ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​កម្លាំង​ត្រួតពិនិត្យ​តាម​​ផ្លូវ! ត្រឹម​មួយ​ថ្ងៃ​ដំបូង​រក​ឃើញ​​៦១​គ្រឿង​អត់​បង់ពន្ធ

2 ឆ្នាំ មុន
  • ព្រះសីហនុ

សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក ប៉ែ​ត ចក់ អនុប្រធាន​សាខា​ពន្ធដារ និង​ជា​ប្រធាន​​ក្រុមការងារ តំណាង​ឲ្យ​លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត

ខេត្ត​ព្រះ​សីហ​នុ ៖ ត្រឹមថ្ងៃដំបូងនៃការចុះអនុវត្តការងារ អាជ្ញាធរជំនាញបានរកឃើញ យ៉ាងហោចណាស់មានយានយន្ត ៦១ គ្រឿង មិនបានបង់ពន្ធលើ​មធ្យោ​បាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២១ ដែលនេះជាតួលខខ្ពស់មួយ និងបង្ហាញពីការធ្វេសប្រហែសរបស់ម្ចាស់យានយន្តគ្រប់ប្រភេទក្នុងការមិនទៅបង់ពន្ធជូនរដ្ឋឱ្យបានទាន់ពេលវេលាកំណត់។

ការរកឃើញយានយន្តមិនបានបង់ពន្ធខាងលើ គឺធ្វើឡើងក្រោយពីសាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ដឹកនាំ​ដោយ​លោក ប៉ែ​ត ចក់ អនុប្រធាន​សាខា​ពន្ធដារ និង​ជា​ប្រធាន​​ក្រុមការងារ តំណាង​ឲ្យ​លោក សន ស៊ី​ផល ប្រធាន​សាខា​ពន្ធដារ​ខេត្ត ព្រឹក​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២​កន្លង​មកនេះ សហការ​ជាមួយ​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ ចុះ​ត្រួតពិនិត្យ ការ​បង់ពន្ធ​លើ​មធ្យោ​បាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២១ ត្រង់​ចំណុច​ខាង​មុខ​អតីត​មន្ទីរ​គមនាគមន៍ តាម​បណ្តោយ​វិ​ថី​ឯករាជ្យ​ស្ថិត​ក្នុង​សង្កាត់​លេខ​០២ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

លោក ប៉ែ​ត ចក់ អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ​បាន​ឲ្យ​ដឹង​ថា ការ​ដឹកនាំ​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​ណែនាំ​របស់​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ​ក៏​ដូច​ជា​ការ​ណែ​នាំ​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ ស្តី​ពី​ការ​ចុះ​ត្រួតពិនិត្យ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​(២០២១-២០២២) ។

លោក​ថា ការ​ត្រួតពិនិត្យ​នេះ ​ដើម្បី​ពង្រឹង​លើ​ច្បាប់​ស្តី​ពី​សារពើពន្ធ និង​អនុលោម​ភាព​នៃ​ការ​បង់ពន្ធ​លើ​មធ្យោ​បាយ​យានយន្ត​គ្រប់​ប្រភេទ ដោយ​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ថ្ងៃ​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២២ ។

ម្ចាស់​យានយន្ត​ដែល​មិន​ទាន់​បាន​បង់ពន្ធ សូម​អញ្ជើញ​ទៅ​បង់ពន្ធ​នៅ​តាម​កន្លែង​ដែល​កម្លាំង​ចម្រុះ​បាន​ចុះ​ធ្វើការ​ឬ​ក៏​ពេល​ដែល​កម្លាំង​ចម្រុះ​ត្រួតពិនិត្យ​នៅ​តាម​ដងផ្លូវ​ឃើញ​យានយន្ត​មិន​ទាន់​បាន​បង់ពន្ធ​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​និង​ខាត​ពេលវេលា ។

លោក​ប្រធាន​ក្រុមការងារ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ឆ្លើយ​តប​តាម​ការ​ប្រកាស​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ឲ្យ​ម្ចាស់​​យានយន្ត​និង​យានជំនិះ​គ្រប់​ប្រភេទ​ចូលខ្លួន​បង់ពន្ធ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​កុំ​ឲ្យ​ខកខាន​ក្នុង​ការ​បង់ពន្ធ​ឲ្យ​បាន​ទាន់​ពេលវេលា​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កំណត់​និង​ដើម្បី​ចៀសវាង​ការ​ផាកពិន័យ ។

លោក​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ និង​ជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​យានយន្ត​ដែល​មិន​ទាន់​បាន​បង់ពន្ធ​ផ្លូវ​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ចុង​ក្រោយ​ថា នៅ​ក្នុង​ការ​ត្រួតពិនិត្យ​ថ្ងៃ​ដំបូង​ជា​លទ្ធផល​កម្លាំង​ចម្រុះ​បាន​រក​ឃើញ​យានយន្ត​ដែល​មិន​បាន​បង់ពន្ធ​ផ្លូវ​សរុប​ចំនួន​៦១​គ្រឿង ក្នុង​នោះ​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​ចំនួន​២៨​គ្រឿង និង​រថយន្ត​ប្រភេទ​ទេសចរណ៍​ចំនួន​៣៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ