ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា​-​វៀតណាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឡេ ហ័​រ​ជុង អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ ព្រំដែន​វៀតណាម ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​ព្រំដែន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា

រាជធានី​ភ្នំពេញ ៖ លោក ឡេ ហ័​រ​ជុង អនុរដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ដឹកនាំ​គណៈប្រតិភូ​គណៈកម្មការ ព្រំដែន​វៀតណាម ជួប​ប្រជុំ​ជាមួយ​គណៈកម្មការ​ព្រំដែន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ នៅ​វិមាន​សន្តិភាព​។ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន កម្ពុជា វៀតណាម មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣0 ខែសីហា  ឆ្នាំ​២០១៦ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។

លោក​វ៉ា​គី​ម​ហុង​បាន​ថ្លែង​ថា របៀបវារៈ​សំខាន់​ៗ​ចំនួន​៣ បាន​ត្រូវ​ដាក់​ចូល ក្នុង​កិច្ចប្រជុំ​ចង្អៀត រវាង​គណៈកម្មការ​ចម្រុះ​ព្រំដែន កម្ពុជា វៀតណាម នា​ពេល​នេះ រួម​មាន ១.​ពិនិត្យ​លើ​ពង្រាង​លិខិត ដែល​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ទាំង​ពីរ​ចុះហត្ថលេខា​ជាមួយ​គ្នា ដើម្បី​ស្នើ​ប្រធានាធិបតី​បារាំង ជួយ​ខាង​បច្ចេកទេស និង​អ្នកជំនាញ​ខាង​ផែនទី​។ ២.​ពិនិត្យ​លើ​ចំណុច​ទាំង​ប៉ុន្មាន ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ទៅ​ភាគី​វៀតណាម​។ ៣.​ពិនិត្យ​លើ​បាតុភាព នៅ​តាម​ព្រំដែន ដូច​ជា ការ​ជីក​ស្រះ​ធ្វើ​ផ្លូវ និង​សាងសង់​បន្ទាយ​ទាហាន ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​។

កម្ពុជា​ស្នើ​ឲ្យ​វៀតណាម​ឲ្យ​រុះរើ​ប៉ុស្តិ៍​នៅ​តំបន់ហាមឃាត់​ក្នុង​ខេត្តរតនគិរី ប្រសិនបើ​វៀតណាម​នៅ​តែ​បន្ត​ការ​សាងសង់​។ មន្ត្រីជាន់ខ្ពស់​ការទូត​កម្ពុជា បាន​អះអាង​ថា កម្ពុជា​នឹង​ឲ្យ​ភាគី​វៀតណាម​រុះរើ​ប៉ុស្តិ៍​នៅ​តំបន់ហាមឃាត់​ក្នុង​ទឹកដី​ខេត្តរតនគិរី ក្បែរ​ព្រំដែន​កម្ពុជា​-​វៀតណាម ប្រសិនបើ​វៀតណាម​នៅ​តែ​បន្ត​ការ​សាងសង់​ដោយ​មិន​ទាន់​មិន​ការ​ឯកភាព​ព្រមព្រៀង​រវាង​ភាគី​ទាំង​ពីរ​។

មន្ត្រី​ភាគី​កម្ពុជា​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពេល​សម្រាក​រយៈពេល​ខ្លី​ពី​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦​នេះ នា​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ឡុ​ង វិ​សា​ឡូ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ថា កម្ពុជា​បាន​ពិភាក្សា​ជាមួយ​ភាគី​វៀតណាម​ជុំវិញ​ការ​សាងសង់​សំណង់​ដែល​ធ្វើ​ឡើង​ដោយ​អត្ត​នោ​ម័ត​របស់​ភាគី​វៀតណាម នៅ​តំបន់ហាមឃាត់ ដែល​មិន​ទាន់​បាន​ដោះស្រាយ​ដើម្បី​ឈាន​ទៅ​បោះបង្គោល​ព្រំដែន​នោះ​។

មន្ត្រី​បាន​លើក​ឡើង​ថា​ចំពោះ​បញ្ហា​សំណង់​ដែល ភាគី​កម្ពុជា បាន​ស្នើ​ឲ្យ​ភាគី​វៀតណាម​ធ្វើការ​ផ្អាក​សាងសង់ រួម​មាន​បញ្ហា​ធ្វើ​ផ្លូវ និង​ប៉ុស្តិ៍​យាម នៅ​ខេត្តមណ្ឌលគិរី និង​ការ​ជីក​ស្រះ​ទឹក និង​សំណង់​ផ្សេង​ៗ​នៅ​ខេត្តរតនគិរី​។ លោក​វ៉ា គឹ​ម​ហុង ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា ភាគី​វៀតណាម​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​កម្ពុជា នៅ​ព្រឹក​នេះ​បាន​លើក​ឡើង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​ការ​ធ្វើ​សំណើ​រួម​មួយ​ដាក់​ជូន​លោក​ប្រធានាធិបតី​បារាំង​។

លោក វ៉ា​គឹ​ម​ហុង បាន​បញ្ជាក់​ថា កម្ពុជា​បាន​ដាក់​សំណើ​របស់​កម្ពុជា​ឲ្យ​ផ្អាក​ហើយ ហើយ​ភាគី​វៀតណាម​នឹង​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​គេ​ជា​មុន​សិន មុន​នឹង​ធ្វើការ​សម្រេច​ថា​តើ​បន្ត ឬ​ផ្អាក​នោះ​។ ខាង​ភាគី​វៀតណាម​បាន​សន្យា​យក​សំណើ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ និង​ថ្នាក់​ដឹក​របស់​គេ​។ លោក​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ​កម្ពុជា​ត្រូវ​បាន​ដកស្រង់​សម្ដី​ដោយ​ទូរទស្សន៍​ក្នុងស្រុក​ដោយ​លោក​ថ្លែង​ថា កម្ពុជា​ត្រូវ​ប្រើប្រាស់​ការ​ចរចា និង​កំណត់​ការទូត​ឲ្យ​អស់​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​វៀតណាម​។

លោក​បណ្ឌិត បញ្ជាក់​ប្រាប់​ទូរទស្សន៍​ដដែល​ថា ក្នុង​ការ​ករណី​ដំណោះស្រាយ​តាម​មធ្យោបាយ​ខាងលើ មិន​ទទួល​បាន​លទ្ធផល​នោះ​ទេ​។ កម្ពុជា​ត្រូវ​បោះដៃ​ទៅ​ភាគី​ទី​បី​គឺ​បារាំង និង​ភាគី​ទី​បួន​គឺ អង្គការសហប្រជាជាតិ ហើយ​ប្រសិនបើ​ភាគី​ទាំង​ពីរ​នេះ​មិន​អាច​ដោះស្រាយ​បាន​ទៀត​នោះ​ទេ កម្ពុជា​ត្រូវ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​ហៅ​កាត់​ថា ICJ​។ កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម​នេះ​បាន​ធ្វើ​ឡើង​ពេញ​មួយ​ថ្ងៃ​ទី​២៩ សីហា​នេះ​ទៀត ហើយ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​នឹង​មានការ​ចុះ​កិច្ចព្រមព្រៀង​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​នេះ​នៅ​ល្ងាច​ថ្ងៃ​ដដែល​ទៀត​ផង​។

ដោយឡែក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ទទួល​ជួប​ឯកឧត្តម LE Hoai Trung  អនុរដ្ឋមន្ត្រី​ការ​បរទេស និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ចម្រុះ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​វៀតណាម​-​កម្ពុជា ថ្ងៃ​ទី​៣០ សីហា ២០១៦ វេលា​ម៉ោង ៥​និង​០០​នាទី នៅ​ទីស្តីការក្រសួង​បន្ទាប់​ពី​កិច្ចប្រជុំ​ចប់​៕