ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ ​១៩ ធ្វើ​ឱ្យការ​ផ្តល់​ប្រាក់​សោធន​និវត្តន៍​វិស័យ​ឯកជន​ពន្យារ​ពេល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា​ បច្ចុប្បន្នក្រសួង​បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ចប់​សព្វគ្រប់​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោ​ធន​និ​វត្ត​ន៍ ​។ ប៉ុន្តែ​ការ​អនុវត្ត​លើ​សេវា​ផ្តល់​ប្រាក់​សោធន​និវត្តន៍​កម្មករនិយោជិត​នេះ បាន​ពន្យា​រពេល​ដោយសារ​បញ្ហា​កូ​វី​ដ ​១៩​…

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ថា​ បច្ចុប្បន្នក្រសួង​បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ចប់​សព្វគ្រប់​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោ​ធន​និ​វត្ត​ន៍ ​។ ប៉ុន្តែ​ការ​អនុវត្ត​លើ​សេវា​ផ្តល់​ប្រាក់​សោធន​និវត្តន៍​កម្មករនិយោជិត​នេះ បាន​ពន្យា​រពេល​ដោយសារ​បញ្ហា​កូ​វី​ដ ​១៩​ ។

របប​ប្រាក់​សោធន​និវត្តន៍​កម្មករនិយោជិត ជា​សេវា​សង្គម​មួយ ដែល​អ្នកធ្វើការ​នៅ​ក្នុង​វិស័យ​ឯកជន​ចង់បាន​ពីព្រោះ​ការ​មាន​ប្រាក់​ចូល​និវត្តន៍​ជា​ផ្នែក​សំខាន់​នៅ​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​ពួក​គេ​ពេល​ចាស់ ឬ​ពេល​បាត់បង់​សមត្ថភាព​ការងារ​ ។

បេឡា​ជាតិ​សន្តិសុខ​សង្គម ជា​ស្ថាប័ន​ដែល​កំពុង​អនុវត្ត​របប​សន្តិសុខ​សង្គម​ដល់​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃច្បាប់​ស្តី​ពី​ការងារ និង​បាន​ចុះបញ្ជី​កា​ក្នុង​បេឡា​ជាតិ​សន្តិសុខ ប​.​ស​.​ស ។ របប​សន្តិ​សង្គម ដែល​មាន ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព​ និង​ផ្នែក​សោធន​និវត្តន៍ ​ប៉ុន្តែ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ បាន​កំពុង​ដំណើរការ​តែ​ផ្នែក​ហានិភ័យ​ការងារ ផ្នែក​ថែទាំ​សុខភាព​ ។

ដើម្បី​ទទួល​បាន​សេវា​របប​សន្តិសុខ​សង្គម​នេះ កម្មករនិយោជិត​ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​ឯកជន និង​ម្ចាស់​សហគ្រាស រោងចក្រ ក្រុមហ៊ុន ត្រូវ​បង់​វិភាគ​ទៅ​តាម​ច្បាប់​កំណត់ ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ។ ចំណែកមន្ត្រី​សាធារណៈ រាជរដ្ឋាភិបាល​បាន​បង់​ភាគទាន​ជំនួស​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​។

នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ឆ្នាំ ​២០២១​ លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើក​ឡើង​ថា ច្បាប់​ស្តី​ពី​របប​សន្តិសុខ​សង្គម​ថ្មី ទទួល​បានការ​អនុម័ត និង​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​អនុវត្ត​ផ្នែក ប្រាក់​សោធន សម្រាប់​កម្មករនិយោជិត និង​ផ្នែក​របប​ហានិភ័យ​ការងារ សម្រាប់​មន្ត្រី​សាធារណៈ ។ លោក​បាន​បញ្ជាក់​ថា បច្ចុប្បន្ន ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​លិខិត​បទដ្ឋាន​គតិយុត្តិ​ចប់​សព្វគ្រប់​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន ​។ ប៉ុន្តែ​ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម កំពុង​ពិនិត្យ​សម្រេច​កាលបរិច្ឆេទ នៃ​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន សម្រាប់​កម្មករនិយោជិត​ដែលស្ថិត​នៅ​ក្រោម​បទបញ្ញត្តិ​ច្បាប់​ស្តី​ពី​ការងារ ​។

លោក អ៊ុ​ក សមវិទ្យា អគ្គនាយក​បេឡា​ជាតិ​សន្ដិសុខ​សង្គម បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព និង​ផ្នែក​ហានិភ័យ​ការងារ ទាំង​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ គិត​ត្រឹម​ឆ្នាំ​ ២០២១ ដែល​ក្នុង​នោះ​សម្រាប់​វិស័យ​ឯកជន​បាន​ចុះបញ្ជី​សរុប​ចំនួន ១៧ ៣១៧​ សហគ្រាស ដែល​មាន​សមាជិក​សរុប​ចំនួន ២ ៣០៥ ៩៥៨ ​នាក់ និង​ផ្នែក​ថែទាំ​សុខភាព​ចំនួន ១៤ ៦៨៩ ​សហគ្រាស មាន​សមាជិក​ចំនួន ២ ៣០៥ ៩៥៨ ​នាក់ ​។ ចំណែក​វិស័យ​សាធារណៈ​បាន​ចុះបញ្ជី​ផ្នែក​ថែទាំ​សុខភាព​សរុប​ចំនួន ៣៨​ស្ថាប័ន មាន​សមាជិក​សរុប ៣៩៨ ៧៤០​ នាក់ និង​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ៣៥​ ស្ថាប័ន មាន​សមាជិក​សរុប ២៤៨ ៨៩២​ នាក់ ​។

មន្ត្រី​អះអាង​ថា គិត​មក​ដល់​ពេល​នេះ បេឡា​ជាតិ​សន្តិសុខ​សង្គម បាន​ផ្តល់​តាវកាលិក​ជូន​សមាជិក​របស់​ខ្លួន​ចំពោះ​ផ្នែក​ហានិភ័យ​ការងារ​ចំនួន ១០.៦៨ ​ប៊ី​លាន​រៀល និង​ផ្នែក​ថែទាំ​សុខភាព​ចំនួន ១៥៦.២០ ​ប៊ី​លាន​រៀល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ