ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សំខាន់​ៗ​មួយ​ចំនួន​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​ខ្មែរ ស្ទើរតែ​បាត់បង់​រូបរាង

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ មានកម្ម​វិធី​ជា​ច្រើន ដែល​ត្រូវ​ប្រារព្ធ​ដោយ​ខាន​ពុំ​បាន​ឡើយ ដើម្បី​បំពេញ​សិរី​មង្គល​ដល់​គូរ​ស្វាមីភរិយា​ថ្មោងថ្មី ដូច្នេះ​ត្រូវ​ប្រើ​ពេលវេលា​រហូត​បី​ថ្ងៃ​បី​យប់​ទើប​រួចរាល់

រាជធានី​ភ្នំពេញ ៖ ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ មានកម្ម​វិធី​ជា​ច្រើន ដែល​ត្រូវ​ប្រារព្ធ​ដោយ​ខាន​ពុំ​បាន​ឡើយ ដើម្បី​បំពេញ​សិរី​មង្គល​ដល់​គូរ​ស្វាមីភរិយា​ថ្មោងថ្មី ដូច្នេះ​ត្រូវ​ប្រើ​ពេលវេលា​រហូត​បី​ថ្ងៃ​បី​យប់​ទើប​រួចរាល់ ពិធី​មង្គលការ ឬ​អាច​ហៅ​បាន​ថា ពិធី​រៀប​អាពាហ៍ពិពាហ៍ គឺជា​ពិធី​មួយ​ដែល​រៀបចំ​ឡើង​សម្រាប់​ផ្សំផ្គុំ​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ឲ្យ​ក្លាយជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ។

ពិធី​មង្គលការ​នៅ​កម្ពុជា មាន​ដើម​កំណើត​នៅ​ដើម​សតវត្ស៍​ទី​១ ដែល​កើត​ចេញពី​រឿងព្រេង​និទាន​ខ្មែរ «​រឿង​ព្រះថោង​តោង​ស្បៃ​នាងនាគ​»​។ យ៉ាងណា បច្ចុប្បន្ន​នៅ​ក្នុង​ពិធី​មង្គលការ​ខ្មែរ​ពិធី​មួយ​ចំនួន​ត្រូវ​បាន​គេ​លុប​បំបាត់​ចោល​ស្ទើរ​ទាំងស្រុង ដោយ​យោង​លើក​ក្តា​ពេលវេលា ថវិកា និង​ការ​កង្វះ​ធនធាន​សម្រាប់​អ្នកដឹកនាំ រៀបចំ​ពិធី​ឲ្យ​ត្រូវ​តាម​ក្បួនខ្នាត​ពី​បរម​បុរាណ​របស់​ដូនតា​ខ្មែរ​។

លោក​បណ្ឌិត សុខ សុផល នៅ​នាយក​ភាពយន្ត នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ធ្វើការ​ចងក្រង​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ទម្រង់​អាពាហ៍ពិពាហ៍​ខ្មែរ ដោយនៅ​ក្នុង​នោះ​លោក​ក៏​បាន​បង្ហាញ​នូវ​ទម្រង់​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ទៀត​ឡើយ ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​។ ពិធី​ទាំងនោះ​មាន​ដូច​ជា ៖

១- ពិធី​ពុះ និង​ដោត​ផ្កាស្លា ៖ ពិធី​នេះ​សំខាន់​ណាស់​, សព្វ​ថ្ងៃនេះ មិន​មាន​វត្តមាន​ពិធី​នេះ​ទេ គឺ​ការ​ពុះ ផ្កាស្លា​ស្រេច​លើ​លោក​អាចារ្យ ឬ​ក៏​អ្នក​ផ្សេង​ពុះ​ទៅ​វិញ និង​បាន​រៀបចំ​ដោត​ជា​ស្រេច នេះ​ដោយសារ​បងប្អូន​មិន​បាន​ចេះ​ដឹង ឬ​ពេល​រវល់​ពេក​ក៏​ចេះ​តែ​បណ្ដោយ​ឲ្យ​ឆាប់​តែ​បាន​ចប់​, ការ​នេះ​ក៏​ចេះ​តែ​បាន​នេះ បើ​ប៉ះ​អ្នក​ពុះ​ផ្កា គាត់​ជា​អ្នកមាន​សិរី​នោះ​ជា​សំណាង តែបើ​អ្នក​ពុះ​ផ្កា​នោះ ជា​អ្នក​មិន​មាន​សិរី​នោះ នឹង​នាំ​ឲ្យ​អាប់ឱន​ដល់​សិរី​របស់​កូនស្រី ។ ហើយ​ដូនតា​ខ្មែរ​ពី​បុរាណ​លោក​ប្រកាន់​ណាស់ គឺ​មិន​ដែល​ចោល​ពិធី​នេះ​ឡើយ ហើយ​ទុក​ភារៈកិច្ច​នេះ​ឲ្យ​អ្នក​ម្ដាយ​កូនក្រមុំ​ជា​អ្នក​ពុះ ព្រោះ​ជា​ថ្ងៃ​ដំបូង​ដែល​កូនស្រី​និង​មាន​ស្វាមី ហើយ​គឺ​មាន​តែ​អ្នក​ម្ដាយ​ជា​អ្នក​ផ្ដល់​សិរី​នេះ​ឲ្យ​ទៅ​កូន​សំណព្វ​របស់​ខ្លួន​។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ គឺ​មាន​ន័យធៀប​មួយទៀត​ដែល​បាន​បង្កប់ន័យ​ថា លោក​មេបា​ចង់​បង្ហាញ​ពី​កូនស្រី​ខ្លួន​នៅ​ស្អាត​បរិសុទ្ធ ហើយ​ពេល​នេះ​មាតាបិតា​លើក​កូនស្រី​ខ្លួន​ឲ្យ​មាន​គូរ​ស្រករ​តាម​គន្លង​ប្រពៃណី​ខ្មែរ​។

២- ពិធី​ជុំ​ពេលា ៖ ពិធី​នេះ​ក៏​បាន​បាត់​ចេញ​អំពី​ការ (​អាពាហ៍ពិពាហ៍​) ខ្មែរ​ដែរ ។ បច្ចុប្បន្ន ពិធីការ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ស្រេច​លើ​ការ​រៀបចំ​របស់​លោក​អាចារ្យ និង​ភ្នួ​ង ទាំង​មិន​បាន​ពិភាក្សា​ជាមួយ​មេបា​ឡើយ នេះ​អាស្រ័យ​ដោយ​លោក​មេបា​ទាំង​សងខាង​លោក​មិន​បាន​យល់​ដឹង​ពី​ទំនៀមទម្លាប់​នៃ​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ច្បាស់​។ ពិធី​នេះ​សំខាន់​ណាស់ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​សុភមង្គល​របស់​សា​ម៉ី​ខ្លួន​ទាំង​ពីរ ព្រោះថា​ការ​យក​ថ្ងៃខែ​ឆ្នាំ​កំណើត​របស់​កូនប្រុស​កូនស្រី​ទៅ​បូកលេខ​អត្ត ដោយ​គ្រូ​ហោរ​ដើម្បី​ឈាន​ទៅ​រក​ពេល​រៀបចំ​ពិធី ការ​រៀបចំ​នេះ​ក៏​ចង់​ឲ្យ​កូនចៅ​បន្ទាប់​ពី​ថ្ងៃ​ការ​នេះ​ទៅ​បាន​ប្រកប​តែ​នឹង​សេចក្ដីសុខ និង​សេចក្ដីចម្រើន​ក្នុង​គ្រួសារ​។

យើង​ឃើញ​ថា ការ​រៀបចំ​នេះ​បាន​សមប្រកប​ទើប​ចាស់​បុរាណ​ដែល​ជា​ជីដូន​ជីតា​ខ្មែរ​មិន​ដែល​ចោល​ពិធី​នេះ​ឡើយ ឯ​ម្យ៉ាងទៀត​ក៏​ជា​ការ​ជូនដំណឹង​ដល់​ញាតិ​ជិតខាង​ឲ្យ​បាន​ជ្រាប​ពីរ​ពេលវេលា​ដែល​នឹង​ត្រូវ​រៀបចំ​ពិធី​។

៣- ពិធី​ជូន​ប្រាក់​ស្នាប់​ទឹកដោះ ៖ ពិធី​នេះ​ក៏​ជា​ពិធី​តូច​មួយ ស្ថិត​នៅ​ក្នុង​ពិធីកាត់ខាន់ស្លា​ដែរ ពិធី​នេះ​គឺជា​ការ​ជូន​ប្រាក់​ថ្លៃទឹកដោះ​ទៅ​មាតា​បី​តា​ខាង​ស្រី​ដែល​ខិតខំ​ចិញ្ចឹម​ថែរក្សា​កូន​កន្លង​មក (​មាតា​ធិ​ប​តេ​យ្យ​)​។ បច្ចុប្បន្ន​ពិធី​នេះ ក៏​ស្ទើរតែ​មិន​បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ពិធី​មង្គល​ដែរ គឺ​សព្វថ្ងៃ​មាតា​បី​តា​ខាង​កូនប្រុស និង​មាតា​បី​តា​ខាង​កូនស្រី ចរចា​គ្នា​ហើយ​ក៏​ជូន​នៅ​ខាងក្រៅ​ពិធី ដោយ​មិន​ឲ្យ​ញាតិ​មិត្ត​ណា​ដឹង ។

តាម​ការ​យល់​ឃើញ​របស់​ក្រុម​ជំនាញការ​រៀបចំ​ពិធី គឺជា​ការ​លើក​ត្រដាង​ការ​ពិត​នៃ​ចំនួន​ទឹកប្រាក់ និង​ភស្តុ​ភារ​បណ្ណាការ​ដែល​មាតា​បី​តា​ខាង​ប្រុស​លើក​ជូន​មាតា​បី​តា​ខាង​កូនស្រី​ដែល​នេះ​គឺជា​កិច្ច​សំខាន់​ម្យ៉ាង គឺ​លើក​តម្លៃ​នៃ​កិត្តិយស​កូនស្រី និង​ម្យ៉ាងទៀត​គឺជា​ការ​លើក​ជូន​ដោយ​មាន​ញាតិ​មិត្ត​ជិតខាង​ជា​សាក្សី​នៃ​ជំនូន​នេះ​។ ដូច្នេះ​ពិធី​នេះ មិន​គួរ​ឲ្យ​បាត់​ចេញពី​អាពាហ៍ពិពាហ៍​ខ្មែរ​ឡើយ​។

៤- ពិធី​អប់រំ​កូនស្រី (​កូនក្រមុំ​) ៖ នេះ​ជា​ពិធី​មួយ​នៅ​ក្នុង​ពិធីកាត់ខាន់ស្លា ដែល​ចាស់​បុរាណ​លោក​បាន​ចង​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ ពិធី​នេះ​ត្រូវ​បាន​អម​ដោយ​ចម្រៀង​អប់រំ​ដែល​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​កូនក្រមុំ​នា​ពេល​នេះ តែ​នឹង​ក្លាយទៅជា​មេផ្ទះ​នៅ​ថ្ងៃ​អនាគត ក្នុង​នោះ​ចម្រៀង​ក៏​បាន​រៀបរាប់​ពី​គំរូ​របស់​អ្នក​ម្ដាយ​ដែល​ខិតខំ​គ្រប់​បែប​យ៉ាង ដើម្បី​កូន​ៗ​តាំង​តែ​ពី​កូន​នៅ​ក្នុង​ផ្ទៃ​មាតា រហូត​ដល់​ពេញ​រូបរាង និង​មាន​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍ (​ការ​) ដែល​ពី​ថ្ងៃនេះ​ទៅ​កូន​នឹង​ស្នង​ដំណែង​មាតា ដោយ​នឹង​ដើរ​តាម​គន្លង​មួយ​ដែល​មាតា​បាន​ប្រព្រឹត្ត​មក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ មិន​ថា​ផ្អែម ប្រៃ ល្វីង ជូរ​ចត់​ឡើយ ដើម្បី​តែ​ពាក្យ​ម្យ៉ាង​គត់ គឺ​សុភមង្គល​ក្នុង​គ្រួសារ និង​ដើម្បី​សេចក្ដីសុខ​, សេចក្ដីចម្រើន​របស់​កូនចៅ​ជំនាន់​ក្រោយ​។

បច្ចុប្បន្ន យើង​តែង​សង្កេត​ឃើញ​ថា ពិធី​នេះ​ស្ទើរតែ​បាត់​ចេញពី​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​យើង ដោយ​អាស្រ័យ​ពេលវេលា​ខ្លី ឬ​លោក​អាចារ្យ និង​អ្នកភ្លេង​មិន​បាន​រៀន​ចេះ​ចាំ ឬ​អ្នក​ភ្នួ​ង (​អ្នក​តែងការ​) ជា​អ្នក​ទទួល​ការងារ​សរុប​ទៅ​រក​ពឹង​តែ​អ្នក​មិន​ចេះ​ដោយ​ប្រើ​តម្លៃ​ថោក ដោយ​គិត​ថា​ថ្ងៃ​ពិធី​គេ​រវល់​គ្រប់​គ្នា​មិន​មាន​គេ​ចាប់អារម្មណ៍​រឿង​ខុស​ឬ​ត្រូវ​… តែ​សូមកុំ​ភ្លេច​ថា ថ្ងៃ​អាពាហ៍ពិពាហ៍​របស់​គូរ​ស្វាមីភរិយា​ថ្មោងថ្មី​នេះ គឺជា​ថ្ងៃ​សុំ​ពរ​ជ័យ​ពី​វត្ថុ​ស័ក្តិ​សិទ្ធ​, ពី​ជីដូន​ជីតា និង​សាច់​សារ​លោហិត​ទាំង​លោក​ធ្វើ​មរណកាល និង​ទាំង​លោក​នៅ​មាន​ព្រះ​ជន្ម ដូច្នេះ​មាន​តែ​ភាព​សុក្រឹត ទើប​លោក​ទទួលយក​បាន ហើយ​ឲ្យ​ពរ​ជ័យ​ដល់​គូរ​ស្វាមីភរិយា​នេះ​។

៥- ពិធី​អង្គុយ​លើ​អង្ករ​រាប ៖ ពិធី​នេះ​ក៏​បាន​បាត់​ចេញពី​អាពាហ៍ពិពាហ៍​របស់​ខ្មែរ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ បើ​តាម​ការ​សិក្សាការ​បាត់​នេះ គឺ​បណ្ដាល​មក​ពី​អតីតកាល​នៃ​សង្គ្រាម​នៅ​ក្នុង​ប្រទេស ហើយដោយ​ពេលវេលា​ខ្លី គឺ​ការ​ប្រារព្ធ​ពិធី​ធ្វើ​ឡើង​ឲ្យ​តែ​បាន​ឆាប់​ចប់​តែ​ប៉ុណ្ណោះ តំណរ​ក្រោយមក​ដោយ​ការ​មិន​ចេះ​ផង គួប​ផ្សំ​នឹង​ពិធី​បច្ចុប្បន្ន​ធ្វើ​ឡើង​តែ​មួយ​ថ្ងៃ ឬ​មួយ​ថ្ងៃ​កន្លះ​ផង ធ្វើ​ឲ្យ​ពិធី​អង្គុយ​លើ​អង្ករ​រាប​នេះ ក៏​កាន់តែ​រសាត់​ទៅ​ឆ្ងាយ​ពិស​ន្ដា​ន​ចិត្ត​ប្រជាជន​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​។ សូម​បញ្ជាក់​ថា ពិធី​អង្គុយ​លើ​អង្ករ​រាប​នេះ គឺជា​ការ​អញ្ជើញ​ស្រី​គ្រប់​ល័ក្ខណ៍​ឲ្យ​មក​គ្រប់គ្រង​ភូមិឋាន​ថ្មី​នៃ​គ្រួសារ​ថ្មី​របស់​គូរ​ស្វាមីភរិយា​ដោយ​យក​ព្រះ​មេ​ជា​តំណាង​។

៦- ពិធី​បញ្ជាន់​អង្ករ​រាប ៖ ពិធី​នេះ ក៏​បាន​ត្រូវ​បាត់ ឬ​លែង​ឃើញ​មាន​ប្រើប្រាស់​នៅ​ក្នុង​អាពាហ៍ពិពាហ៍​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ​ដែរ គួរ​ឲ្យ​សោកស្ដាយ​ព្រោះ​ពិធី​នេះ​ចាស់​បុរាណ​លោក​រៀបចំ​ឡើង​ក្នុង​ន័យ​កសាង​ភូមិឋាន​ថ្មី​សម្រាប់​គ្រួសារ​ថ្មី ពិធី​នេះ​មាន​កិច្ច​សំខាន់​ៗ​ជា​ច្រើន​ដែល​យើង​មិន​អាច​រៀបរាប់​ឲ្យ​អស់​សេចក្ដី​បាន​។

៧- ពិធី​មង្គល​ធ្វើ​ធ្មេញ​បំពេញ​ល័ក្ដ ( ល័ខ ) ៖ ពិធី​នេះ​ស្ទើរតែ​បាត់​ទាំងស្រុង អំពី​កម្មវិធី​អា​ពា​ហ៍​ពី​ពា​ហ៍​ខ្មែរ​សព្វថ្ងៃ ដោយ​បច្ចុប្បន្ន​ការ​រៀប​ពិធី​ត្រូវ​បាន​បង្ខើច​ឲ្យ​នៅ​ខ្លី ឬ​ក៏​អ្នក​រៀបចំ​ពិធី​ខ្លះ​លោក​មិន​បាន​ចេះ​ចាំ​ពី​ន័យ​ខ្លឹមសារ​នៃ​ពិធី ក៏​ត្រូវ​បាន​បំភ្លេច​ចោល ។ បងប្អូន​ជនរួមជាតិ ពិធី​មង្គល​ធ្វើ​ធ្មេញ​បំពេញ​ល័ក្ដ​នេះ មាន​ពិធី​តូច​ៗ​ជា​ច្រើន​ទៀត ដែល​ចង​ផ្ដុំ​គ្នា​ជា​ពិធី​ធំ​មួយ ហើយ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​សង្គម​ខ្មែរ​នា​អតីតកាល ក៏​ព្រោះតែ​មាន​ជំនឿ​រថា ការ​ប្រារព្ធ​ពិធី​នេះ​នឹង​នាំ​ឲ្យ​គូរ​ស្វាមីភរិយា​រួមរស់​ជាមួយ​គ្នា​រហូត​ដល់​ចាស់​កោង​ខ្នង​រាង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ