ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការអាស៊ានគាំទ្រគំនិតផ្ដើមកម្ពុជា អនុវត្តស្របទៅចំណុចទាំង៥ ដោះស្រាយបញ្ហា មីយ៉ាន់ម៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិកា​អាស៊ាន​បាន​ប្រកាស​គាំទ្រ​ចំពោះ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ជា​ពិសេស​គោលបំណង​របស់​កម្ពុជា ដែល​បាន​អនុវត្តន៍​ស្រប​ទៅ​ចំណុច​ទាំង​៥ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។ ការ​គាំទ្រ​របស់​អគ្គលេខាធិការ​អាស៊ាន​ធ្វើ​ឡើង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិកា​អាស៊ាន​បាន​ប្រកាស​គាំទ្រ​ចំពោះ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ជា​ពិសេស​គោលបំណង​របស់​កម្ពុជា ដែល​បាន​អនុវត្តន៍​ស្រប​ទៅ​ចំណុច​ទាំង​៥ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ។

ការ​គាំទ្រ​របស់​អគ្គលេខាធិការ​អាស៊ាន​ធ្វើ​ឡើង ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៧ មក​រា ឆ្នាំ​២០២២ នៅ​វិមាន​សន្តិភាព ។ នៅ​ក្នុង​ជំនួប​សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​ស្វាគមន៍​ចំពោះ​វត្តមាន ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន និង​អគ្គលេខាធិការ​រង​ដែល​ឯកឧត្តម​នឹង​អញ្ជើញ​ចូលរួម​នៅ​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​ផង និង​មាន​ជំនួប ជាមួយ​សហគមន៍​បី​ផ្សេង​ទៀត​នៃ​អាស៊ាន មាន​សហគមន៍​នយោបាយ​សន្តិសុខ​អាស៊ាន សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សហគមន៍​សង្គម​វប្បធម៌​អាស៊ាន​ផង​ដែរ នៅ​ក្នុង​ប្រទេស​កម្ពុជា ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​ការងារ​សំខាន់​ៗ​ក៏​ដូច​ជា បញ្ហា​ប្រឈម​មួយ​ចំនួន ដែល​អាស៊ាន​កំពុង​តែ​មាន​នា​ពេល​នេះ ។ ការ​ប្រឈម​មួយ​ចំនួន​ទាមទារ​នូវ​ការ​ខិតខំ ដើម្បី​ជំរុញ​ការងារ​ទាំង​អស់នោះ ជា​ពិសេស​ក្នុង​កា​រត​ភ្ជាប់​អាស៊ាន​ដែល​កន្លង​មក​មានការ​រំខាន​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ក្នុង​ឆ្នាំ​២០២០ និង​២០២១ កន្លង​ទៅ​នេះ ។ ក៏​ប៉ុន្តែ​យើង​មើលឃើញ​ជាក់ស្ដែង​ដែល​សមាជិក​អាស៊ាន​នីមួយ​ៗ​មាន​វិធានការ​ដោះស្រាយ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩ នេះ ។

សម្ដេច​តេ​ជោ បាន​បញ្ជាក់​ថា ៖« យើង​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ជំរុញ​រៀបចំ​ក្នុង​ការ​អនុវត្ត​របាំង​ទេសចរណ៍​អាស៊ាន​នេះ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​នេះ​អាច​ជំរុញ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក៏​ដូច​ជា វិស័យ​ធុរកិច្ច​ពាណិជ្ជកម្ម​ផង​ដែរ​» ។

សម្ដេច​តេ​ជោ ក៏​បាន​មាន​ប្រសាសន៍​អំពី​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មានការ​ធូរស្រាល ថ្វី​ត្បិត​តែ​មានការ​ប្រឈម​ពី​មេរោគ​បំប្លែង​ខ្លួន​ថ្មី​អូ​មី​ក្រុង​ក៏​ដោយ តែ​កម្ពុជា​បាន​ខិតខំ​ទប់ស្កាត់​ជា​បន្តបន្ទាប់ ។ នៅ​ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​ចំណុច​សំខាន់​ៗ​ដូច​ជា ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា ជា​ពិសេស​ទាក់ទង​ទៅ​នឹង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​សម្ដេច​ទៅ​មី​យ៉ា​ម៉ា​ក្នុង​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដែល​មាន​គោលបំណង គឺ​ចង់​ជួយ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក​នោះ ។

សម្ដេច​តេ​ជោ ក៏​បាន​ជម្រាប​ជូន​អំពី​គោលបំណង ៣​សំខាន់​ៗ​ទៅ​កាន់​មី​យ៉ា​ន់​ម៉ា ទី​១​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់ , បញ្ឈប់​អំពើ​ហិង្សា ទី​២) ផ្ដល់​ជំនួយ​ដល់​ប្រជាជន​មី​យ៉ា​ម៉ា​ដែល​ត្រូវការ​ចាំបាច់ និង​ទី​៣) បើក​ច្រក​ទ្វារ​នៃ​ការ​ចរចារ​រក​ដំណោះស្រាយ ជា​ពិសេស​សម្រាប់​ការងារ​ប្រេសិត​ពិសេស​អាស៊ាន​នេះ ។

សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​ក្នុង​ការ​ជំរុញ​ការងារ​ទៅ​មុខ​ទៀត ជា​ពិសេស​ក្នុង​ការ​បង្កើន​យន្តការ​ជួយ​ដល់​មី​យ៉ា​ម៉ា ។ យន្តការ​នោះ ត្រូវ​តែ​មាន​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​ប្រធាន​អាស៊ាន​កាលពី​ឆ្នាំ​មុន និង​ប្រធាន​អាស៊ាន​ដែល​នឹង​ចូល​កាន់​ក្រោយ​កម្ពុជា និង​អគ្គលេខាធិការ​អាស៊ាន​ផង​ដែរ ដើម្បី​ធ្វើការ​ជាមួយ​គ្នា​ធ្វើ​យ៉ាងណា ក្នុង​ការ​ជំរុញ​តាមដាន​ស្ថានការណ៍​នៅ​មី​យ៉ា​ន់​ម៉ា ។

ក្នុង​ជំនួប​នេះ សម្ដេច​តេ​ជោ ក៏​បាន​លើក​ឡើង​អំពី​សមុទ្រ​ចិន​ខាងត្បូង ដោយសារ​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​២០ នៃ​DOC ហើយ​ទោះបីជា​ជួប​បញ្ហា​ក៏​ដោយ​ក៏​យើង​មិន​ត្រូវ​ភ្លេច​ពី​ការងារ​នោះ​ទេ ត្រូវ​តែ​បន្ត​ខិតខំ​ជំរុញ​បង្កើន​ល្បឿន​នៃ​ការ​ចរចារ ។ សម្ដេច​តេ​ជោ ក៏​បាន​អរគុណ​ចំពោះ​អគ្គលេខាធិការ​អាស៊ាន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ឲ្យ​មានការ​ប្រារព្ធ​ខួប​លើក​ទី​២០​នៃ​DOC ។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​តេ​ជោ ក៏​បាន​ស្នើ​សុំ​ឲ្យ​អគ្គលេខាធិការ​អាស៊ាន​ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​លើកទឹកចិត្ត​ក្នុង​ការ​ចរចារ​ឲ្យ​បាន​ដំណើរការ​ទៅ​មុខ ។ សម្ដេច​តេ​ជោ ក៏​បាន​មាន​ប្រសាសន៍​ទាក់ទង​ទៅ​នឹង​បញ្ហា​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ដោយ​សម្ដេច​បាន​ស្នើ​ធ្វើ​យ៉ាងណា​ឲ្យ​អគ្គលេខាធិការ​អាស៊ាន ក៏​ដូច​ជា ឥណ្ឌូ​នេ​ស៊ី ជួយ​ជំរុញ​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​អនុវត្ត​អ្វី​ដែល​ជា​ទស្សនទាន​របស់​អាស៊ាន ស្ដី​អំពី​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ជា​ពិសេស​ធ្វើ​យ៉ាងណា​គាំទ្រ​ដល់​ម​ជ្ឈ​ភាព​អាស៊ាន ក៏​ដូច​ជា ទស្សនៈវិស័យ​របស់​អាស៊ាន​ស្ដី​អំពី​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ ។

សម្ដេច​តេ​ជោ​ក៏​បាន មាន​ប្រសាសន៍​លើក​អំពី​សមាជិកភាព​របស់​ទី​ម័​រ​ឡេ​ស្ត ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ថា យើង​បាន​ធ្វើ​ការងារ​នេះ​១១​ឆ្នាំ​ហើយ​ដែល​ប្រទេស​នេះ​បាន​រង់ចាំ​យូរហើយ សម្ដេច​បាន​ស្នើ​ឱ្យ​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន​ជួយ​ជំរុញ​គាំទ្រ​ដល់​ការងារ​នេះ​ឱ្យ​ប្រទេស​ទី​ម័​រ​ឡេ​ស្ត​ចូល​ជា​សមាជិក​អាស៊ាន​នា​ពេល​ខាង​មុខ​នេះ ។

សម្ដេច​តេ​ជោ ក៏​បាន​មាន​ប្រសាសន៍​លើក​អំពី​ផែនការ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​នេះ គឺ​មាន​ផែនការ​រៀបចំ​កិច្ច​សន្ទនា​អាស៊ាន​ពិភពលោក​ដែល​កាលពី​ឆ្នាំ​២០១២ ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើក​ទី​២ គឺ​បាន​រៀបចំ​មួយ​លើក ដូច្នេះ​ឆ្នាំ​នេះ​សូម​ឱ្យ​អគ្គលេខាធិការ​អាស៊ាន​គាំទ្រ​ជួយ​ដល់​ការ​រៀបចំ​កិច្ចប្រជុំ​នេះ​ក្នុង​ការ​អញ្ជើញ​តួអង្គ​សំខាន់​ៗ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ ជា​ពិសេស​ប្រធានបទ​ជុំវិញ​នឹង​ការ​ស្ដា​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ ។

សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គលេខាធិការ​អាស៊ាន នៅ​ព្រឹក ថ្ងៃ​ចន្ទ ១៧ ខែមករា ឆ្នាំ​២០២២ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយនឹង​ការ​ឆ្លើយ​តប ឯកឧត្តម Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​បាន សន្យា​ថា នឹង​ធ្វើការ​ជាមួយ​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ ក៏​ដូច​ជា វិស័យ​ផ្សេង​ទៀត​ដែល​កម្ពុជា​ដឹកនាំ​រួម​ទាំង​បញ្ហា​ដោះស្រាយ​កូ​វី​ដ​-១៩ នេះ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា យើង​នឹង​អនុវត្ត​នូវ​ផែនការ​សកម្មភាព ជា​ពិសេស​ច្រក​ក៏​ដូច​ជា របាំង​នៃ​ការ​ធ្វើ​ដំណើរ​របស់​អាស៊ាន​នេះ ។ នា​ពេល​ខាង​មុខ​នេះ​យើង​គ្រោង​នឹង​មាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​ក្នុង​អាស៊ាន​នេះ ដើម្បី​ធ្វើ​យ៉ាងណា ជំរុញ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​អាស៊ាន​ដែល​នឹង​ត្រូវ​ធ្វើការ​ជាមួយ​សមាជិក​អាស៊ាន​ផ្សេង​ៗ​ទៀត ។ ទាក់ទង​ទៅ​នឹង​ខួប DOC ឯកឧត្តម​នឹង​ខិតខំ​ជំរុញ​ការងារ​នេះ ជា​ពិសេស​អាច​ផ្ដល់​កន្លែង​ទីតាំង​អគ្គលេខាធិការ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ទាំងឡាយ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​វឌ្ឍនភាព​នៃ​ការ​ចរចា​ទៅ​លើ COC ។

ទាក់ទង​ទៅ​នឹង​ទស្សនៈទាន​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ឯកឧត្តម​នឹង​ធ្វើ​ការងារ​នេះ​ជាមួយ​ប្រធាន​អាស៊ាន និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​មានគំនិត​ផ្ដួចផ្ដើម​ធ្វើ​យ៉ាងណា ដើម្បី​ដាក់​ចេញ​ផែនការ​សកម្មភាព ហើយ​ឲ្យ​អាស៊ាន​ដើរតួ​ឈានមុខ​នៅ​លើ​ការងារ​នេះ ។

ទាក់ទង​ទៅ​នឹង​គំនិត​ផ្ដួចផ្ដើម​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​ធំ​នៅ​មុន​កិច្ចប្រជុំ​អាស៊ាន ដែល​ហៅ​ថា កិច្ច​សន្ទនា​ពិភពលោក​នេះ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា នេះ​ជា​គំនិតល្អ ហើយ​ឯកឧត្តម​សន្យា​ថា នឹង​បន្ត​ធ្វើកា រងារ​ជាមួយនឹង​អាស៊ាន ក៏​ដូច​ជា វិស័យ​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការងារ​នៃ​កិច្ចប្រជុំ​នោះ​ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​ស្ថានភាព​នៅ​មី​យ៉ា​ន់​ម៉ា ឯកឧត្តម​ក៏​បាន​គាំទ្រ​នូវ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ជា​ពិសេស​គោលបំណង​របស់​កម្ពុជា ដែល​បាន​អនុវត្តន៍​ស្រប​ទៅ​ចំណុច​ទាំង​៥​នោះ ។ ចំពោះ​សមាជិកភាព​របស់​ប្រទេស​ទី​ម័​រ​ឡេ​ស្ត អគ្គលេខាធិការ​អាស៊ាន​នឹង​បន្ត​ផ្ដល់​ការ​គាំទ្រ​ជា​ពិសេស​ផ្ដល់​ការ​បណ្ដុះបណ្ដាល​សមាសភាព​ដល់​មន្ត្រី​នៃ​ប្រទេស​ទី​ម័​រ​ឡេ​ស្ត​នេះ ។ ហើយ​អ្វី​ដែល​ឯកឧត្តម​ចង់​ឃើញ​គឺ​វឌ្ឍនភាព​នៃ​ការ​ត្រៀម​ចូល​ជា​សមាជិក​ថ្មី​របស់ ទី​ម័​រ​ឡេ​ស្ត​ក្នុង​សមាជិក​អាស៊ាន​នេះ ។

ចុងបញ្ចប់​សម្ដេច​តេ​ជោ​ក៏​បាន​ជម្រាប​ជូន​ឯកឧត្តម​អគ្គលេខាធិការ​អាស៊ាន ជំរុញ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​ដើម្បី​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​មី​យ៉ា​ន់​ម៉ា ដែល​កន្លង​មក​ប្រទេស​ជប៉ុន​ក៏​បាន​គាំទ្រ​ចំពោះ​គំនិត​បង្កើត​កិច្ចប្រជុំ​ដើម្បី​សកម្មភាព​មនុស្សធម៌​ជួយ​ដល់​ប្រទេស​មី​យ៉ា​ន់​ម៉ា​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ