ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ផ្សេង​គ្នា​រវាង​សមាគម​«​សិល្បករ​ខ្មែរ​»​និង​សមាគម​«​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​»

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​ពន្យល់​ពី​ភាព​ផ្សេង​គ្នា​រវាង​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​«​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម​» ដែល​គ្រប់គ្រង​ដោយ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច បាន​ពន្យល់​ពី​ភាព​ផ្សេង​គ្នា​រវាង​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​«​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម​» ដែល​គ្រប់គ្រង​ដោយ​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​ស្វាមី​ក្រោយ​របស់​នាង ។

ការ​ពន្យល់​ពី​ភាព​ខុស​គ្នា​រវាង​សមាគម​សិល្បៈ​ទាំង​ពីរ​របស់​លោក​សុះ ម៉ាច ធ្វើ​ឡើង បន្ទាប់​ពី​មហាជន​មួយ​ចំនួន​យល់​ខុស និង​ងឿងឆ្ងល់​ពី​តួនាទី និង​សកម្មភាព​របស់​សមាគម​ទាំង​ពីរ​ដែល​កំពុង​ធ្វើ​សកម្មភាព​នា​ពេល​បច្ចុប្បន្ន ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​សុះ ម៉ាច ឱ្យ​ដឹង​ថា សមាគម​សិល្បករ​ខ្មែរ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦​ក្រោម​ស្ថាបនិក​ផ្តួចផ្តើម​ដោយ​លោក​ខៀវ តុលា លោក​ជុំ កុសល លោក​សយ សុភាព និង​លោក​អៀង ស៊ី​ធុ​ល ហើយ​បាន​កោះ​អញ្ជើញ​សិល្បករ​សិល្ប​ការិនី ចូលរួម​ប្រជុំ និង​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន ។ លោក​អៀង ស៊ី​ធុ​ល​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើស​ឱ្យធ្វើ​ជា​ប្រធាន​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ ។ សមាគម​សិល្បករ​ខ្មែរ​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ និង​ទទួល​បានការ​អនុញ្ញាត​ឱ្យ​ដំណើរការ ក្រោម​ការ​គាំទ្រ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ។ គោលបំណង​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​អភិរក្ស អភិវឌ្ឍន៍ លើក​ស្ទួយ​វិស័យ​សិល្បៈ​ជាតិ និង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​របស់​អ្នកសិល្បៈ ជា​ពិសេស​ជួយ​ដល់​អ្នកសិល្បៈ​ចាស់ជរា ពិការ​បាត់បង់​សមត្ថភាព និង​បាត់បង់​ជីវិត និង​រួមចំណែក​ជួយ​ដល់​សង្គម​ជាតិ​ជាដើម ។ នៅ​ក្នុង​លក្ខន្តិកៈ​របស់​សមាគម​សិល្បករ​ខ្មែរ គឺ​ឈរ​លើ​ជំហរ​អព្យាក្រឹត​មិន​លំអៀង​ទៅ​លើ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ តែ​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ។

រហូត​មក​ដល់​ពេល​នេះ​សមាគម​សិល្បករ​ខ្មែរ​បាន​ដំណើរការ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ឆ្លងកាត់​ការ​ដឹកនាំ​ដោយ​ប្រធាន​៣​រូប​ក្រោម​ការ​បោះ​ឆ្នោត ក្នុង​នោះ​មាន​លោក អៀង ស៊ី​ធុ​ល (​អាណត្តិ​ទី​១) លោក​មិ​ញ សុធី​វណ្ណ (​អាណត្តិ​ទី​២) តែ​លោក​ដឹកនាំ​បាន​តែ​ពាក់កណ្តាល​អាណត្តិ​ប៉ុណ្ណោះ​ក៏​លាលែង​ដោយសារ​រវល់​ការងារ ។ អាណត្តិ​ទី​៣ និង​ទី​៤ គឺ​លោក​សុះ ម៉ាច ជា​ប្រធាន រួម​ទាំង​ក្រុមប្រឹក្សា​ចាស់ ថ្មី​ទាំង​១១ រូប​ដែល​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ប្រាក់ខែ​ឡើយ ។ ក្នុង​មួយ​អាណត្តិ​ៗ​មាន​រយៈពេល​បី​ឆ្នាំ ។

ក្នុង​អាណត្តិ​ដែល​ដឹកនាំ​ដោយ​ប្រធាន នីមួយ​ៗ​កន្លង​មក​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ទាំង​ក្នុង​សង្គម​សិល្បៈ និង​សង្គម​ជាតិ​យ៉ាងច្រើន​ទោះបី​មាន​បញ្ហា ខ្លះ​ៗ​ក៏​ដោយ ។

លោក​សុះ ម៉ាច បញ្ជាក់​ថា សមាគម​ដំណើរការ​ទៅ​បាន​រហូត​សព្វថ្ងៃ ដោយ​ការ​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​ពី​សប្បុ​សជន​នានា ក្នុង​នោះ​រួម​មាន​ដូច​ជា លោក​កែប ជុ​តិ​ម៉ា អតីត​អភិបាល​រាជធានី​ផ្តល់​ទីតាំង​សមាគម ឧកញ៉ា​បណ្ឌិត​ជា រតនា ៤០​លាន​រៀល ជួយ​ដល់​អ្នកសិល្បៈ​ចាស់ជរា​៤០​រូប ក្រុមហ៊ុន​សប្បាយ​សម្ភារ​ប្រើប្រាស់ អាណាចក្រ​តារា​១៦​លាន​រៀល ព្រមទាំង​អស់លោក មន្ត្រីរាជការ ឯកឧត្តម ឧកញ៉ា លោក​ជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា ពលរដ្ឋ ក្នុង​និង​ក្រៅប្រទេស ជា​ច្រើន​ទៀត ។

សមាគម​ជោគជ័យ​ទាំង​ក្នុង​សង្គម​សិល្បៈ និង​សង្គម​ជាតិ រហូត​ទទួល​បានការ​គាំទ្រ និង​កោតសរសើរ​ពី​គ្រប់​មជ្ឈដ្ឋាន​នានា​ទាំង​ក្នុង និង​ក្រៅប្រទេស ។ ទោះជា​យ៉ាងណា​ក្តី​មួយ​រយៈ​ក្រោយ​នេះ ដោយសារ​មាន​អ្នកសិល្បៈ​ខ្លះ​ភ្ជាប់​ខ្លួន​ទៅ​នឹង​គណបក្ស​នយោបាយ​ដែល​ពួក​គេ​មាន​សិទ្ធិ​គាំទ្រ និង​បម្រើ​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែរ ។ តែ​ដោយសារ​តែ​អ្នកសិល្បៈ​ខ្លះ​បាន​រិះគន់ និង​វាយប្រហារ​ទៅ​លើ​គណបក្ស និង​មេដឹកនាំ​គណបក្ស​ផ្សេង​ហួស​ពី​ព្រំដែន​នៃ​ក្រមសីលធម៌ និង​សុជីវធម៌ ធ្វើ​ឱ្យ​ទទួល​រង​ការ​រិះគន់ និង​វាយប្រហារ​យ៉ាង​ធ្ងន់​ពី​ពលរដ្ឋ​ដែល​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​មាន​ជំហរ​អព្យាក្រឹត និង​ការ​ឈ្លោះ​តតាំង​គ្នា​ជា​សាធារណៈ​រវាង​អ្នកសិល្បៈ និង​មហាជន រវាង​អ្នកសិល្បៈ និង​អ្នកសិល្បៈ​ជាដើម ។ វា​ធ្វើ​ឱ្យ​បាត់បង់​នូវ​ការ​គាំទ្រ បាត់បង់​នូវ​តម្លៃ​នៃ​សិល្បៈ វា​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ដល់​អ្នកសិល្បៈ​ដទៃ​ដែល​ស្អាតស្អំ ថ្លៃថ្នូរ​បំពេញ​តួនាទី​សក្តិ​សមជា​មនុស្ស​គំរូ​របស់​សាធារណជន ។

ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​សមាគម​«​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​» ដែល​បង្កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា នោះ​វិញ លោក​សុះ ម៉ាច បញ្ជាក់​ថា គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ និង​ក្រោម​ដំបូល​តែ​មួយ​ជាមួយ​សមាគម​សិល្បករ​ខ្មែរ​ឡើយ ។

សមាគម «​មិត្ត​សិល្បៈ​ស្ម័គ្រ​ជួយ​សង្គម​»​ដែល​បាន​បង្កើត​ឡើង​នា​ពេល​នេះ​លោក​មិន​បានដឹង​ច្បាស់​ទេ​ថា តើ​បង្កើត​ឡើង​ដោយ​ការ​បោះ​ឆ្នោត ឬ​ក៏​ការ​កៀរគរ​អ្នកសិល្បៈ​ឲ្យ​ចូលរួម ហើយ​គេ​ធ្វើ​ជា​ប្រធាន​នោះ ឬ​យ៉ាងណា​ឡើយ ។

លោក​សុះ ម៉ាច គិត​ថា ប្រសិនបើ​នាំ​គ្នា​រួបរួម​នៅ​ក្នុង​សមាគម​សិល្បករ​ខ្មែរ​តែ​មួយ​ហើយ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ដើម្បី​ធ្វើ​ជា​គំរូ​ដល់​សិល្បករ​ជំនាន់​ក្រោយ​នោះ​ជា​ការ​ល្អ​បំផុត ។

បើ​តាម​លោក​សុះ ម៉ាច ប្រសិនបើ​អ្នកសិល្បៈ​ណា​ចង់​ធ្វើ​ជា​ប្រធាន​សមាគម​សិល្បៈករ​ខ្មែរ គឺ​អាច​ឈរឈ្មោះ​បាន ព្រោះ​នៅ​ពាក់កណ្តាល​ខែកញ្ញា នឹង​មានការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ៕