រាជធានីភ្នំពេញ ៖ កញ្ញាពៅ លីដា ជាតារាសម្តែងមនោសញ្ចេតនាមានឱកាសបានចេញទៅសម្តែងនៅអាមេរិក ខណៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជារឹតបន្តឹងចំពោះការចេញទៅសម្តែងរបស់អ្នកសិល្បៈខ្មែរ ។
កាលពីរាត្រីថ្ងៃទី២៦ កញ្ញា ឆ្នាំ២០១៦ តារារាងតូចច្រឡឹងពៅ លីដា បានលាឪពុកម្តាយទៅសម្តែងនៅអាមេរិក ។ នាឱកាសនោះមានបងប្អូននាង និងសាច់ញាតជិតដិតព្រមទាំងកញ្ញាលី ច័ន្ទសីហា និងលោកឪពុក ទៅជូនដំណើរកញ្ញាពៅ លីដា ។
គ្រានោះពៅ លីដា បានក្រាបសំពះម្តាយដល់បាតជើងសុំពរជ័យ ខណៈត្រូវចាកចេញទៅឆ្ងាយ។ មហាជននៅទីនោះចាប់អារម្មណ៍ចោមរោមមើលកាយវិការដ៏ល្អរបស់តារាសម្តែង ពៅ លីដា ។
កញ្ញាពៅ លីដា ឲ្យដឹងថា នាងចូលទៅស្ថានទូតអាមេរិកសម្ភាសន៍ចំនួន២ដង ក៏បានសម្រេចបំណងក្នុងការចេញទៅសម្តែងនៅអាមេរិក ។ អ្នកសិល្បៈត្រូវចេញទៅជាមួយលីដា មានអឿន ស្រីមុំ ខណៈតារាម្នាក់ទៀតមិនត្រូវស្ថានទូតអនុញ្ញាតទេ ។ «ស្ថានទូតគេរឹតបណ្តឹងការចេញទៅសម្តែងនៅអាមេរិក ចំពោះតារាយើង។ សម្រាប់នាងខ្ញុំនេះប្រហែលជាមកពីអ្នកដែលធានានាងខ្ញុំគាត់មានភាពច្បាស់លាស់ចំពោះការងារ និងមានប្រវត្តិល្អក្នុងការធានាតារា ល្បីៗចេញទៅសម្តែងដូចជាធ្លាប់ធានាលោកព្រាប សុវត្ថិ លោកខេមរៈ សិរីមន្ត កញ្ញាឈិត សុវណ្ណបញ្ញា ជាដើម និងតារាជាច្រើនទៀតសុទ្ឋតែល្បីមានមុខមាត់ ។
ពៅ លីដា ចេញទៅសម្តែងរយៈពេល៣ខែជាមួយ អឿន ស្រីមុំ ដោយត្រៀមបទចម្រៀងជាច្រើន និងឈុតសម្តែង ផ្សេងៗ ដោយរំលេចឈុតសម្លៀកបំពាក់ខ្មែរជាង១០ឈុត បង្ហាញពីអត្តសញ្ញាណខ្មែរ ។
ការចេញទៅអាមេរិកនេះ ពៅ លីដា ថាមិនមែនជាវេទិកាទទួលយកបេះដូងពីបុរសអាណិកជនទេ ពោលគឺអត់គិតក្រៅពីសម្តែងជូនមហាជននៅទីនោះទស្សនាកម្សាន្ត ។ «នាងខ្ញុំគ្មានបំណងចងភ្ជាប់រូបភាពនេះហួសពីអត្តចរិតនារីខ្មែរឡើយ ក្រៅពីការរាប់អានធម្មតា មិនគិតអ្វីរឿងក្រៅពីលើព្រេងវាសនាស្របពេលអ្នកម្តាយនាងខ្ញុំក៏បញ្ជាក់រឿងនេះដែរ គឺយើងជាអ្នកសិល្បៈកើតចេញពីសមត្ថភាពទើបមានថ្ងៃនេះ ។
រយៈពេលបីខែនេះមានអារម្មណ៍ថាយូរដែរព្រោះមិនដែលធ្លាប់បែកអ្នកផ្ទះ ពិសេសម្តាយដែលតែងតែទៅណាមកណាជាមួយកូន និងប្រៀនប្រដៅសំដី ល្អៗ ។ យ៉ាងណានាងខ្ញុំក៏រក្សាជំហរពាក្យពេចន៍គាត់ប្រាប់ឲ្យល្អ ហើយសន្យាថានឹងត្រឡប់មកវិញជួបគាត់ បងប្អូន និងអ្នកគាំទ្រដូចពីមុន ។ បន្ទាប់ពីមានតម្រុយទៅអាមេរិកនេះការងារសិល្បៈក្នុងស្រុកនាងខ្ញុំបានបញ្ចប់អស់ជាច្រើនកុំឲ្យជាន់់គ្នា និងនៅមានរឿងមួយដែលថតមិនទាន់ចប់ តែបានម្ចាស់ផលិតកម្មអនុញ្ញាតដែរ» ។
ពៅ លីដា ធ្លាប់់ចេញទៅសម្តែងនៅប្រទេសបារាំង និងអូស្ត្រាលីកាលពីប៉ុន្មានឆ្នាំមុន ។
ចំពោះការចេញទៅសម្តែងនៅអាមេរិកនេះ កញ្ញាលីដារំពឹងថា នឹងទទួលបានការគាំទ្រពីជនរួមជាតិខ្មែរដែលរស់នៅទីនោះ ៕
ចែករំលែកព័តមាននេះ