ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Westline នាំ​យក​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ពី​សាំង​ហ្កា​ពួរ​សម្រាប់​កម្មវិធី​អប់រំ​របស់​ខ្លួន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Westline Education Group បាន​នាំ​យក​កម្មវិធី​បណ្ដុះបណ្ដាល​ពិសេស​មក​ពី​ប្រទេស​សាំង​ហ្កា​ពួរ ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​មន្ត្រី​តាម​ក្រុមហ៊ុន

រាជធានី​ភ្នំពេញ ៖  ក្រុមហ៊ុន Westline Education Group បាន​នាំ​យក​កម្មវិធី​បណ្ដុះបណ្ដាល​ពិសេស​មក​ពី​ប្រទេស​សាំង​ហ្កា​ពួរ ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​សម្រាប់​អ្នក​មន្ត្រី​តាម​ក្រុមហ៊ុន និង​អង្គការ​នានា ។ កម្មវិធី​បណ្ដុះបណ្ដាល​ពិសេស​នេះ មានឈ្មោះ​ថា Action Learning ដែល​វគ្គ​បណ្ដុះបណ្ដាល​ដ៏​ល្បី​មួយ​នៅ​ក្នុង​ប្រទេស​សាំង​ហ្កា​ពួរ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Westline Education Group បានអោយ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល Action Learning ជា​មធ្យោបាយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ស្មុ​គ្រ​ស្មាញ​មួយ​ប្រភេទ​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​តូច​ពី​៦​នាក់​ដល់​៨​នាក់ ។ Action Learning គែ​ជា​ដំណើរការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ដោយ​មានការ​ចូលរួម​នៃ​ក្រុម​តូច​ៗ​ធ្វើការ​លើ​បញ្ហា​ជាក់លាក់​ពិតប្រាកដ​មួយ​ជាមួយ​សកម្មភាព​ដំណោះស្រាយ​ជាក់ស្ដែង និង​សិក្សា​រៀន​ជា​បុគ្គល​ជា​ក្រុម និង​ទូ​ទាំង​ស្ថាប័ន​ទាំងមូល​ក្នុង​ពេល​កំពុង​សិក្សា ។

នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​សាកល្បង​កាលពី​ថ្ងៃ​ទី​១៤ សីហា ២០១៦ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា កូរ៉េ លោក​ប៉ិច បូ​ឡែ​ន នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Westline Education Group បានឱ្យ​ដឹង​ថា កត្តា​ដែល​ក្រុមហ៊ុន Westline Education Group នាំ​យក​កម្មវិធី​បណ្ដុះបណ្ដាល​នេះ មក​កាន់​ប្រទេស​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន Westline Education Group មាន​វគ្គ​បណ្ដុះបណ្ដាល​ជា​ច្រើន​រួច​មក​ហើយ និង​មានបទពិសោធន៍  លើ​ការ​គ្រប់គ្រង និង​ដឹកនាំ​ផង​ដែរ ។

លោក​បន្ត​ថា ថ្វី​ត្បិត​តែ​យើង​មានចំណេះ​ដឹង​ច្រើន​ក៏​ពិតមែន តែ​យើង​ក៏​ត្រូវការ​ពង្រឹងសមត្ថភាព​របស់​យើង​អោយ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត យើង​ត្រូវការ​ចំណេះដឹង​ថ្មី​ៗ​និង​ជំនាញ​ថ្មី​ៗ​សម្រាប់​អនុវត្ត​នូវ​ការងារ​របស់​យើង ។ លោក​ថា កម្មវិធី​បណ្ដុះបណ្ដាល​នេះ អាច​អោយ​អ្នក​មិន​ពូកែ​និយាយ អោយ​ក្លាយជា​អ្នក​ពូកែ​និយាយ  ធ្វើ​អោយ​អ្នក​ពូកែ​និយាយ​ច្រើន​តែ​គ្មាន​ប្រយោជន៍ ទៅ​ជា​អ្នក​ដែល​និយាយ​ដែល​មាន​ប្រយោជន៍​ជាដើម ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Westline Education Group បាន​នាំ​ចូល​វគ្គ​បណ្ដុះបណ្ដាល​ជា​ច្រើន​មក​ពី​សហរដ្ឋអាមេរិក ប្រទេស​ម៉ា​ឡេ​ស៊ី និង​កម្មវិធី​តន្ត្រី​អន្តរជាតិ​ពី​សលា​តន្ត្រី Allegro ផង​ដែរ ។ ក្រុមហ៊ុន Westline Education Group កំពុង​ដំណើរការ​សាលារៀន​ចំនួន​១១ ដែល​មាន​សិស្ស​ប្រមាណ​១​ម៉ឺន​២​ពាន់​នាក់ និង​មាន​បុគ្គលិក និង​គ្រូបង្រៀន​ជាង​១​ពាន់​នាក់​ផង​ដែរ ៕