ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើ​ព្រៃ​ឡង់​ជិត​រលាយ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​បើកដៃ ព្រោះ​លុយ​ធំ

2 ឆ្នាំ មុន
  • ក្រចេះ

សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ កើត​មាន​ជា​ហូរហែ​រាល់ថ្ងៃ​តាម​ម​ធ្យា​បាយ​គ្រប់​ប្រភេទ ហាក់​មិន​មានការ​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់

ខេត្តក្រចេះ ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឲ្យ​ដឹង​ថា សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ឡង់ កើត​មាន​ជា​ហូរហែ​រាល់ថ្ងៃ​តាម​ម​ធ្យា​បាយ​គ្រប់​ប្រភេទ ហាក់​មិន​មានការ​បង្ក្រាប​ទប់ស្កាត់​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដែល​ប្រចាំការ​នៅ​ទីនោះ​ឡើយ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ឡង់​នោះ ក្រុម​ឈ្មួញ​បាន​ប្រើប្រាស់​មធ្យោបាយ​តាម​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ តាម​គោ​យន្ត​កន្ត្រៃ តាម​រ៉ឺ​ម៉ក​ម៉ូតូ ឬ​រទេះគោ​ជាដើម ។

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ខ្សឹប​ឲ្យ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ចំណុច​ទីតាំង​ដែល​គ្រប់គ្រង​ដោយ​មន្ត្រី​បរិស្ថាន គឺ​ក្រុម​ឈ្មួញ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ពី​លោក សាំង សុ​ខន នាយក​ដែនជម្រកសត្វព្រៃ​ឡង់ និង​លោក កា ជា​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត ដែល​ប្រចាំ​ទិស​នៅ​តំបន់​ព្រៃ​ឡង់ ។

ជាមួយនឹង​ការ​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​រលូន​ល្អ​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ពី​សំណាក់​ក្រុម​ឈ្មួញ គឺ​ត្រូវ​បង់លុយ​ថ្លៃ​បាយ​ទឹក​ឲ្យ​ទៅ​លោក សាំង សុ​ខន នាយក​ដែនជំរកសត្វព្រៃ​ឡង់ ដោយ​ក្នុង​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ​មួយ​គ្រឿង​ចំនួន ៣០​ម៉ឺន​រៀល គោ​យន្ត​កន្ត្រៃ​ចំនួន​២០​ម៉ឺន​រៀល ។ ក្រៅពី​នោះ បង់​អោយ​លោក កា ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត រួម​នឹង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ផ្សេង​ទៀត គឺ​ត្រូវ​បង់លុយ​បាយ​ទឹក​ទៅ​តាម​ជំនាញ​ស្ថាប័ន​តាម​ជាក់ស្ដែង ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ មនុស្ស​សំខាន់​ៗ​ដែល​ត្រូវ​ប្រាប់​មាន​តែ​មន្ត្រី​បរិស្ថាន និង​គ្រប់គ្រង​ដោយ​លោក សាំង សុ​ខន មន្ត្រី​អាវុធហត្ថ ដែល​គ្រប់គ្រង​ដោយ​លោក កា និង​លោក តូ ដែល​ជា​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ៣​នាក់​នេះ​គឺជា​មនុស្ស​ដែល​សំខាន់​នៅ​ក្នុង​ការ​បើក​ឲ្យ​មាន​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ចេញពី​ចំណុច​តំបន់​ព្រៃ​ឡង់ ក្រៅពី​នោះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត គឺ​ត្រឹមតែ​បាយ​ទឹក​បន្តិច បន្តួច​តែ​ប៉ុណ្ណោះ ។

គេ​សង្កេត​ឃើញ​សកម្មភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​មធ្យោបាយ​គ្រប់​ប្រភេទ​ចេញពី​តំបន់​ព្រៃ​ឡង់ នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់ ដោយសារ​តែ​មានការ​សម្របសម្រួល ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ ។

រីឯ​ការ​ចាប់​បង្ក្រាប​ម្ដងម្កាល លុះត្រាតែ​មាន​បទបញ្ជា​ពី​ថ្នាក់ដឹកនាំ​អង្គភាព ទើប​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​តំបន់​នោះ​បង្ក្រាប​បាន ប៉ុន្តែ​ហាក់​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ក្រាប ដោយសារ​ក្រោយ​ការ​ចុះ​ទៅ​បង្ក្រាប​បាន​៣-៤​ថ្ងៃ​ក៏​ដំណើរការ​ឡើង​វិញ ជាក់ស្ដែង​ដូច​ករណី​ដឹក​ជញ្ជូន​ឈើ​ឈ្លីក​ខ្លុំ ចេញពី​ដែនជម្រកសត្វព្រៃ​ឡង់​ទៅ​លក់​ឱ្យ​ក្រុមហ៊ុន​ស៊ី​ង​បាយ​អូ​ថេ​ក ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ