ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចង់បាន​បទ​ពិសោធន៍​នៃ​ការ​រុក រក​ប្រេង និង​ឧស្ម័ន ពី​ប្រទេស​ទី​ម័​រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ស្នើ​ប្រទេស​ទី​ម័​រ​ផ្ដល់​នូវ​បទ​ពិសោធន៍ រួម​ទាំង​បទដ្ឋាន​ច្បាប់​នានា​ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​ប្រេង ឬ​ការ​រុករក​ប្រេងកាត​ដើម្បី​យក​មក​អនុវត្ត​ក្នុង​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​កម្ពុជា​បាន​ស្នើ​ប្រទេស​ទី​ម័​រ​ផ្ដល់​នូវ​បទ​ពិសោធន៍ រួម​ទាំង​បទដ្ឋាន​ច្បាប់​នានា​ដែល​ទាក់ទង​នឹង​ឧស្សាហកម្ម​ប្រេង ឬ​ការ​រុករក​ប្រេងកាត​ដើម្បី​យក​មក​អនុវត្ត​ក្នុង​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា ខណៈ​ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​កំពុង​លូតលាស់​មួយ​នេះ បាន​និង​កំពុង​នាំ​ចូល​ប្រេងឥន្ធនៈ​ទាំងស្រុង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ថៃ ។ ចំណែក​ប្រេង​និង​ឧស្ម័ន​នៅ​បាតសមុទ្រ និង​ក្រោម​ដី ព្រមទាំង​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ខ្លួន នៅ​មិន​ទាន់​អាច​ធ្វើ​អាជីវកម្ម​បាន និង​លេច​ជា​រូបរាង​នៅឡើយ ។

ថ្លែង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ លោកស្រី Felicidadae de souse Guterres  ឯកអគ្គរដ្ឋទូត​ប្រទេស​ទី​ម័​រ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ កក្កដា កន្លង​មក លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ប្រទេស​ទី​ម័​រ​ផ្តល់​នូវ​បទ​ពិសោធន៍ រួម​ទាំង​បទដ្ឋាន​នានា​ទាក់ទង​ឧស្សាហកម្ម​ប្រេង ឬ​ការ​រុករក​ប្រេងកាត​នៅ​តំបន់​សមុទ្រ​នៃ​ប្រទេស​ទី​ម័​រ ។

លោក​បណ្ឌិត​សុខ អាន ថ្លែង​ថា ៖ « ទី​ម័​រ ជា​ប្រទេស​ដែល​មានបទពិសោធន៍​ខ្ពស់​នៅ​ក្នុង​ឧស្សាហកម្ម​ប្រេង និង​ឧស្ម័ន ហើយ​នៅ​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាង​មុខ ក្រសួង​រ៉ែ និង​ថាម​ពល នឹង​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ដើម្បី​រៀនសូត្រ​នូវ​បទ​ពិសោធន៍ ក៏​ដូច​ជា​ស្វែង​យល់​ពី​របៀបការ​ធ្វើ​អាជីវកម្ម​ប្រេង និង​ឧស្ម័ន » ។

នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ សេចក្តីព្រាងច្បាប់​ប្រេងកាត កាលពី​ពេល​ថ្មី​ៗ នេះ លោក ម៉េ​ង សក្តិ​ធា​រ៉ា រដ្ឋ​លេខា ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ប្រេងកាត​ជា​សក្តានុពល​ធំ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ហើយ​ជា​ធនធាន​ដែល​មិន​កកើត​ឡើង​វិញ ដែល​ទាមទារ​ឱ្យ​មានការ​រៀបចំ​ជា​គោលនយោបាយ ជាប​ទប្ប​ញ្ញ​តិ្ត​ច្បាប់ ដោយ​ផ្អែក​លើ​មេរៀន​បទ​ពិសោធន៍​របស់​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភពលោក​ដែល​បាន​អនុវត្ត និង​ធ្វើ​យ៉ាងណា ឱ្យ​ច្បាប់​នេះ​មាន​គ្រប់​ជ្រុងជ្រោយ មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​ធានា​ថា យើង​អាច​ធ្វើ​អាជីវកម្ម​លើ​ធនធាន​នេះ ដើម្បី​ជា​ផលប្រយោជន៍​រយៈពេល​វែង  ។

គួរ​បញ្ជាក់​ថា កម្ពុជា​នឹង​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​របស់​ខ្លួន​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​ខេ​មី​ខ​ល ខូ​អិ​ល​ធី​ឌី (CPC) ជាមួយ​ក្រុមហ៊ុន CNPC Northeast Refining & Chemical Engineering របស់​ប្រទេស​ចិន ។

រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ នឹង​អនុវត្ត​នៅ​ដំណាក់កាល​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សមត្ថភាព​ផលិត​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ស្ថិត​នៅ​ស្រុក​​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​៤០០​ហិ​កតា ។ រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ ជា​គម្រោង​វិនិយោគ​លើ​វិស័យ​ប្រេងឥន្ធនៈ​ប្រកបដោយ​មហិច្ឆតា​តែ​មួយ​គត់ មិន​ធ្លាប់​មាន​ពី​មុន​នៅ​កម្ពុជា​គិត​មក​ដល់​ពេល​នេះ នឹង​ត្រូវ​ប្រើ​ទឹកប្រាក់​បណ្តាក់ទុន​ប្រមាណ​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ នៅ​ពេល​សាង​សង់​​រួច​ជា​ស្ថាពរ​ហើយ​ដំណើរការ​ពេញ​សមត្ថភាព រោងចក្រ​នេះ​អាច​ផលិត​ប្រេង​បាន​៥​លាន​តោន​ក្នុង​១​ឆ្នាំ ៕