ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ចាក់​ប្រពន្ធ​ខ្លួនឯង​១៦​កាំបិត

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ប្តី​ប្រពន្ធ​១​គូ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ រហូត​ផ្ទុះ​ហិ.ង្សា ដោយ​បុរស​ជា​ប្តី​បាន​ទាញ​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្រហារ​ប្រពន្ធ​១៦​កាំបិត …

ខេត្ត​ត្បូងឃ្មុំ ៖ ដោយសារ​តែ​ភ្លើង​ប្រចណ្ឌ​ឡើង​កប់​ពពក ប្តី​ប្រពន្ធ​១​គូ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក​រៀង​ៗ រហូត​ផ្ទុះ​ហិង្សា ដោយ​បុរស​ជា​ប្តី​បាន​ទាញ​កូនកាំបិត​ចុង​ស្រួច​ចាក់​ប្រហារ​ប្រពន្ធ​១៦​កាំបិត បន្ទាប់​មក​ចាក់​ខ្លួនឯង​៤​កាំបិត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​កូន​តៀម​ផ្ទាល់​ដី ក្នុងភូមិ​ម៉ាស៊ីន ឃុំ​រូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

ប្រភព​ពី​ស្ត្រី​ឈ្មោះ ខឹ​ម សឿ​ន អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​ត្រ​មេ​ង​ក្រោម ឃុំ​រូង ស្រុក​មេមត់ បាន​ឲ្យ​ដឹង​ថា កូនស្រី​បង្កើត​របស់​គាត់​ឈ្មោះ ហែម ផល្លា អាយុ​២៨​ឆ្នាំ បាន​រៀប​ការ​ទៅ​តាម​ប្រពៃណី​ជាមួយនឹង​បុរស​ឈ្មោះ យិ​ន សុខ​ឡេ​ង អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម៉ាស៊ីន ឃុំ​រូង ដោយ​បាន​រួម​រស់នៅ​ជាមួយ​គាត់​បាន​ជាង​១​ឆ្នាំ ក្រោយមក​បាន​ចាកចេញ​ទៅ​រស់នៅ​ខាង​ប្តី ប្រកប​របរ​ធ្វើ​ចម្ការ​ដើម្បី​ដោះស្រាយ​ជីវភាព ដោយ​រស់នៅ​ក្នុងផ្ទះ​តៀម​មួយ​ផ្ទាល់​ដី ។

ស្ត្រី​រូប​នោះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចាប់តាំងពី​ពេល​ដែល​កូនស្រី​គាត់​មាន​ប្តី​មក​ពុំដែល​មាន​សុភមង្គល​ក្នុង​ទេ ដោយ​ក្នុង​១​ឆ្នាំទៅ​២​ឆ្នាំ​ឈ្លោះ​គ្នា​ម្តង តែ​មិន​បាន​ប្តឹង​មក​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រូង​ឡើយ ។ ក្នុង​ពេល​មួយ​នោះ​គាត់​បាន​ប្រាប់​ទៅ​កូនស្រី​ឈ្មោះ ផល្លា ឲ្យ​លែងលះ​ប្តី​ទៅ មក​រស់​ជាមួយ​ម្តាយ​វិញ​មក ចំណែក​កូនប្រសារ​ប្រុស​ឈ្មោះ សុខ​ឡេ​ង ទុក​ឲ្យ​គេ​រកប្រពន្ធ​ទៀត​ទៅ តែ​កូនស្រី​បាន​និយាយ​តបត​មក​គាត់​ថា «​ម៉ែ ! ប្រសិនបើ​ខ្ញុំ​មក​រស់​ជាមួយ​ម៉ែ​វិញ ក៏​នៅ​តែ​យ៉ាប់​ដដែល​» សុខចិត្ត​រួមរស់​ជាមួយ​ប្តី​បន្ត​រហូត​មក​ដល់​សព្វថ្ងៃ​មាន​រយៈពេល​ប្រហែល​១០​ឆ្នាំ​ហើយ ។

ប្រភព​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ កូនស្រី​ត្រូវ​បាន​គេ​ដឹក​មក​ដល់​ផ្ទះ​គាត់ ដោយ​មាន​ស្នាម​ចាក់​ត្រូវ​ពោះ​រហូត​ដល់​ទៅ​១៦​កន្លែង មាន​ឈាម​ហូរ​ពេញ​ខ្លួនប្រាណ ចំណែក​កូនប្រសារ​វិញ​ក៏​បាន​ដឹក​មក​បន្តបន្ទាប់​តាម​ម៉ូតូ​ដែរ ដំបូង​មិនដឹង​ថា រឿងហេតុ​កើតឡើង​ដោយសារ​អ្វី​នោះ​ទេ ក៏​ប្រញាប់​នាំ​គ្នា​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​មេមត់ និង​បាន​នាំ​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រហូត​ដល់​ពេល​ដែល​កូនស្រី​គាត់​បានដឹង​ខ្លួន​ឡើង ក៏​និយាយ​ប្រាប់​ពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ថា ចំពោះ​មូលហេតុ​ដែល​រហូត​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​នេះ គឺ​ដោយសារ​តែ​ដំបូង​មាន​បុរស​ម្នាក់​បាន​ទូរស័ព្ទ​មក​ទិញ​ឆ្នោត លុះ​ពេល​ដែល​ប្តី​ឮ​និយាយ​ជាមួយនឹង​បុរស​ផ្សេង ក៏​កើត​ទៅ​ជា​រឿង​ប្រចណ្ឌ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក​តឹងសរសៃក​រៀង​ៗ​ខ្លួន  ទោះបីជា​ប្រពន្ធ​ខំ​ពន្យល់​ពី​ហេតុផល​ប្រាប់​ប្តី​យ៉ាងណា ក៏​ប្តី​មិន​បាន​យល់​ស្រប​តាម​ដែរ ។ ទីបំផុត​ប្តី​បាន​យក​កូនកាំបិត​មក​ចាក់​ប្រហារ​ប្រពន្ធ​ត្រូវ​ពោះ​រហូត​ដល់​ទៅ​១៦​កន្លែង​បណ្តាល​ឲ្យ​ឈាម​ហូរ​ពេញ​ខ្លួនប្រាណ ប្តី​នឹក​ស្មាន​តែ​ប្រពន្ធ​ស្លាប់​ក៏​បាន​យក​កូនកាំបិត​នោះ​មក​ចាក់​ត្រូវ​ត្រង់​ពោះ​ខ្លួនឯង​៤​កាំបិត​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ដួល​ដេក​ក្នុងផ្ទះ​តៀម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​សង្គ្រោះ​យ៉ាងណា​ក្តី បុរស​ជា​ប្តី​បាន​ស្លាប់​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​កញ្ញា​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម និង​បាន​ដឹក​ត្រឡប់​ទៅ​ស្រុក​មេមត់​វិញ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ស្ត្រី​ជា​ប្រពន្ធ​កំពុង​សង្គ្រោះ​បន្ទាន់​នៅឡើយ ដោយ​ដាក់​ប​ញ្ជូ​ល​ខ្យល់​អុក​ស៊ី​សែន ហើយ​គ្រូពេទ្យ​បាន​បង្ហើប​ប្រាប់​ថា​មិនសូវ​សង្ឃឹម​ទេ ។

លោក សាត លី នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រូង បាន​ប្រាប់​ឲ្យ​ដឹង​ថា ២​នាក់​ប្តី​ប្រពន្ធ​ខាងលើ​នោះ​បាន​រៀប​ការ​ជាង​១០​ឆ្នាំ​មក​ហើយ​មិន​មានកូន​នោះ​ទេ ហើយ​តែងតែមាន​ភាព​រកាំរកូស​ជា​ញឹកញាប់ ។ ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ជា​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​បុរស​ជា​ប្តី​បាន​យក​កាំបិត​មក​ចាក់​ប្រពន្ធ ហើយ​នឹក​ស្មានថា​ប្រពន្ធ​ស្លាប់ ក៏​បាន​ចាក់​ខ្លួនឯង​តាម​ក្រោយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ហើយ​ត្រូវ​បាន​សាច់ញាតិ​ដឹក​តាម​គោ​យន្ត​ទៅ​សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ និង​បាន​បញ្ជូន​បន្ត​មក​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ទាំង​យប់ តែ​បុរស​ជា​ប្តី​បាន​ស្លាប់ ៕