ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលកិច្ច​កំណត់​ក​ក្តា​ស្លា.ប់​រស់​កំណើនសេដ្ឋកិច្ច​ពេល​វិបត្តិ​កូ​វី​ដ-​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មន្ត្រី​អះអាង​ថា ​កម្ពុជា​បាន​ប្រែក្លាយ​វិបត្តិ​កូ​វី​ដ​ ១៩ ជា​ការ​កែទម្រង់​សេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យកំណើនសេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​មាន​និរន្ត​ភាព​ទៅ​មុខ​បាន​ ។​…

រាជធានីភ្នំពេញ ៖ មន្ត្រី​អះអាង​ថា ​កម្ពុជា​បាន​ប្រែក្លាយ​វិបត្តិ​កូ​វី​ដ​ ១៩ ជា​ការ​កែទម្រង់​សេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​ធ្វើ​ឱ្យកំណើនសេដ្ឋកិច្ច​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​នេះ​មាន​និរន្ត​ភាព​ទៅ​មុខ​បាន​ ។​ ជាមួយ​ក្តី​រំពឹង​ពី​កំណើនសេដ្ឋកិច្ច​ល្អ​ចាប់ពី​ឆ្នាំ​ ២០២២ ​នេះ​ទៅមន្ត្រី​អះអាង​ថា ​វា​អាស្រ័យ​លើ​ការ​អនុវត្ត​គោលនយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ក្នុង​វេទិកាសាធារណៈ​ស្តី​ពី «​ការ​គ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ច្បាប់​ថវិកា ​ឆ្នាំ ​២០២២» រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិ​រញ្ញា​វត្ថុ នា​ថ្ងៃ​ទី​ ១៨ ខែកុម្ភៈ ឆ្នាំ​ ២០២២​ បាន​ថ្លែង​ថា នៅ​ឆ្នាំ ​២០២២ ​នេះ សេដ្ឋកិច្ច​កម្ពុជា រំពឹង​ថា ​នឹង​កើនឡើង​ដល់់ ​៥.៦% និង ៦.៥% នៅ​ឆ្នាំ​ក្រោយ និង ​៧% នៅ​ឆ្នាំ​ ២០២៤ ។​

លោក​ថា ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការ​បង្កើត​ភាព​ប្រ​គួ​ត​ប្រជែង​របស់​សេដ្ឋកិច្ច នៅ​តែ​ជា​គន្លឹះ​ធំ​បំផុត​ដែល​មិន​អាច​ខ្លះ​បាន ​។ ជាមួយ​គ្នា​នេះ​ការ​កែទម្រង់ និង​ការ​អនុវត្ត​គោលនយោបាយ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល ត្រូវ​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន និង​ជំរុញ​ឱ្យ​មាន​អភិបាលកិច្ច​ល្អ​ជាង​មុន ​។

ច្បាប់​វិនិយោគ​ថ្មី ការ​បង្កើត​ថ្នាល​ពាណិជ្ជ​ឌី​ជី​ថ​ល់ រួម​នឹង​កិច្ចព្រមព្រៀង​ពា​ណី​ជ្ជ​កម្ម​សេរី​ភាគី​រវាង​កម្ពុជា​ និង​ប្រទេស​នានា​រួម​នឹង​កិច្ចព្រមព្រៀង​ពហុភាគី​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ជាដើម​នោះ ត្រូវ​គេ​រំពឹង​ថា ​កម្ពុជានឹង​មានឱកាស​ទាក់ទាញ់​ការ​វិនិយោគ​ពី​បរទេស​ច្រើន​ ។ ច្បាប់​ស្តី​ពី វិនិយោគ​នេះ បាន​បង្ហាញ​កាន់តែ​ច្បាស់​នូវ​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក និង​បរទេស​ ។ ​ច្បាប់​នេះ​ក៏​ផ្តោត​សំខាន់​លើ​និន្នាការ​ធុរកិច្ច​សកល​ថ្មី​ៗ ដោយ​បាន​ដាក់​បញ្ចូល​វិស័យ​ឧស្សាហកម្ម​បៃតង​, បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ និង​ឧស្សាហកម្ម ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ ។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សុខ ចិន្តា​សោភា អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​មួយ​កាលពី​ចុង​ស​ប្តា​ហ៍​មុខជា​មួយ​ស្ថាប័ន​ធុរជន​ប្រទេស​ម៉ា​ឡេ​ស៊ី​ ។

លោក​បាន​បន្ត​ថា រាល់​ប្បញ្ញត្តិ​ក្នុង​ច្បាប់​នេះ​សុទ្ធតែ​បង្ហាញ​ពី​កិច្ច​សម្រួល​តាម​រយៈ​ការ​លើកលែង​ពន្ធ​ក្នុង​កញ្ចប់​លើកទឹកចិត្ត និង​ការ​ការពារ​វិនិយោគ​សំដៅ ធ្វើ​ឱ្យ​កាន់តែ​មាន​ភាព​ងាយស្រួល រលូន និង​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត​នីតិវិធី​ចុះបញ្ជី​សម្រាប់​ក្រុមហ៊ុន​វិនិយោគ ហើយ​លោក​បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា កិច្ច​ប្រឹងប្រែងរបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​រៀបចំ​ច្បាប់​ស្តី​ពី​វិនិយោគ​នេះ នឹង​ទទួល​បាន​នូវ​លទ្ធផល​ផ្លែផ្កា​នៅ​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ តាម​រយៈ​ច្បាប់​នេះ​កម្ពុជា​អាច​ច្បាមយក​កាលានុវត្តភាព​ជាអតិបរមា​ក្នុង​ការ​ជំរុញ​វិនិយោគ​ឱ្យ​កាន់តែ​មាន​សន្ទុះ​ទៅ​មុខជា​បន្តបន្ទាប់​ ។

លោក សុខ ចិន្តា​សោភា បាន​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​របស់​កម្ពុជា ក្នុង​ការ​កែ​លម្អ​បរិស្ថាន​វិនិយោគ​សំដៅ​ជំរុញ​ទាក់ទាញ​ការ​វិនិយោគ ក្នុង​គន្លង​ប្រក្រតី​ភាព​ថ្មី​នៃ​វិបត្តិជំងឺ​កូ​វី​ដ​-១៩ ដែល​ទាមទារ​ឱ្យ​កម្ពុជា​ប្រកាន់​យក​នូវ​អភិក្រម​បុ​រេ​សកម្ម​ជាង​មុន ក្នុង​ការ​ជំរុញ និង​ទាក់ទាញ​វិនិយោគ​ប្រកបដោយ​គុណភាព និង​ចីរភាព​ ។

គិត​ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​ទទួល​ស្វាគមន៍ និង​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​របស់​ម៉ា​ឡេ​ស៊ី ចំនួន ១៦២​ គម្រោង ក្នុង​ទុន​វិនិយោគ​សរុប​ប្រមាណ ៣.១៥​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ