ខេត្តកំពង់ស្ពឺ ៖ ដើម្បីចូលរួមការពារអភិរក្ស និងដាំដើមឈើប្រណីតបន្ថែមជាមួយរដ្ឋាភិបាល ក្រុមហ៊ុន NVC ផលិតទឹកពិសាវីតាល់ បានដឹកនាំបុគ្គលិកជាច្រើននាក់ ចុះទៅដាំដើមឈើប្រណីតនៅក្នុងសហគមន៍អភិរក្សឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងទិវាដាំកូនឈើជាតិ៩ កក្កដា ២០១៦ ។ វីតាល់ ក៏បានឧបត្ថម្ភកុំព្យូទ័រថ្មីស្រឡាងចំនួនមួយគ្រឿងដល់សហគមន៍ចំបក់ តាមសំណូមពររបស់លោក ទូច ម៉ន ប្រធានសហគមន៍ចំបក់ ដែលកំពុងតែស្វែងរកជំនួយកុំព្យូទ័រថ្មី ដើម្បីភាពងាយស្រួលដល់ការងាររដ្ឋបាលនៃការថែរក្សាព្រៃ និងតំបន់អេកូទេសចរណ៍ចំបក់ ។
លោក ជុនហៀង ថាវសិទ្ធិ ប្រធាននាយកដ្ឋានទីផ្សារនៃក្រុមហ៊ុនផលិតទឹកពិសា វីតាល់ បានប្រសាសន៍ថា ការដាំឈើប្រណីតឡើងវិញ គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់មូលនិធិ២៥៛ វីតាល់ ។ ក្រុមហ៊ុនបានផ្សាភ្ជាប់បរិស្ថានជាមួយនឹងគម្រោងមូលនិធិ ដើម្បីជាការអបអរសាទរដល់ទិវាដាំដើមឈើជាតិ និងជាក៏ជាការសារទរគម្រប់ខួបមួយឆ្នាំរបស់គម្រោង វីតាល់ ដើម្បីបរិស្ថានកាន់តែប្រសើរ ឬ «Vital go green» កាលមួយឆ្នាំមុន ។ នេះជាលើកទីមួយ ដែលមូលនិធិវីតាល់បានប្រារព្ធពិធីដាំដើមឈើនេះឡើង ដោយសង្ឃឹមថា ចលនាមួយនេះនឹងការគាំទ្រពីអតិជន វីតាល់ដែលជាម្ចាស់មូលនិធិ ២៥៛ ។ វីតាល់ក៏នឹងមានគម្រោងប្រារព្ធកម្មវិធីនេះ ជារៀងរាល់ឆ្នាំ ដើម្បីបណ្តុះគំនិតដល់ស្ថាប័នឯកជន ដ៏ដូចជាយុវវ័យជំនាន់ចូលរូមការងារបរិស្ថានឲ្យបានកាន់តែច្រើន។ ទស្សនវិស័យវែងឆ្ងាយរបស់វីតាល់ គឹចង់ក្លាយជាក្រុមហ៊ុនគំរូរដ៏ល្អមួយសម្រាប់ប្រទេសខ្មែរ ដែលយកចិត្តទុកដាក់បង្កើតកម្មវិធីសប្បុរសធម៌ល្អៗ ជាច្រើនសណ្ឋាន និងគ្រប់វិស័យ ដើម្បីការអភិវឌ្ឍន៍ប្រទេស និងផ្សព្វផ្សាយវប្បធម៌ចែករំលែកឲ្យទូលំទូលាយទូទាំងប្រទេស។
លោកបន្តថា «សួនរុក្ខជាតិវីតាល់» អាចប្រារព្ធទៅបានយ៉ាងប្រសើរដោយមានការចូលរួមផ្ទាល់ពីសំណាក់លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនវីតាល់ ដែលលោកជំទាវតែងតែអ្នកដឹកនាំ និងបង្ហាញផ្លូវ វីតាល់ ចំពោះកម្មវិធីសប្បុរសធម៌ជាច្រើនរូបភាព ។ ការចូលរួមរបស់ផ្ទាល់របស់លោកជំទាវ គឺការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះអំពើមនុស្សធម៌ ដើម្បីជាគំរូល្អនៃភាពជាអ្នកដឹកនាំ។
លោក ទូច ម៉ន ប្រធានសហគមន៍អេកូទេសចរណ៍ចំបក់ បានមាននិយាយទាំងរីករាយថា លោកពិតជារំភើបនៅពេលដែលឃើញក្រុមហ៊ុនឯកជនខ្មែរយើងកាន់តែច្រើនបានយកចិត្តទុកដាក់ចំពោះការថែទាំបរិស្ថាន លោកក៏ជាអតិថិជនម្នាក់របស់វីតាល់ដែរ ដោយលោកមានមោទនភាពចំពោះផលិតផលខ្មែរដែលសម្រេចបានទាំងគុណភាព និងមូលនិធិចែករំលែកដល់សង្គម។ កម្មវិធីដាំដើមឈើមួយនេះ គឺធ្វើចំពេលល្អដោយសារតែលោកទើបតែកាត់យកដីចម្ការពីប្រជាពលរដ្ឋចូលមកជាដីព្រៃសហគមន៍វិញ ហើយយើងក៏ត្រូវការ ការដាំដើមឈើឡើងវិញ ដើម្បីបំពេញបន្ថែមចន្លោះដីចំការចាស់ក្លាយជាដីព្រៃដែលពោរពេញដោយឈើប្រណីតនៅថ្ងៃអនាគត ។
លោកបញ្ជាក់ថា សហគមន៍អេកូទេសចរណ៍ចំបក់ មានផ្ទៃដីចំនួន១.៣៩១ហិចតា មានចំនួនប្រជាពលរដ្ឋ៥២០គ្រួសារ ហើយក្នុងមួយឆ្នាំ តាមគម្រោងសហគមន៍ត្រូវដាំដើមឈើប្រណីតឱ្យបាន៣០ហិចតា ដូចនេះ មានតែអំពាវនាវដល់បណ្ដាក្រុមហ៊ុនឯកជន និងស្ថាប័ននានា សូមចូលរួមជាមួយសហគមន៍ ក្នុងការអភិរក្ស និងដាំដើមឈើឡើងវិញ ដើម្បីបរិស្ថានរបស់ប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ