ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ហ្វូ​ន ផ្តល់​អ៊ី​ន​ធើ​រ​ណេ​ត​ឥត​គិតថ្លៃ​ដល់​សាលារៀន​រយៈពេល​៥​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​គ្នា ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ ជា​ពិសេស​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​អ៊ី​ន​ធើ​រ​ណេ​ត​។ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន និង​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​គ្នា ដើម្បី​ជួយ​ដល់​វិស័យ​អប់រំ ជា​ពិសេស​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​អ៊ី​ន​ធើ​រ​ណេ​ត​។ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក Nguyen  Thanh  Nhuong  អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តី​ពី «​កម្មវិធី​អ៊ី​ន​ធើ​រ​ណេ​ត​តាម​សាលារៀន​» កាលពី​រសៀល​ថ្ងៃ​ទី​៥ កក្កដា ២០១៦​។

តាម​រយៈ​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ​នេះ ក្រុមហ៊ុន​នឹង​ផ្តល់​សេវាកម្ម​វិធី​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​ដោយ​មិន​គិត​កម្រៃ​នៅ​តាម​សាលារៀន សាធារណៈ គ្រឹះស្ថាន​បណ្តុះ​បណ្តាល​​គ្រូ សាកលវិទ្យាល័យ​រដ្ឋ​និង​អង្គភាព​រដ្ឋបាល​អប់រំ​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ​នៅ​ទូ​ទាំង​ប្រទេស​។

លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា មាន​ប្រសាសន៍​ថា កម្មវិធី​អ៊ី​ន​ធើ​រ​ណេ​ត​តាម​សាលារៀន នឹង​ផ្តល់​ឱកាស​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា អាច​មាន​លទ្ធភាព​ចែករំលែក​ធនធាន​បង្រៀន និង​ផ្តល់​ការ​សិក្សា​តាម​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​បាន​យ៉ាង​ទូលំទូលាយ​។ សិស្សានុសិស្ស និស្សិត​នឹង​មាន​ជម្រើស និង​មាន​ភាព​បត់បែន​ច្រើន​ជាង​មុន​សម្រាប់​ឱកាស​សិក្សា​រៀនសូត្រ​លើ​បណ្តាញ​ដោយ​មិន​គ្រាន់តែ​រង់ចាំ​ការ​សិក្សា​រៀនសូត្រ​នៅ​តាម​ថ្នាក់​ក្នុង​សាលារៀន​ទៀត​ទេ​។

លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា បច្ចេកវិទ្យា​អ៊ី​ន​ធើ​រ​ណេ​ត​ល្បឿន​លឿន​នឹង​ដើរតួ​នាទី​ដ៏​មាន​សក្តានុពល​មួយ​ផង​ដែរ  សម្រាប់​ការ​អភិវឌ្ឍន៍​ជំនាញ​សមត្ថភាព​សតវត្ស​ទី​២១​។ កម្មវិធី​នេះ នឹង​ជួយ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បាន​គោលដៅ​សង្គម​ប្រកបដោយ​ពុទ្ធិ និង​ការ​អប់រំ​អេ​ឡិច​ត្រូ​និក ដែល​នឹង​រួមចំណែក​កាត់​បន្ថយ​គម្លាត​ឌី​ជី​ថ​ល​របស់​កម្ពុជា​ក្នុង​តំបន់ និង​លើ​ពិភពលោក​។

គំនិត​ផ្តួចផ្តើម​ថ្មី​របស់​មិត្ត​ហ្វូ​ន​ត្រូវ​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​ដែល​បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​ដ៏​មុតមាំ​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អប់រំ ដោយ​បាន​នាំ​យក​នូវ​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ពិភពលោក​មក​កម្ពុជា និង​ផ្តល់​ឱកាស​ដ៏​មហិមា​ដល់​យុវជន​កម្ពុជា​ជំនាន់​ថ្មី  ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​កម្ពុ​ជានា​ពេល​អនាគត សម្រេច​បាន​នូវ​សក្តានុពល​របស់​ខ្លួន​។

កម្មវិធី​នេះ គឺជា​ជំហាន​ចាប់ផ្តើម​នៃ​ការ​ប្រើប្រាស់​ចំណេះដឹង និង​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​ភ្លឺស្វាង​។  សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ជិត​១​លាន​នាក់​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​កម្មវិធី​នេះ​។

លោក Nguyen  Thanh  Nhuong  អគ្គនាយក​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​មាន​ប្រសាសន៍​ថា មិត្ត​ហ្វូ​ន​នឹង​ខិតខំ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ និង​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា ហើយនឹង​ព្យាយាម​ធ្វើ​យ៉ាងណា​ពង្រីក​បណ្តាញ​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​តាម​សាលារៀន​ឱ្យ​បាន​ទូ​ទាំង​ប្រទេស​៕