បន្ទាប់ពីសាខាក្រុងសៀមរាបរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៨ ខែសីហារ រួច សាខាក្រុងព្រះសីហនុ ក៏នឹងចាប់បើកសម្ពោធដំណើរការជាផ្លូវការនៅថ្ងៃទី២៨ ខែកញ្ញា ខាងមុខនេះដែរ។
ក្រុមហ៊ុនឆ្នោតកីឡាជាតិត្រូវបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០១៥ ដោយមានគោលដៅក្នុងការគាំទ្រ និងជំរុញដល់កីឡាជាតិ និងអភិវឌ្ឍន៍កិច្ចការសប្បុរសធម៌ ខិតខំព្យាយាមជួយប្រមូលប្រាក់សប្បុរសធម៌ និងមូលនិធិកីឡា ដើម្បីរៀបចំកម្មវិធីប្រកួតកីឡានៅតំបន់អាស៊ីអាគ្នេយ៍ក្នុងព្រះរាជាណាចក្រកម្ពុជា នាឆ្នាំ២០២៣។ ចាប់តាំងពីថ្ងៃដែលក្រុមហ៊ុនឆ្នោតកីឡាជាតិត្រូវបានបង្កើតឡើង គឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ ថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុនឆ្នោតកីឡាជាតិសាខាក្រុងសៀមរាបបានបើកសម្ពោធដំណើរការជាផ្លូវការ ក្រោមអធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ព្រះរាជបុត្រីព្រះរាម នរោត្តម បុប្ជាទេវី , លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក វ៉ាត់ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ លោកឧកញ៉ា ឈិន យ៉ុងសៀង ដែលជាប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិបានសន្យាថា នឹងបន្តគាំទ្រ និងជំរុញដល់វិស័យកីឡាជាតិអភិវឌ្ឍន៍ឆ្ពោះទៅមុខ។
សព្វថ្ងៃទីតាំងលក់ឆ្នោតរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិមានពាសពេញទូទាំងប្រទេសរហូតដល់ទៅ៨០០ជាងទីតាំង ឆ្នោតឡូតូ ឆ្នោតលេខ និងឆ្នោតប្រភេទក្រដាសរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកអតិថិជន។ នៅពេលដែលសាខាក្រុងសៀមរាបបានបើកសម្ពោធដំណើរការជាផ្លូវការនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានសាកល្បងទិញសំបុត្រឆ្នោត ដើម្បីសម្ដែងការគាំទ្រយ៉ាងខ្លាំងចំពោះឆ្នោតកីឡាជាតិ។
លោកឧកញ៉ា ឈិន យ៉ុងសៀង ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិបានមានប្រសាសន៍ថា ក្រុមហ៊ុនឆ្នោតកីឡាជាតិសព្វថ្ងៃនេះ កំពុងតែរៀបចំយុទ្ធសាស្ត្រពង្រីកទីតាំងទូទាំងប្រទេស ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងបន្តឆ្ពោះទៅមុខទៀត ពង្រីកទីតាំងលក់ឆ្នោតជំរុញអោយប្រជាពលរដ្ឋចូលរួមគាំទ្រវិស័យកីឡាជាតិ និងផ្តល់កម្លាំងជួយអោយព្រះរាជាណាចក្រកម្ពុជា អាចសំរេចបាននូវក្តីប្រាថ្នាក្លាយទៅជាប្រទេសដែលខ្លាំងក្លាខាងផ្នែកវិស័យកីឡា។
ចែករំលែកព័តមាននេះ