រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចុះហត្ថលេខាលើសារាចរស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ដែលសារាចរនេះអាចឲ្យអាជីវករលក់ដូររហូតតកូនចៅ ។
នៅលើបណ្តាញទំនាក់ទំនងសង្គម សម្តេចប្រមុខរាជរដ្ឋាភិបាលបានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះដោយបញ្ជាក់ថា «មួយរយៈកន្លងមក ដែលខ្ញុំធ្វើដំណើរទៅតាមខេត្ត ខ្ញុំតែងឆ្លៀតចូលពិនិត្យការលក់ដូររបស់ប្រជាជនតាមទីផ្សារមួយចំនួន។ បញ្ហាប្រឈមរបស់អាជីវករតាមផ្សារគ្រប់ប្រភេទមានដូចៗគ្នា គឺអាណត្តិលើសិទ្ធិកាន់កាប់ ប្រើប្រាស់និងអាស្រ័យផលរហូតបងប្អូនស្នើសុំមកខ្ញុំឱ្យពន្យារអាណត្តិឱ្យបានច្រើនឆ្នាំ។
យុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង និងដើម្បីការពារផលប្រយោជន៍អាជីវករតកូនតចៅយូរអង្វែង ជៀសវាងពួកអាក្រក់ដើរភូតភរបោកប្រាស់ ។ ខ្ញុំបានពិភាក្សាជាមួយសហការី ពិសេសរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំសារាចរស្តីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទនៅទូទាំងប្រទេស ។
តាមរយៈសារាចរនេះ បងប្អូនអាជីវករ នឹងទទួលបានសិទ្ធិតកូនតចៅ ដោយគ្មានពេលកំណត់ ហើយមិនចាំបាច់ស្នើរសុំពន្យារពេលទៀតទេ។ ដោយឡែក ផ្សារកំពង់ឆ្នាំងដែលបានស្នើរសុំពន្យាអាណត្តិពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០៤០ ដែលខ្ញុំយល់ព្រមសប្តាហ៍មុននេះ ក៏ត្រូវបានបន្តគ្មានទីបញ្ចប់តកូនតចៅដែរ »៕
ចែករំលែកព័តមាននេះ