ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិ​ត្យ វិច្ឆិកា ដាក់​គោលដៅ​៥​ឆ្នាំ ក្នុង​ដំណើរ​វិល​រក​សិល្បៈ​ចម្រៀង​ជា​ថ្មី​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​ដាក់​គោលដៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ប្រសិនបើ​លោក​មានឱកាស​វិល​មក​រក​ការងារ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពី​លោក​ដើរ​ចេញពី​អាជីព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក ទិ​ត្យ វិច្ឆិកា បាន​ដាក់​គោលដៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាង​មុខ ប្រសិនបើ​លោក​មានឱកាស​វិល​មក​រក​ការងារ​សិល្បៈ​ជា​ថ្មី​ឡើង​វិញ ក្រោយ​ពី​លោក​ដើរ​ចេញពី​អាជីព​សិល្បៈ​អស់​ជា​ច្រើន​ឆ្នាំ​។

លោក ទិ​ត្យ វិច្ឆិកា បាន​កំណត់ពេល​ត្រឹម​៥​ឆ្នាំ​ប៉ុណ្ណោះ ដែល​លោក​គិត​ថា ជា​ពេល​ដែល​នៅ​សេសសល់​សម្រាប់​លោក​សម្រាប់​ក្តោប​ឱកាស​វិល​មក​កាន់​អាជីព​សិល្បៈ​ឡើង​វិញ ខណៈ​ពេល​លោក​ក៏​បាន​បង្ហាញ​ពី​បំណង​ធ្វើការ​មនុស្សធម៌​ផង​ដែរ​។

តាម​រយៈ​សារ​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​លោក ទិ​ត្យ វិច្ឆិកា បាន​លើក​ឡើង​ថា ខ្ញុំ​នៅ​សល់​ពេល​៥​ឆ្នាំ​ទៀត ដែល​ខ្ញុំ​ចង់​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍​សំរាប់​សង្គម​សិល្បៈ​។ ប៉ុន្តែ​ទី​១ ខ្ញុំ​នៅ​ខ្វះ​បងប្អូន​ដែល​មាន​ស្នាដៃ​និពន្ធ​បទ​ភ្លេង និង​ទំនុកច្រៀង​ដែល​មក​ជ្រោមជ្រែង​ខ្ញុំ​។ ទី​២ ខ្ញុំ​ត្រូវ​ប្រឹង​ព្យាយាម​ស្វែងរក​ប្រជាប្រិយភាព​ពី​ពុក​ម៉ែ​បងប្អូន​ម្តងទៀត​… ចំណុច​ទាំង​ពីរ​នេះ វា​ពិតជា​ពិបាក​ស្វែងរក​ខ្លាំង​ណាស់ វា​មិន​ងាយស្រួល​ដូច​ការ​គិត​នោះ​ទេ​។

លោក​បញ្ជាក់​ថា ប្រសិនជា​ខ្ញុំ​មានឱកាស​ក្នុង​វិ​ថី​សិល្បៈ​ជា​ថ្មី​ម្តងទៀត ខ្ញុំ​នឹង​រួម​គ្នា​ជាមួយ​មិត្តភក្តិ ព្រមទាំង​បងប្អូន​មិត្ត​សិល្បៈ​របស់ខ្ញុំ​ដែល​ស្និទ្ធស្នាល និង​សហការ​គ្នា​ជួយ​រក​ប្រាក់​ទៅ​ជួយ លោកគ្រូ អ្នកគ្រូ ជា​អ្នកសិល្បៈ​សម័យ​ទស្ស​វត្ត​ទី​៩០ ដែល​ចូល​និវត្តន៍ និង​គ្មាន​លំនៅ​ដ្ឋា​ន​សំរាប់​រស់នៅ (​នេះ​គឺជា​ការ​ស្រ​ម៉ៃ​ទាំង​ថ្ងៃ​របស់ខ្ញុំ​)​។

ជា​ការ​កត់សម្គាល់ អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​រ៉ុ​ក លោក ទិ​ត្យ វិច្ឆិកា ធ្លាប់​ចាប់​ឈោង​ភាព​ល្បីល្បាញ​គួរសម​នៅ​ក្នុង​អាជីព​ចម្រៀង​កាលពី​កន្លង​ទៅ​។ ប៉ុន្តែ​តារាចម្រៀង និង​ជា​កងទ័ព​ឆត្រយោង​រូប​នេះ បាត់​មុខ​ពី​សង្គម​សិល្បៈ​តែ​មួយប៉ប្រិចភ្នែក​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​លើកយក​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​សុរិយា​រៀប​អស្តង្គត​» ដែល​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស លោក​ស៊ី​ន ស៊ី​សា​មុត មក​ច្រៀង​ខុស​ពី​ទម្រង់​ដើម ។

តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​នេះ ធ្វើ​ឱ្យ​ទិ​ត្យ វិច្ឆិកា រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​មហាជន ហើយ​ត្រូវ​សារព័ត៌មាន​ចុះ​ផ្សាយ ។ ចំណុច​នេះ​ធ្វើ​ឱ្យ​លោក​បាន​បាត់បង់​អាជីព​សិល្បៈ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ។ ទោះជា​យ៉ាងណា មហា​ជន ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​បទ​ចម្រៀង​របស់​លោក​មួយ បាន​នាំ​គ្នា​គាំទ្រ និង​លើកទឹកចិត្ត​ជូនពរ​អោយ​លោក ទិ​ត្យ វិច្ឆិកា អាច​វិល​មក​រក​អាជីព​សិល្បៈ​ជា​ថ្មី​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ