ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ម្តាយ​​ត្រូវ​ហ៊ាន​និយាយ​អំពី​បញ្ហា​ផ្លូវភេទ​​ជាមួយ​កូន​ស្រី

7 ឆ្នាំ មុន

ខណ​:​ពេល​ដែល​ក្មេង​ស្រី ​កាន់តែ​មានការ​បើក​ទូលាយ​ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​នោះ វា​ជា​ការ​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​មានការ​យល់​ដឹង​​ជា​មូលដ្ឋាន​អំពី​បញ្ហា​ផ្លូវភេទ ​ដើម្បី​ចៀសវាង​​ការ​ឆ្លង​ជំងឺ​មួយ​ចំនួន ​និង​ការ​មានកូន​​ដោយ​ចៃដន្យ​ណាមួយ​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ​ ។

ខណ​:​ពេល​ដែល​ក្មេង​ស្រី ​កាន់តែ​មានការ​បើក​ទូលាយ​ នៅ​ក្នុង​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​នោះ វា​ជា​ការ​ចាំបាច់​ដែល​ពួក​គេ​ត្រូវ​មានការ​យល់​ដឹង​​ជា​មូលដ្ឋាន​អំពី​បញ្ហា​ផ្លូវភេទ ​ដើម្បី​ចៀសវាង​​ការ​ឆ្លង​ជំងឺ​មួយ​ចំនួន ​និង​ការ​មានកូន​​ដោយ​ចៃដន្យ​ណាមួយ​ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​អនាគត​របស់​ពួក​គេ​ ។

ការ​ពិភាក្សា​អំពី​បញ្ហា​ផ្លូវភេទ​ មិនសូវ​ជា​កើត​មាន​ប៉ុន្មាន​ទេ ​នៅ​ក្នុង​គ្រួសារ​ខ្មែរ​យើង​ ។ ខណ​:​ឪពុក​ម្តាយ​ជា​ច្រើន ​មិនសូវ​រវល់​នឹង​និយាយ​​អំពី​បញ្ហា​ផ្លូវភេទ​នេះ កូនស្រី​ជា​ច្រើន​ក៏​មិន​ហ៊ាន​សួរនាំ​ដល់​ឪពុក​ម្តាយ ​ដោយសារ​តែ​ការ​ខ្មាស​អៀន​ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​​ក៏​ដោយ​ចុះ វា​ចាំបាច់​ណាស់​ ដែល​យុវតី​វ័យក្មេង​ ត្រូវ​មានចំណេះ​ដឹង​ជា​មូលដ្ឋាន​ អំពី​បញ្ហា​ផ្លូវភេទ​នេះ​។ ឪពុក​ម្តាយ​មាន​តួនាទី​ណែនាំ​កូន​ឱ្យ​​យល់​ដឹង​បាន​ច្រើន​​អំពី​បញ្ហា​ទាក់ទង​នឹង​ផ្លូវភេទ​​ ដូច​ជា​វិធី​ថែរក្សា​អនាម័យ វិធី​ការពារ​ជំងឺឆ្លង​តាម​​ការ​រួម​ភេទ និង​វិធី​ការពារ​ផ្សេង​ៗ ​ដើម្បី​ចៀសវាង​ការ​មានកូន​ដោយ​ចៃដន្យ​ជាដើម​ ។

ការ​យល់​ដឹង​អំពី​បញ្ហា​ផ្លូវភេទ ​មិន​ត្រូវ​ចាត់​ទុកដាក់​​ថា ​គឺជា​ការ​លើកទឹកចិត្ត​យុវតី​ឱ្យ​​កាន់​មានចិត្ត​ចង់​ប្រឡូក​នៅ​ក្នុង​ជីវិត​ផ្លូវភេទ​ឡើយ​ ។ ប៉ុន្តែ​ការ​យល់​ដឹង​អំពី​បញ្ហា​ផ្លូវ​ភេទ​នេះ ​នឹង​ធ្វើ​ឱ្យ​​យុវតី​កម្ពុជា ​ធ្វើការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ នៅ​ក្នុង​ជីវិត​ផ្លូវភេទ​របស់​ពួក​គេ ​ព្រមទាំង​ជួយ​ពួក​គេ​ឱ្យ​ឃ្លាតឆ្ងាយ​បញ្ហា​នានា​ ដែល​បណ្តាល​មក​ពី​ការ​មិន​យល់​ដឹង​អំពី​បញ្ហា​ផ្លូវភេទ ​ដូច​ជា​ការ​ឆ្លង​ជំងឺ​កាមរោគ​​ ឬ​មេរោគ​អេ​ដស៍​ជាដើម​ ព្រមទាំង​ការ​មានកូន​ដោយ​ចៃដន្យ​ជាដើម ​។

ចំណែក​យុវតី​កម្ពុជា​ ក៏​មិន​ត្រូវ​មានការ​ខ្មាស​អៀន​​ចំពោះ​ឪពុក​ម្តាយ​ ពិសេ​ស​ម្តាយ​នៅ​ក្នុង​ការ​សួរនាំ​អំពី​​ច​ម្ង​ល់​នានា​ អំពី​បញ្ហា​ផ្លូវ​ភេទ​។ ម្តាយ​ជាទី​ប្រឹក្សា​សុខភាព​ផ្លូវភេទ​​ ដ៏​មាន​សារសំខាន់​បំផុត​ សម្រាប់​កូន​គ្រប់​រូប ​។

ការ​ពិភាក្សា​យ៉ាង​បើកចំហ​រ​វាង​ម្តាយ​និង​កូន​ អំពី​បញ្ហា​ផ្លូវភេទ​នេះ​ នឹង​ធ្វើ​ឱ្យ​​យុវតី​កម្ពុជា​ ​ទទួល​បាន​ចំណេះដឹង​គ្រប់គ្រាន់​ ទាក់ទង​នឹង​បញ្ហា​ផ្លូវភេទ​នេះ​ ។ ​ដូច្នេះ​ វា​ក៏​នឹង​ជួយ​ពួក​គេ​ឱ្យ​​រួច​ផុត​ពី​បញ្ហា​នានា​ ដែល​ទាក់់ទង​នឹង​ផ្លូវភេទ ​៕