ខេត្តកំពង់ស្ពឺ ៖ រថយន្តដែលឈ្មួញកែច្នៃសម្រាប់ដឹកឈើមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថា ឈើទាំងនោះតាមប្រភពគឺឈ្មួញបានដឹកចេញមកពីស្រុកឱរ៉ាល់ដោយឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើជាច្រើនកន្លែង ទើបមកដល់ផ្លូវជាតិលេខ4 ឆ្ពោះទៅទីក្រុងភ្នំពេញនេះ ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ទំនងបានចុះធ្វើការវាស់វែង និងអូសឈើប្រគល់ទៅឲ្យនគរបាលសេដ្ឋកិច្ចខេត្តធ្វើការបន្តតាមនីតិវិធី ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅចំណុចគីឡូម៉ែត្រលេខ៤១-៤២ ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេខេត្តកំពង់ស្ពឺនាថៃ្ងទី០៥ មករា ២០២២ ,វេលាម៉ោង ២២.៣០នាទី ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកហាយឡែនឌ័រមួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត ដោយបានបើកដេញគ្នាជាមួយនឹងរថយន្តកែច្នៃដឹកឈើមួយគ្រឿងទៀត ។ ហើយខណៈពេលនោះ គេបានឃើញថា មានការបើកកៀរនិងប្រដេញគ្នាផងដែរ ក្រោយមកក៏មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង បណ្ដាលឱ្យឈើធ្លាក់រាយប៉ាយពេញផ្លូវតែម្ដង ។

ប្រភពដដែលបន្តថា រថយន្តដែលបើកប្រដេញនោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋសង្ស័យថា អាចជារថយន្តរបស់ក្រុមអ្នកព័ត៌មានអនឡាញ ដែលតែងតែធ្វើសកម្មភាពបើកប្រដេញកាក់រថយន្តដឹកឈើដែលពួកគេអាចសង្ឃឹមថា នឹងកៀបស៊ីលុយបាន ។ ប្រភពដដែលបន្តទៀតថា ក្រោយពេលកើតហេតុ រវាងរថយន្ដហាយឡេនឌ័រ និងរថយន្ដដឹកឈើរួចមក ស្រាប់តែមានរថយន្តកុងតឺន័រធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច បានមកបុករថយន្តហ្វតមួយគ្រឿង ដែលកំពុងវាក់អើនឹងដុំឈើជ្រុះរាយប៉ាយលើផ្លូវ ធ្វើឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្រោយមករថយន្តហ្វតក៏បានជ្រុលទៅបុករថយន្តឡិចស៊ីសមួយគ្រឿងបន្តទៀតដែលនៅពីខាងមុខតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងប្រមូលដុំឈើទៅដាក់ម្ខាងនៃផ្លូវ ហើយក៏ប្រគល់ឲ្យនគរបាលសេដ្ឋកិច្ចខេត្ត ចាត់ការបន្តតាមនីតិវិធី ព្រោះថាគឺជាបទល្មើសតិច ចំណែករថយន្តដែលមានគ្រោះថ្នាក់ ក៏ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីសុំគោលការណ៍ពីថ្នាក់លើដោះស្រាយបន្ត ។

យោងតាមប្រភពពីមន្ត្រីនគរបាលខេត្តបានបញ្ជាក់ប្រាប់ថា ឈើនិងរថយន្តដែលមានគ្រោះថ្នាក់នេះ គឺជារបស់ឈ្មួញឈើម្នាក់ឈ្មោះភារម្យ ដែលដឹកមកពីស្រុកឱរ៉ាល់ ក្នុងគោលដៅដឹកទៅក្រុងភ្នំពេញ។ និយាយរួម ទម្រាំតែដឹកចេញពីស្រុកឱរ៉ាល់រួច គឺត្រូវឆ្លងកាត់ស្នាក់ការបរិស្ថានផ្នែករដ្ឋបាលព្រៃឈើឱរ៉ាល់ សង្កាត់រដ្ឋបាលព្រៃឈើសង្កែទប សង្កាត់រដ្ឋបាលព្រៃឈើសំរោងទង ផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ និងជំនាញជាច្រើនទៀតដែលប្រចាំការនៅតាមដងផ្លូវទាំងនោះ ។ ដូច្នេះ ធ្វើឱ្យគេឆ្ងល់ថា ហេតុអ្វីបានជាឈើដែលដឹកចេញពីស្រុកឱរ៉ាល់មកបានយ៉ាងរលូនបែបនេះ? នេះបើកុំតែជួបគ្រោះថ្នាក់ចរាចរណ៍ ម៉្លេះឈើទាំងនេះនឹងទៅដល់ក្រុងភ្នំពេញបាត់ទៅហើយ។

មន្ត្រីដដែលបានបញ្ជាក់បន្ថែមទៀតថា ឈ្មួញឈើម្នាក់នេះ គឺមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើគ្រប់ស្ថាប័នទាំងអស់ គឺតាមរយៈការឧបត្ថម្ភប្រាក់ប្រចាំខែទៅកាន់មន្ត្រីដែលប្រចាំការនៅតាមស្នាក់ការរដ្ឋបាលព្រៃឈើនីមួយៗ ទើបអាចចរាចរណ៍ឈរបានដោយគ្មានឧបសគ្គរារាំង ។

ដោយឡែក មន្ត្រីនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តមួយរូបក៏បានបញ្ជាក់ផងដែរថា ឈើទាំងនេះច្បាស់ណាស់ គឺជារបស់មួយម្នាក់ខាងលើពិតប្រាកដមែន ។ ខណៈពេលនេះ ជំនាញកំពុងតែកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ហើយចំពោះវត្ថុតាងទាំងអស់ដែលសមត្ថកិច្ចបានប្រមូលយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តអស់ហើយ ចំណែកឯរឿងគ្រោះថ្នាក់ចរាចរណ៍ទុកឲ្យជំនាញចរាចរណ៍ជាអ្នកដោះស្រាយទៅចុះ៕




ចែករំលែកព័តមាននេះ