រាជធានីភ្នំពេញ ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកក្កដា បានប្រកាសលុបចោលសេចក្តីណែនាំរបស់ក្រសួងព័ត៌មានស្តីពីការតម្រូវឱ្យគ្រប់សារព័ត៌មានត្រូវប្រើប្រាស់គោរមងារសម្តេច ។ នេះបើតាមការឱ្យដឹងតាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺបន្ទាប់ពីក្រសួងព័ត៌មានកាលពីថ្ងៃទី៦ ខែកក្កដា កន្លងមក បានចេញលិខិតព្រមានចុងក្រោយដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ចាងហ្វាងសារព័ត៌មាន និងគេហទំព័រ ដែលមិនទាន់គោរពបានពេញលេញ អំពីការប្រើប្រាស់គោរមងារសម្រាប់ថ្នាក់ដឹកនាំដែលគោរមងារជាសម្ដេច ។
លិខិតដែលចុះហត្ថលេខាដោយ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា «ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលមានព្រះមហាក្សត្រសោយរាជសម្បត្តិ ទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។ ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ដែលរដ្ឋសភាអនុម័ត និងទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្តីស្នើសុំរបស់គណៈរដ្ឋមន្ត្រី» ។
ក្នុងលិខិតដដែល លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ដើម្បីថែរក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ប្រពៃណីដ៏ល្អរបស់ជាតិ ក្រសួងព័ត៌មានតែងតែជ្រើសរើសយកការចេញសេចក្តីណែនាំ អប់រំអ្នកសារព័ត៌មាន អ្នកបំពេញការងារលើវិស័យសារព័ត៌មាន និងសោតទស្សន៍ នៅព្រះរាជាណាចក្រកម្ពុជា ឱ្យចេះប្រើប្រាស់អំណាចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈផង គោរពច្បាប់ផង និងគោរពប្រពៃណីជាតិផង ផ្តល់ព័ត៌មានការកម្សាន្ត ការអប់រំ គ្រប់ប្រភេទដោយសេរី ហើយមិនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិ ជាងប្រើប្រាស់បញ្ញត្តិច្បាប់ ដើម្បីដាក់ទោសចំពោះអំពើប្រព្រឹត្តរបស់និយោជក ឬនិពន្ធនាយក ។
ប៉ុន្តែដោយសារប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានមួយចំនួនតូច នៅតែសម្ដែងនូវភាពគឃ្លើន អនុវត្តផ្ទុយពីការណែនាំរបស់ក្រសួង ព្រមទាំងធ្វើការអធិប្បាយផ្ទុយពីគោលបំណងពិតប្រាកដ មានលក្ខណៈបំពុលបរិយាកាសសង្គម ប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាប្រពៃណី វប្បធម៌ជាតិផងនោះ ក្រសួងព័ត៌មាន សូមធ្វើការព្រមានជាលើកចុងក្រោយ បើអង្គភាពណានៅតែបំពាននោះ ក្រសួងនឹងចាត់វិធានការតាមភារកិច្ច និងសមត្ថកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន ៕
ចែករំលែកព័តមាននេះ