​បោះជំរំ​ធ្វើ​អាជីវកម្ម​ជិត​រួចរាល់​ទៅ​ហើយ​នោះ មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស​ទេ ពោល​គឺ​ទីតាំង​តូច​ចង្អៀត ដូច្នេះ​អ្នក​រស់នៅ​ជុំវិញ​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់​ពី​សុវត្ថិភាព​ទៅ​ថ្ងៃ​មុខ ។ ម្យ៉ាងទៀត​ស្ថានីយ​ប្រេង​ដ៏​រឹង​មាំ​មួយ​នេះ​បាន​សាងសង់​រំលោភ​យក​ចំណី​ផ្លូវ​អ្នកស្រុក​ដើរ​ចូល​ទៅ​ក្រោយ​អស់​ប្រមាណ​ជិត​កន្លះ​ម៉ែត្រ​ទៅ​ហើយ រីឯ​អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រឹមតែ​សម្របសម្រួល​គឺ​មិន​ហ៊ាន​ហាមឃាត់​តែ​ម្តង​។ ចំណែក​ម្ចាស់​ស្ថានីយ​ខាងលើ​នេះ​ក៏​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ ។

គួរ​បញ្ជាក់​ថា នៅ​ខណ្ឌចំការមន​បាតុភាព​រឿង​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​កើត​មាន​ស្ទើរ​គ្រប់​សង្កាត់ ពិសេស​សង្កាត់​ផ្សារ​ដើម​ថ្កូវ ប៉ុន្តែ​បណ្តឹង​ប្រជាពលរដ្ឋ​ត្រូវ​សាប​ដូច​ទឹកទន្លេ ។ ចាំ​មើល​ដល់​ថ្ងៃ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​សង្កាត់​ខាង​មុខ​នេះ លោក​ចៅសង្កាត់​ទាំង​អស់នោះ​ធ្វើ​មុខ​យ៉ាងម៉េច ហាមាត់​និយាយ​បែប​ណា​ដាក់​ម្ចាស់​ឆ្នោត ។ ចំពោះ​ការ​លើក​ឡើង​នេះ គឺជា​ចេតនា​មិន​ចង់​ឲ្យ​ពួក​គាត់​ចាញ់ឆ្នោត​តែ​ប៉ុណ្ណោះ សូមកុំ​យល់​ច្រឡំ ៕