ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់ទេសចរណ៍អាស៊ាន ​​ពិភាក្សាលើ​យន្តការ​បើក​ទេសចរណ៍តំបន់អាស៊ានឡើងវិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ លោក ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន លើកទី៥៥…

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ លោក ថោង រដ្ឋសក្តិ ប្រធានអង្គប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ាន លើកទី៥៥ និងជាអគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ របស់ក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំ​ដោយផ្ទាល់ និងតាមអនឡាញ នៅក្រុងព្រះសីហនុ ពិនិត្យឯកសារផ្សេងៗ ដើម្បីស្នើសុំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ពិនិត្យ និងអនុម័ត​។

កិច្ចប្រជុំ នៅខេត្តព្រះសីហនុនេះ ចូលរួមពីថ្នាក់ប្រធានស្ថាប័នទេសចរណ៍ជាតិអាស៊ាន ប្រទេសបូកបី រុស្ស៊ី ឥណ្ឌា លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ សមាគមធ្វើដំណើរអាស៊ីប៉ាស៊ីហ្វិក សមាគម​ទេសចរណ៍អាស៊ាន សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន និងក្រុមប្រឹក្សាធុរៈកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលមានសមាសភាពចូលរួមប្រមាណជាង ១៥០នាក់ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។ ពិធីបើកកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដើម្បីគាំទ្រការបើកទទួលស្វាគមន៍ទេសចរអន្តរជាតិ មកទស្សនាកំស្សាន្តតំបន់អាស៊ាន ពិសេសនៅកម្ពុជា​ឡើងវិញ ស្ថាប័នទេសចរណ៍ជាតិអាស៊ាន និងដៃគូបានពិភាក្សា និងឯកភាពគ្នា ដូចតទៅ៖

១. រៀបចំសេចក្តីប្រកាសព័ត៌មានរួមរបស់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលមានបញ្ចូលខ្លឹមសារស្តីពីការប្រកាស​បើកទេសចរណ៍អាស៊ានឡើងវិញ នៅក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ដោយឈរលើមូលដ្ឋានវិធានសុខាភិបាលរបស់​ប្រទេសសមាជិកអាស៊ាននីមួយៗ ព្រមទាំងតម្កល់សុខភាពប្រជាពលរដ្ឋអាស៊ាន និងទេសចរជាអាទិភាព ដោយផ្សារភ្ជាប់នឹងការរៀនរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទកូវីដ-១៩

២. ការរៀបចំគោលការណ៍អាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន ក្នុងគោលដៅផ្តល់ឱកាសដល់ឲ្យអ្នកបម្រើការងារ ក្នុងវិស័យទេសចរណ៍អាស៊ាន ដែលគ្មានសញ្ញាបត្របញ្ជាក់ការសិក្សា ប៉ុន្តែមានបទពិសោធន៍ការងារ និងចំណេះដឹងក្នុងការងារអនុវត្តផ្ទាល់ ក្នុងការទទួលបានសញ្ញាបត្របញ្ជាក់ជំនាញ។

៣. ការអនុវត្តម័តលើគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ និងសហគមន៍ និងឡាប៊ែលអាស៊ានស្តីពីសុវត្ថិភាព និងភាពកក់ក្តៅ (ASEAN Stamp: Warm & Safe) ក្នុងការត្រៀមខ្លួនជាស្រេច ដើម្បីប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញដោយរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន២០២២

៤. ការអនុម័តលើបច្ចុប្បន្នភាពស្តង់ដាស្តីពីសហគមន៍ទេសចរណ៍អាស៊ាន (the 2nd Edition ASEAN Community-Based Tourism Standard) ដែលរៀបចំដោយកម្ពុជាផ្ទាល់

៥. នឹងអនុម័តលើសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបរិវត្តិកម្មនៃទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) (រៀបចំដោយកម្ពុជា) ដើម្បីដាក់ស្នើសុំការអនុម័តនាកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា ដែលជាសមិទ្ធិផលអាទិភាពរបស់កម្ពុជាក្នុងឆ្នាំ ២០២២។

សូមបញ្ជាក់ផងដែរថា ឯកសារខាងលើ នឹងត្រូវដាក់ឆ្លងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដើម្បីសុំការណែនាំ និងតម្រង់ទិស សម្រាប់ការអនុវត្តក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងដៃគូពាក់ព័ន្ធផ្សេងទៀត៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ